វិភាគ​៖​ វៀតណាម​​សម្ងំ​​ពង្រីក​​ខ្លួន​​ទាំង​​សេដ្ឋ​កិច្ច​​និង​​យោធា​

(ស្ដាំ) ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប លោកស្រី Cecilia Malmstrom និង(កណ្ដាល) នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប – វៀតណាម នៅការិយាល័យរដ្ឋាភិបាលទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ (REUTERS/Kham)

​មេដឹកនាំ​វៀតណាម​បន្ត​រក្សា​ភាព​ស្ងប់ស្ងាត់​ដោយ​មិនបាន​ប្រើ​វោហា​រសាស្ត្រ​វាយប្រហារ​ប្រទេស​ឬក្រុម​ណាមួយ​ទេ ដោយ​ប្រើ​ពេល​ស្ងប់ស្ងាត់​នេះ​ពង្រឹង​ខ្លួន​ទាំង​ផ្នែក​សេដ្ឋកិច្ចនិងផ្នែក​កងទ័ព។

វៀតណាម​ជា​ប្រទេស​កាន់​របប​កុម្មុយនីស្ត ប៉ុន្តែ​មេដឹកនាំ​នៃ​ប្រទេស​នេះ​រក្សា​ភាព​ទន់ភ្លន់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ទាំង​ជាមួយ​ប្រទេស​កុម្មុយនីស្តនិង​ប្រទេស​កាន់​របប​សេរី សូម្បីតែ​អតីត​សត្រូវ​ដូចជា​សហរដ្ឋអាមេរិក និងសត្រូវ​បច្ចុប្បន្ន​ដូចជាចិន​ជាដើម​នោះ ក៏​មេ​ដឹកនាំ​វៀតណាម​នៅតែ​ញញឹម ចាប់​រលាក់ដៃ ឬឱប​គ្នា ដូច​មិន​មាន​អ្វី​កើតឡើង​សោះ។

កម្រ​ឃើញ​ប្រធានាធិបតី​ឬនាយក​រដ្ឋមន្ត្រី​វៀតណាម ប្រតិកម្ម​ដំឡើង​សំឡេង​វាយប្រហារ​ប្រទេសឬក្រុម​ណាមួយ ​ហើយ​អួតអាង​ដំឡើង​ខ្លួនឯង​នោះ​ទេ។ ក្នុង​ស្ថានភាព​នេះ ​វៀតណាម​ពង្រីក​សេដ្ឋកិច្ច​ដោយ​បើកចំហនិងពង្រឹង​កម្លាំងទ័ព​ដោយ​រក្សា​ភាព​ស្ងប់ស្ងាត់។

រដ្ឋាភិបាល​វៀតណាម​បាន​បង្ហាញ​ក្តី​សង្ឃឹមថា ចាប់ពី​ដើមខែ​សីហា ​ឆ្នាំ២០២០ ជា​ពេល​ដែល​ចាប់ផ្តើម​អនុវត្ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មិន​ជាប់ពន្ធ​ជាមួយ​អឺរ៉ុប នឹង​ទទួល​បានការ​វិនិយោគ​កើនឡើង ជួយ​ទាំង​សេដ្ឋកិច្ច​ជាតិ​និង​បង្កើត​ការងារ​ឱ្យ​ពលរដ្ឋ។

នៅក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម​និង​សហភាព​អឺរ៉ុប (EVFTA​) ដែលកាត់​បន្ថយពន្ធ​នៃ​ការ​នាំ​ទំនិញ​ឆ្លងដែន​ភាគី​ទាំងពីរ​បាន​រហូតដល់៩៩ភាគរយ​នោះ គឺ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។ កិច្ច​ព្រមព្រៀង​នេះ​មាន​សុពលភាព​អនុវត្ត​បាន​រយៈពេល១០ឆ្នាំ។

ប្រភេទ​ទំនិញ​ដែល​វៀតណាម​ចាប់ផ្តើម​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប ​រួមមាន ទូរសព្ទ​ដៃ គ្រឿង​អេ​ឡិច​ត្រូ​និច សម្លៀកបំពាក់ ទ្រនាប់ជើង និង​ផលិតផល​កសិកម្ម។ ផលិតផល​កសិកម្ម​ផ្តោត​ពិសេស​លើ​អង្ករ គ្រឿង​សមុទ្រ និង​កាហ្វេ។

វៀតណាម​សង្ឃឹម​ទទួល​បាន​អ្នក​វិនិយោគ​កើនឡើង​ចាប់ពី​ខែសីហា​

វៀតណាម​បាន​ក្លាយជា​ប្រទេស​ដែល​មាន​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាង​នៅ​តំបន់​អាស៊ាន​នៅ​ឆ្នាំ២០២០ ហើយ​ក្លាយជា​ប្រទេស​មាន​អត្រាកំណើន​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ី​នៅ​ឆ្នាំ២០២១។

ធនាគារ​សាជីវកម្ម​ហុងកុង​-សៀងហៃ (HSBC​) បាន​ចេញ​របាយ​កា​រណ៍​ថ្មី​ៗនេះ បង្ហាញថា បើ​ទោះជា​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដែល​ប្រឈម​ដោយសារ​មេរោគ​កូ​វីដ១៩ តែ​នៅ​ពាក់កណ្តាល​ឆ្នាំ២០២០នេះ សេដ្ឋកិច្ច​វៀតណាម​នៅតែ​រក្សា​អត្រាកំណើន​បាន​ចំនួន១,៨ភាគរយ។ បើ​គិត​លទ្ធផល​ជា​រួម​ នៅ​ឆ្នាំ២០២០ វៀតណាម​នឹង​មាន​អត្រាកំណើនសេដ្ឋកិច្ច​ដល់២,៦ភាគរយ ដែល​ចំនួន​នេះ​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ាន។

របាយការណ៍​ដដែល​បញ្ជាក់​ថា នៅ​ឆ្នាំ២០២១ វៀតណាម​នឹង​ទទួល​បាន​អត្រាកំណើន​សេដ្ឋកិច្ច ចំនួន៨,១ភាគរយ ដែល​ចំនួន​នេះ​ខ្ពស់​ជាងគេ​បើ​ប្រៀបធៀប​ជាមួយ​អត្រាកំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ផ្សេង​ៗទៀត​នៅ​តំបន់​អាស៊ី។

រដ្ឋាភិបាល​របស់​ប្រទេស​វៀតណាម​ក៏បាន​ខិតខំ​ក្នុង​ការទប់ស្កាត់​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ដើម្បី​ជា​ចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការចូលរួម​ធ្វើ​ឱ្យ​ប្រទេស​នេះ​មាន​កំណើន​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង។

ធនាគារ HSBC បាន​បន្ថែម​ថា ដោយមាន​ភាព​ជោគជ័យ​ក្នុង​ការទប់ស្កាត់​បាន​នូវជំងឺ​កូ​វីដ១៩ ប្រទេស​វៀតណាម​ត្រូវ​បាន​ចាត់ទុកថា ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំងអស់ ដែល​មាន​សក្ដានុពល​នៃ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាងគេ​នៅក្នុង​ឆ្នាំ២០២០។

វៀតណាម​មាន​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាងគេ​នៅ​អាស៊ី​ក្នុង​ឆ្នាំ២០២១

​អ្នកវិភាគ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ Perth USAsia Centre លោក Kyle Springer លើកឡើង​ថា វៀតណាម​នឹង​ក្លាយជា​ដៃគូ​សំខាន់​បំផុត​របស់​អូស្ត្រាលី​ក្នុង​ការពង្រីក​ពាណិជ្ជកម្ម​ផ្គត់ផ្គង់​តម្រូវ​ការនៅ​លើ​ពិភពលោក ​ក្រោយ​ការ​ឆ្លង​រាល​ដាល​មេរោគ​កូ​វីដ១៩បានបញ្ចប់។

ការ​អះអាង​របស់​លោក Kyle Springer ដែល​បង្ហាញ​ពី​សក្តា​នុ​ពល​របស់​វៀតណាម​ក្លាយជា​ដៃគូ​សំខាន់​របស់​អូស្ត្រាលី និង​ក្លាយជា​គោលដៅ​វិនិយោគ​របស់​ប្រទេស​ផ្សេង​ៗទៀត​នោះ​ ដោយ​ផ្អែកលើ​ហេតុផល​ចំនួន៤ រួមមាន វៀតណាម​មានតម្លៃ​ពលកម្ម​ទាប មាន​មនុស្ស​ពេញកម្លាំង​ពលកម្ម​ច្រើន ការ​អប់រំ​ត្រូវ​កម្រិត​ស្តង់ដារ​អន្តរជាតិ និងចំណុច​ចុងក្រោយ ​រដ្ឋាភិបាល​មាន​គោលនយោបាយ​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ។ 

ក្នុងចំណោម​ពលរដ្ឋ​វៀតណាម​ជិត១០០លាន​នាក់ មាន​ប្រមាណ៥៥លាន​នាក់ ជា​ក្រុម​មនុស្ស​ពេញកម្លាំង ​ហើយ​សកម្ម​ក្នុង​ការ​បំពេញការងារ។

បើ​ពិនិត្យ​លើ​ការ​ចំណាយ​ផ្នែក​កងទ័ព​ វៀតណាម​ចាប់ផ្តើម​បង្កើន​ការ​ចំណាយ​ខ្ពស់​ គឺ​ចាប់ពី​ឆ្នាំ២០២០ដល់២០២៤ វៀតណាម​បង្កើន​ការ​ចំណាយ​ប្រចាំឆ្នាំ​របស់​ខ្លួន​រហូតដល់​ជិត១០ភាគរយ។

តាម​របាយការណ៍​របស់ researchandmarkets គម្រោងថវិកា​ចំណាយ​ប្រចាំឆ្នាំ​លើ​វិស័យ​ការពារ​ជាតិ​របស់​វៀតណាម ​សម្រាប់​ចន្លោះ​ឆ្នាំ២០២០ ដល់២០២៤ កើនឡើង​ដល់៩,៤៣ភាគរយ ស្មើនឹង៧,៩ប៊ី​លាន​ដុល្លារ ​នៅ​ឆ្នាំ២០២៤។

តាម​ការស្រាវជ្រាវ​របស់​ស្ថាប័ន​ដដែល​នេះ​បញ្ជាក់​ថា នៅ​ឆ្នាំ២០២០ វៀតណាម​ចំណាយ​ថវិកា​លើ​វិស័យ​ការពារ​ជាតិ​ ចំនួន៥,៥ប៊ី​លាន​ដុល្លារ ហើយ​ការ​ចំណាយ​នេះ​កើនឡើង​រហូត​នៅ​ឆ្នាំ២០២១, ២០២២​, ២០២៣ ហើយ​ឆ្នាំ២០២៤ ការ​ចំណាយ​កើនឡើង​ដល់៧,៩ប៊ី​លាន​ដុល្លារ។

ថវិកា​ចំណាយ​ទាំងនេះ វៀតណាម​យក​ទៅ​ប្រើប្រាស់​ដើម្បី​បង្កើន​មធ្យោបាយ​ដឹកជញ្ជូន​ផ្លូវគោក នាវាចម្បាំង នាវា​យាមល្បាត យន្តហោះ​យាមល្បាត​ដែនទឹក និងឧបករណ៍​ឃ្លាំមើល​ឬស៊ើបការណ៍។

បើ​យើង​ពិនិត្យមើល​លើ​ការ​ចំណាយ​របស់​វៀតណាម​លើ​កងទ័ព៤ឆ្នាំមុន ​គឺ​ពីឆ្នាំ២០១៥ ដល់២០១៩ ការ​ចំណាយ​កើនឡើង​តែ៧,៣៤ភាគរយ​ប៉ុណ្ណោះ។ វៀតណាម​បង្កើន​ការ​ចំណាយ​លើ​កងទ័ព​នេះ ស្រប​ពេល​ដែល​ចិន​ក៏​កំពុង​បង្កើន​ការ​ចំណាយ​លើ​ផ្នែក​កងទ័ព ហើយ​ចិន​ក៏បាន​ធ្វើ​សមយុទ្ធ​បន្តបន្ទាប់​ដែរ​ ពិសេស​ការ​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ជា​កន្លែង​ដែល​ចិន​កំពុង​មាន​ជម្លោះ​ជាមួយ​វៀតណាមនិង​ប្រទេស​ផ្សេង​ៗទៀត។

វៀតណាម​ក្រៅពី​មិន​សប្បាយចិត្ត​ជាមួយ​ចិន​ក្នុងករណី​ដែល​ចិន​ដណ្តើម​គ្រប់គ្រង​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ភោគទ្រព្យ​មហាសាល​នោះ វៀតណាម​ក៏​មិន​សប្បាយចិត្ត​ករណី​ដែល​ចិន​បាន​ប្រើប្រាស់​ឥទ្ធិពល​សេដ្ឋកិច្ច​អូសទាញ​កម្ពុជានិង​ឡាវដែល​ជា​ប្រទេស​ស្និទ្ធស្នាល​របស់​ខ្លួន​ផង​ដែរ។

តាម​អត្ថបទ​វិភាគ​របស់ The Diplomat លើកឡើង​ថា ការ​ឈ្នះ​សង្គ្រាម​វៀតណាម​នៅ​ឆ្នាំ១៩៧៥ គឺ​វៀតណាម​ឈ្នះ​សហរដ្ឋអាមេរិក​នោះ ដោយសារតែ​វៀតណាម​ប្រើ​យុទ្ធសាស្ត្រ​ពិសេស ​ទាញ​ការ​គាំទ្រ​ពី​ប្រទេសជិតខាង​គឺ​កម្ពុជានិងឡាវ ប៉ុន្តែ​ថា ពេលនេះ​គឺ​មិត្ត​ទាំង២របស់​វៀតណាម​នេះ​ហាក់រំកិល​ខ្លួន​កាន់តែ​ស្និទ្ធ​ជាមួយ​ចិន​ដោយសារ​ហេតុផល​សេដ្ឋកិច្ច​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ