ពលរដ្ឋ​នៅ​ភ្នំពេញ​ត្អូញ​ត្អែរ​ថា​បន្លែ​ត្រី​​សាច់​ឡើង​ថ្លៃ​ជាង​មុន​ ពេល​មាន​​​ជំងឺ​កូវីដ​១៩​និង​ជំនន់​ទឹក​ភ្លៀង​

សកម្មភាពលក់ដូរបន្លែ ត្រីសាច់ នៅក្នុងផ្សារមួយកន្លែង ក្រុងភ្នំពេញ។ (ណាត សុភាព/ ២២ មករា ២០២០)

ប្រជាពលរដ្ឋ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ ត្អូញត្អែរ​ថា បន្លែ ត្រី​សាច់ បាន​ឡើងថ្លៃ​ចន្លោះ២ ០០០រៀល​ទៅ៥ ០០០រៀល​ក្នុង​មួយ​គីឡូ ក្រោយពី​ជំនន់​ទឹកភ្លៀង និង​អំឡុង​ពេល​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ បើ​ធៀប​នឹង​ថ្ងៃ​ធម្មតា។

ដើរចេញ​ពី​កន្លែង​ទិញ​ម្ហូប​នៅ​ម្តុំ​ផ្សារដើមគរ អ្នកស្រី កេង ស្រី​ណៃ រៀបរាប់​ថា កាលពី២ទៅ៣ខែមុន បន្លែ ដូចជា ស្ពៃ​តឿ ស្ពៃចង្កឹះ ស្ពៃខ្មៅ ខាត់ណា ស្ពៃក្រញាញ់ ជាដើម មួយ​គីឡូ​តម្លៃ​ប្រហែល២ ៥០០រៀល​ទៅ៣ ០០០រៀល​តែប៉ុណ្ណោះ ខណៈ​សាច់​មាន់ សាច់គោ សាច់​ជ្រូក ជាដើម មួយ​គីឡូ​តម្លៃ​ចន្លោះ​ពី១៧ ០០០រៀលទៅ៣៨ ០០០រៀល។

ប៉ុន្តែអ្នកស្រីថា ក្រោយពីជំនន់ទឹកភ្លៀង និងអំឡុងពេលឆ្លង​ជំងឺកូវីដ១៩ ប្រហែលជាជិត១ខែកន្លង​ទៅនេះ បន្លែ ត្រី សាច់ បានឡើងថ្លៃចន្លោះពី២ ០០០រៀលទៅ៥ ០០០រៀល​ក្នុងមួយគីឡូក្រាម។ ករណីនេះ ធ្វើឱ្យ​គាត់​​ជួបបញ្ហាប្រឈមច្រើនដោយសារការឡើងថ្លៃនេះ។

អ្នកស្រីនិយាយថា៖ «បើអ្នកពិបាករកលុយ វាពិបាកដែរ គ្រាន់ថា អ្នកធ្វើការធម្មតា វាប៉ះពាល់ច្រើន យើងមិនសូវហ៊ានចំណាយ យើងរកលុយមិនបាន ហើយបន្លែវាឡើងថ្លៃ គ្រាន់តែការចាយវាយ ទិញម្ហូប បន្លែ យើងកាត់បន្ថយ និយាយទៅ​ប៉ះពាល់ជីវភាពប្រជាជនទាំងអស់»។

ដៃកាន់ថង់ដាក់បន្លែ ត្រី សាច់ ហៀបនឹងឡើងជិះម៉ូតូ លោក សុភ័គ តារា  និយាយថា គាត់តែងតែមកទិញបន្លែ ត្រី សាច់ នៅផ្សារដើមគរ ស្ទើរជារៀងរាល់ថ្ងៃ។ ប៉ុន្តែលោកសង្កេតឃើញថា រយៈពេលជិត១ខែកន្លងទៅនេះ បន្លែ​ ត្រី សាច់ បានឡើងថ្លៃខុសពីថ្ងៃធម្មតា។ លោកស្នើទៅរដ្ឋាភិបាលជួយអន្តរាគមន៍ ឱ្យតម្លៃម្ហូបអាហារទាំងនោះចុះនៅត្រឹមតម្លៃសមរម្យ ដើម្បីកុំឱ្យប៉ះពាល់ដល់ជីវភាពអ្នកដែលមិនសូវមានជីវភាពធូរធារ។

លោកនិយាយថា៖ «ទទួលរងច្រើនដែរ តាំងពីកូវីដ ហើយនិងទឹកជំនន់ថ្មីៗហ្នឹងទៀត ហើយឥលូវកូវីដក៏វាមកមួយរលកទៀត គួរតែទប់ស្កាត់ការឡើងថ្លៃបន្តទៀត ប៉ុន្តែបច្ចុប្បន្ន វាអត់ទាន់អីទេ។ [រដ្ឋាភិបាល] ជួយដូចថា យើងបានទិញមកតម្លៃវា [សមរម្យ] ជីវភាពយើងអាចនៅថេរ វាអត់អាចដុនដាបជាងហ្នឹង»។

ចំណែកនៅផ្សារ​ទួលទំពូង និងផ្សារបឹងត្របែក រួមទាំងផ្សារអូឡាំពិក ឯណោះវិញ ប្រជាពលរដ្ឋដែលទៅទិញបន្លែ ត្រី សាច់ នៅទីនោះ បានរៀបរា​ប់ប្រហាក់ប្រហែលគ្នាថា បន្លែ ត្រី សាច់ ឡើងថ្លៃដូចផ្សារដើមគរដែរ។

ដើរចេញពីផ្សារទួលទំពូង អ្នកស្រី វួច ឡាង ជាពលរដ្ឋម្នាក់ទៀត​ បាន​និយាយថា គាត់ទៅទិញបន្លែនៅផ្សារនោះ ដោយសារតែនៅជិតផ្ទះនិងគ្មានជម្រើសនោះទេ ពីព្រោះអ្នកលក់ថា នាំចូលមកឡើងថ្លៃដែរ។

រីឯផ្សារម៉ាក្រូ ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជ​ធានីភ្នំពេញ អ្នកស្រី កែវ សម្ពស្ស និយាយថា គាត់មកទិញបន្លែ ត្រី សាច់ នៅផ្សារទំនើបនេះក្នុង១សប្តាហ៍ម្តង។ ប៉ុន្តែអ្នកស្រីថា មូលហេតុដែលនាំឱ្យគាត់ទៅទិញនៅផ្សារទំនើប ដោយសារនៅទីនោះមានសុវត្ថិភាពខ្ពស់ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ជាងទិញនៅផ្សារធម្មតា។

អ្នកស្រីនិយាយថា៖ «មកផ្សារនេះ វាសុវត្ថិភាព មកគេស្ទង់កម្ដៅកន្លែងថ្ងាសយើង ហើយគេបាញ់អាល់កុលលាងដៃយើង បានគេឱ្យយើងចូល ដើម្បីការពារជំងឺកូវីដ ប៉ុន្តែបើយើងទៅទិញនៅផ្សារធម្មតា គេមិនមានអាល់កុល​និងប្រដាប់ស្ទង់កម្ដៅអ៊ីចឹងទេ»។​

អាជីវករលក់បន្លែ សាច់ នៅផ្សារដើមគរ ផ្សារទួលទំពូង ផ្សារបឹងត្របែក និងផ្សារអូឡាំពិក បាននិយាយប្រហាក់ប្រហែលគ្នាថា ដើមចមដែលនាំឱ្យ​ទំនិញទាំងនោះឡើងថ្លៃរយៈ​​ពេលជិត១ខែ​នេះ ដោយសារតែបញ្ហាជំនន់ទឹកភ្លៀងនិង​ការឆ្លងរាលដាលជំងឺកូវីដ១៩ថ្មី។

អាជីវករម្នាក់ក្នុងចំណោមអាជីវករ​ផ្សេងទៀត សុំមិនបញ្ចេញឈ្មោះ និយាយថា ពួកគាត់មិនចង់ដំឡើងថ្លៃនោះទេ​ ប៉ុន្តែមកពីគាត់យកពីឈ្មួញមកមាន​តម្លៃថ្លៃ ទើបលក់ចេញវិញក៏ឡើងថ្លៃដែរ។

អាជីវកររូប​នោះ និយាយថា៖ «ធម្មតាយកមកពីគេឡើង ចេះតែលក់ឡើងតាមហ្នឹងដែរ សម្រាប់អ្នកទិញគេចង់បានតែថោក[ហើយ]របស់ល្អតែអ៊ីចឹង ធម្មតាទីផ្សារ អ្នកណាក៏ដឹងដែរ និយាយទៅអ្នកណាក៏គេនិយាយគ្រប់តែមាត់ឥលូវ ដូចថា អីវ៉ាន់​ឥលូវវាថ្លៃ»។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន មានប្រសាសន៍ថា តម្លៃកសិកម្ម បន្លែ ត្រី សាច់ ដែលនាំយកមកលក់នៅលើទីផ្សារ មិនបានឡើងថ្លៃដូចឈ្មួញយកទៅលក់បន្តនោះទេ។ ប៉ុន្តែលោកថា អ្នកដែលលក់ថ្លៃនោះ គ្រាន់តែជាក្រុមជ្រុលនិយម ចង់កេងចំណេញនៅអំឡុងពេលឆ្លង​ជំងឺកូវីដ១៩​តែប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា៖ «រឿងរ៉ាវទាំងអស់កើតឡើងដោយសារតែពួកមួយក្រុម ចេះតែបំផុស ប៉ុន្តែសភាពនៅកម្ពុជាហាក់បីដូចជាមិនមានរឿងរ៉ាវអ៊ីចឹងទេ ការដាំដុះបន្លែ យើងផ្គត់ផ្គង់ធម្មតា បញ្ហាទីផ្សារ បើយើងអន្តរាគមន៍ គ្រាន់តែយើងជួយឱ្យអ្នកទីផ្សារអាណិតអ្នកហូប [លក់តម្លៃសមរម្យ]»។

នាយិកា​មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្ម កម្ពុជា (អង្គការ CEDAC) លោកស្រី តុង ចាន់ធាង ដែលតាមដានករណីនេះ មានប្រសាសន៍ថា បន្លែ ត្រី សាច់ បានឡើងថ្លៃជាបន្តបន្ទាប់ ចាប់តាំងពីកម្ពុជាបិទច្រកព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ​

លោកស្រីផ្តល់ជាអនុសាសន៍ថា ដើម្បីទប់ស្កាត់កុំឱ្យបន្លែ ត្រី សាច់ ឡើងថ្លៃ ក្រសួងកសិកម្ម ត្រូវជួយផ្នែកបច្ចេក​ទេស បណ្តុះ​បណ្តាលប្រជាកសិករឱ្យចេះដាំបន្លែ ចិញ្ចឹមសត្វ និង​រកទីផ្សារជូនពួកគេ ទើបទទួលបានផលវិជ្ជមាន ទាំង​អ្នកដាំ​និងអ្នកទិញយកទៅបរិភោគ។

លោកស្រីផ្តល់ជាអនុសាសន៍ថា៖ «យើងផ្គត់ផ្គង់ក្នុងស្រុកបានច្រើន តម្លៃវាអាចធូរថ្លៃដែរ ព្រោះយើងអត់មានការដឹក​ជញ្ជូនមកពីក្រៅទេ កាលណាយើងផលិតបានច្រើន ហើយយើងមានទីផ្សារសមរម្យ ហើយយើងកាត់បន្ថយឈ្មួញ​កណ្តាលដែលជាចង្វាក់ទិញតគ្នាច្រើន លក់ផ្ទាល់ទៅឱ្យអ្នកចែកចាយ ឬក៏អ្នកលក់រាយ ធ្វើឱ្យតម្លៃមិនសូវឡើង​ថ្លៃប៉ុន្មានទេ វាអាចតម្លៃសមរម្យសម្រាប់អ្នកដែលមិនសូវមានចំណូលច្រើន»។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បង្ហាញ​ថា កម្ពុជាបានចំណាយថ​វិកា​ខ្ទង់​២០០​លានដុល្លា​រ​អាមេរិក​ក្នុង១ឆ្នាំៗ ទៅ​លើ​ការ​នាំ​ចូលបន្លែពីបរទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ក្រសួងថា បន្លែនាំចូលទាំងនោះ ភាគ​ច្រើ​​ននាំចូលពីប្រទេសវៀតណាមនិងប្រទេសចិន។​

បើ​តាម​របាយការណ៍ក្រសួង​ដដែល​នេះ ​​កម្ពុជា​ត្រូវការ​បន្លែ​ប្រមាណពី​៥០០ទៅ​៦០០តោន​​ក្នុង​មួយ​ថ្ងៃ​ៗ ក្នុង​នោះ​នៅដើម​ឆ្នាំ​នេះ កម្ពុជា​នាំ​ចូល​ប្រមាណ៣០ភាគរយ បន្ទាប់​ពី​បរិមាណ​នៃ​ការ​នាំ​ចូល​បន្លែ​ពី​បរទេស​ចូល​មក​កម្ពុជា បាន​កើន​ឡើង​ដល់​ទៅ៥០​ភាគរយ ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ