មន្ត្រី​រដ្ឋា​ភិបាល​ព្រមាន​ចាត់​វិធាន​ការ​លើ​អ្នក​ផ្ញើ​សារ​ជា​សំឡេង​ថា​មាន​ការ​បិទ​ទី​ក្រុង​

នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ នៅថ្ងៃនេះ បញ្ជាក់ថា នឹងមិន​មានការបិទប្រទេស ឬរាជ​ធានី-ខេត្ត ឬ​តំបន់​ណាមួយ ដូចពាក្យចចាម​អារ៉ាម​ដែលបាន​ផ្សព្វផ្សាយតាមបណ្តាញសង្គម​នោះទេ ខណៈមន្ត្រីរដ្ឋាភិបាលថា នឹង​ចាត់វិធានការផ្លូវច្បាប់​ចំពោះអ្នកដែលផ្សព្វផ្សាយព័ត៌មាន​មិនពិត ដែល​​បង្កឱ្យមាន​ចលាចលសង្គមនេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងក្នុងទំព័រហ្វេស​ប៊ុក​របស់​លោក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា មានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារ៉ាមថា រាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយទៀត។

លោក​បានគូសបញ្ជាក់ថា៖ «​​ការឃោសនា​អកុសលរបស់​​ពួក​អាក្រក់​ទាំង​នេះ សំដៅ​ធ្វើឱ្យ​ប្រទេស​មាន​ចលា​ចល ទំនិញ​ឡើង​ថ្លៃ ប្រជាជ​ន​​រស់​នៅ​មិន​​បាន​​ស្ងប់ចិត្ត ដើម្បី​ពួក​គេ​កេង​ចំណេញ​ខាង​នយោ​បាយ​តែ​ប៉ុណ្ណោះ»។

លោកនាយករដ្ឋមន្ត្រី បាន​បន្ថែម​ថា ការប្រយុទ្ធជាមួយជំងឺកូវីដ​១៩​នៅពេលនេះ គឺត្រូវការពារខ្លួនតា​មការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ពាក់ម៉ាស់ លាងដៃ មិនប្រមូលផ្តុំ និងការរក្សាគ​ម្លា​តសុវត្ថិភាព ជាដើម។

ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើងក្រោយពីមានសារជាសំឡេងដែលត្រូវបានគេចែកចាយតាម​​​បណ្តាញសង្គមហ្វេស​ប៊ុកថា៖

«លិខិតចេញពីគណៈរដ្ឋមន្រ្តីចូលទៅរាជវាំង សុំហត្ថលេខាពីសម្តេច សីហមុនី ដើម្បីបិទក្រុង។»

សារជាសំឡេងដែលជាព័ត៌មាន​មិនពិតនេះ ត្រូវបាន​គេចែកចាយតាមបណ្តាញសង្គម ស្រប​ពេល​ដែល​ក្រសួងសុខាភិបាលរកឃើញមន្ត្រី៤នាក់បានឆ្លងកូវីដ១៩ និងមាន​មនុស្សជិត​២ ៥០០នាក់ទៀតគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កំពុងស្ថិត​ក្នុងការ​​តាមដានសុខភាព ក្រោយប៉ះពាល់ផ្ទាល់និងប្រយោលជាមួយរដ្ឋមន្ត្រីក្រសួងការបរទេ​សហុ​​ង​គ្រី ដែលមកទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា។

ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់ VOD ថា រដ្ឋាភិបាលនិងអង្គភាពប្រឆាំងព័​​ត៌​មានក្លែងក្លាយ បានជួយគ្នារួចហើយ ដើម្បីចាត់វិធានការនេះចំពោះអ្នកដែលចែកចាយព័ត៌មាន​មិនពិតទាំងនេះ។

លោកថា៖ «យើងមានអង្គភាពប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព្រោះអាហ្នឹងវាធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ហើយនិងសន្តិសុខជាតិ។ យើងចាត់វិធានការតាមផ្លូវច្បាប់ យើងមានពន្ធនាគារ យើងបានទំនាក់ទំនងគ្នា [អង្គភាពប្រឆាំងនឹងព័ត៌មានក្លែងក្លាយ] ហើយ»។

បុគ្គលិកគ្រប់គ្រងកម្មវិធីនៅមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក ហេង គឹមហុង មានប្រសាសន៍ថា រដ្ឋាភិបាលគួរប្រើវិធានការ​អប់រំ ជាជាងប្រើវិធានការច្បាប់ ដោយថារឿងនេះវាបានកើ​ត​ឡើងក្រោយនាយករដ្ឋមន្ត្រីព្រមានថា អាចនឹងមានកា​របិទប្រទេសផ្នែកណាមួយ បើសិន​ព្រឹត្តិការណ៍៣វិច្ឆិកា​ កាន់តែមាន​អ្នកប៉ះពាល់​និងអ្នកឆ្លង​កើនឡើង។

លោកថា៖ «ពេលខ្ លះប្រជាពលរដ្ឋគាត់ឮសំឡេងបែបនេះ ហើយលោកមិនបានទទួលបានព័ត៌មានជាក់លាក់បន្ថែម ហើយគួបផ្សំនឹង​បណ្តាញ​សារព័ត៌មានមួយចំនួនសរសេរព័ត៌មានហាក់ដូចជាមិនមានជាក់ស្តែងនិយមផងដែរនោះ ធ្វើឱ្យប្រជាពលរដ្ឋលោកមា​ន​កា​រភ័យខ្លាច។ ក្នុងនាមរដ្ឋបាលសាធារណៈ រដ្ឋាភិបាលគួរតែពន្យល់ឬក៏បកស្រាយឱ្យប្រជាពលរដ្ឋស្រឡះចិត្ត ជាជាងគំរាមប្រជាព​លរដ្ឋក្នុងការចាត់វិធានការណាមួយ»។

យ៉ាងណា លោកផ្តល់ជាយោបល់ថា ដើម្បីបញ្ចៀសវិធានការច្បាប់ទាំងមិនដឹងខ្លួន អ្នកប្រើប្រាស់បណ្តាញសង្គមគួរស្វែងយល់​ផង​ដែរពីប្រ​ភ​ព​ព័ត៌មានឱ្យ​បាន​ច្បាស់​លាស់ ថាប្រព័ន្ធព័ត៌មាន​នោះមានវិជ្ជាជីវៈឬផ្លូវការទេ មុនធ្វើការចែករំលែកបន្ត។

ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី មីសែ្សល បាស្សេឡេត ( Michelle Bachelet) ធ្លាប់និ​យា​យថា លោកស្រីមានការ​​ព្រួ​យបារម្ភចំពោះវិធានការដែលរដ្ឋាភិបាលធ្វើការ​​ទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែល​ជំរុញឱ្យ​មានការចាប់ខ្លួនអ្នករិះគន់ ចោទ​ពីបទឧក្រិដ្ឋរៀបចំផែនការប្រឆាំងរដ្ឋាភិបា​ល ដោយគ្រាន់តែពួកគេបង្ហាញកង្វ​ល់​ទាក់​ទិននឹងជំងឺកូវីដ១៩។

តាមរយៈសេចក្តីប្រកាសព័​ត៌មា​ន​ពីទីក្រុងហ្សឺណែវ ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០នេះ លោកស្រីថា ប្រទេសកម្ពុជា មាន​មនុស្សប្រមាណ៣០នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះ១០នាក់ជាប់ពាក់ព័ន្ធនឹងអតីត​​គ​ណបក្សសង្គ្រោះជាតិដែលតុ​លាកា​រ​បានរំលាយចោលទៅហើយនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ