ក្រសួង​ណែនាំ​ដល់​សាលា​​នៅ​​ខេត្ត​ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​៣វិច្ឆិកា​ ពង្រឹង​វិធានការ​​ទប់​ស្កាត់​​កូវីដ​១៩​

សិស្សានុសិស្ស​នៅ​វិទ្យាល័យ​មួយ ធ្វើការ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ស្របតាម​វិធានការ​ការពារ​កូ​វីដ១៩របស់ក្រ​សួង​សុខាភិបាល។ (​ហ្វេសប៊ុក៖ MoEYS Cambodia​)

ក្រសួងអប់រំ យុវជន និងកីឡា ណែនាំដល់គ្រឹះស្ថានសិក្សាក្នុងខេត្ត​ដែលមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃ០៣វិច្ឆិកា ពង្រឹង​វិធានការ​ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ​១៩។

សេចក្តីជូនដំណឹងរបស់​​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា លោ​ក ហង់ជួន ណារ៉ុន នៅថ្ងៃអង្គារនេះ បាន​លើកឡើងថា ដើម្បីចៀសវាង​ការ​ឆ្លងជំងឺកូវីដ​១៩ ចូលក្នុងសាលារៀននិងរីករាល​ដាល​ក្នុងសហគមន៍ ក្រោយ​ព្រឹត្តិការណ៍៣វិច្ឆិកា ក្រសួងស្នើដល់គណៈគ្រប់គ្រង​សាលា ត្រូវរាយការណ៍ជាបន្ទាន់​ទៅអាជ្ញាធរ​​ខេត្ត អំពីវត្ត​មាន​នៃការ​ជួប​ប្រាស្រ័យទាក់ទងដោយ​ផ្ទាល់ឬដោយ​ប្រយោល​របស់​បុគ្គលិក​អប់រំ ឬសិស្សានុសិស្សជាមួយបុគ្គលិក​ដែលបាន​ប៉ះពាល់​ក្នុងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា។

ក្រសួងបន្តថា​ គណៈគ្រប់គ្រងសាលា​ត្រូវបូកសរុបរបាយការណ៍ ស្តីពី ចំនួន​បុគ្គលិកអប់រំឬសិស្សដែលសង្ស័យ​ថា បានចូលរួមប្រជុំឬប្រាស្រ័យទាក់ទង និងត្រូវស្នើសុំយោបល់​ពីអាជ្ញាធរ​ខេត្ត និងវាយតម្លៃលទ្ធភាពផ្អាកការសិក្សា​១៤ថ្ងៃ។

ក្រៅពីនោះ ក្រសួងបានណែនាំដល់បុគ្គលិកអប់រំ ដែលមាន​​ការប៉ះពាល់​ដោ​យផ្ទាល់​ឬដោយ​ប្រយោល ត្រូវរាយការណ៍ជាបន្ទាន់​ទៅអាជ្ញាធរ​​អប់រំតាមលំដាប់ថ្នាក់ និងអនុវត្ត​វិធានការចត្តាឡីស័កឱ្យ​បានត្រឹមត្រូវ​បំផុត។

បើតាមអ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា គិត​ត្រឹម​យប់​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបាន​រកឃើញគ្រឹះស្ថានសិក្សាឯកជន និងទីតាំង​​អង្គភាពផ្សេងទៀត ចំនួន​១២ ដែល​ជាប់​ពាក់​ព័ន្ធ​អ្នក​ប៉ះ​ពាល់​ក្នុង​ព្រឹត្តិ​ការណ៍ ០៣ វិច្ឆិកា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ