អាជ្ញាធរ​​ខេត្ត​​ព្រះ​សីហនុ​​ផ្អាក​​សាលារៀន​​មួយ​​ចំនួន​​​ក្រោយ​​ពាក់​​ព័ន្ធ​​មន្ត្រី​​ស្ថិត​​ក្នុង​​រយៈ​​ពេល​​ធ្វើ​​ចត្តា​ឡីស័ក​

មន្ត្រីចុះពិនិត្យមើលបរិវេណសាលារៀនមួយកន្លែងនៅខេត្តព្រះសីហនុ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

មន្ត្រីខេត្តព្រះសីហនុ បានឱ្យដឹងថា អាជ្ញាធរខេត្ត​នេះបាន​សម្រេចផ្អាកដំណើរការ​រយៈ​ពេល​ពីរ​សប្ដាហ៍​នូវ​សាលារៀនមួយចំនួននៅឃុំចំនួន៤ ស្ថិត​ក្នុងស្រុកព្រៃនប់ ដោយ​បារម្ភ​ខ្លាច​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា។

ករណីអាជ្ញាធរខេត្តព្រះសីហនុសម្រេចបិទសាលារៀនមួយចំនួននៅស្រុកព្រៃនប់បណ្តោះអាសន្ននេះ គឺធ្វើឡើង​ក្រោយពេល​អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក ដួង តារា ដែលកំពុងស្ថិតក្នុងភារកិច្ចធ្វើចត្ថាឡឺស័កដោយសារបានចូលរួមជំនួបជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រីកាលពីថ្ងៃទី៣ ខែ​វិច្ឆិកា ហើយបានទៅជួបជាមួយប្រជាពលរដ្ឋនៅឃុំចំនួន៤ ក្នុងស្រុកព្រៃនប់កាលពីថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ។

អ្នកនាំពាក្យរដ្ឋបាល​ខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា អាជ្ញាធរខេត្តព្រះសីហនុសម្រេចឱ្យសាលារៀនមួយចំនួនផ្អាកដំណើរការ​បង្រៀននិង​រៀន​បណ្តោះអាសន្ននេះ គឺដើម្បីការពារខ្លាចមានការឆ្លងជំងឺកូវីដ១៩ ដល់ទៅសហគមន៍ ដោយសារពេលដែលលោក ដួង តារា ចុះទៅខេត្តព្រះសីហនុនោះ គឺលោកមិនទាន់បានធ្វើចត្តាឡីស័ក​ចប់នៅឡើយ។

អ្នកនាំពាក្យរូបនេះបន្តថា តាមរបាយការណ៍បឋម គឺអាជ្ញាធរខេត្តបានរកឃើញមនុស្ស៧០នាក់ បានជួបប្រាស្រ័យទាក់ទងដោយផ្ទាល់និងប្រយោលជាមួយលោក ដួង តារា ក្នុងនោះមាន​១៣នាក់ជួបផ្ទាល់ និង៥៧នាក់ជួបដោយប្រយោល។ លោកថា មនុស្ស៧០នាក់ដែលជួបជាមួយលោក ដួង តារា មានទាំងចាស់និងក្មេង ហើយកំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយកន្លែងនៅក្នុងក្រុងព្រះសីហនុ។

លោក ឃាង ភារម្យ បន្តថា ពេលនេះ អាជ្ញាធរបានយក​សំណាកពលរដ្ឋ៥៥នាក់ទៅពិនិត្យ​ហើយ និងឱ្យសាលាមួយចំនួន​នៅឃុំរាម ឃុំព្រៃនប់ ឃុំអូរឧកញ៉ាហេង និងទួលទទឹង ផ្អាកការបង្រៀនរយៈពេល១៤ថ្ងៃ ដោយបារម្ភខ្លាចមានការឆ្លងដល់សិស្ស។

លោក ឃាង ភារម្យ ប្រាប់ថា៖ «ខ្ញុំសុំបញ្ជាក់ថា ឯកឧត្តម ដួង តារា មិនមែនជាអ្នកជំងឺកូវីដទេ មានន័យថា លោកបានធ្វើតេស្តអវិជ្ជមានចំនួនពីរដង ហើយអវិជ្ជមាន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ដើម្បីយើងធានាបាននូវសុវត្ថិភាព គឺយើងត្រូវតែធ្វើចត្តាឡីស័កទៅលើអ្នកដែលមានការពាក់ព័ន្ធហ្នឹង។ នេះខ្ញុំសូមបញ្ជាក់អញ្ចឹង កុំឱ្យនាំគ្នាឆោឡោចលាចល»

លោក ឃាង ភារម្យ បន្ថែមទៀតថា អាជ្ញាធរកំពុងស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតមកធ្វើចត្តាឡីស័កឬ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្រសួងសុខាភិបាលឱ្យ​ដឹង​ថា អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ៣វិច្ឆិកា​ សរុប​ជិត១ ២០០នាក់ ក្នុង​នោះមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ចំនួន៤នាក់ និង​អវិជ្ជមាន​ចំនួន១ ១៤០នាក់ ខណៈ​វត្ថុ​សំណាក​ចំនួន​២៣នាក់​ទៀត នឹង​ត្រូវ​បន្ត​វិភាគ​នៅ​ថ្ងៃនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ