អាជ្ញាធរ​ខេត្ត​សៀម​រាប​ ស្រាវ​ជ្រាវ​​​រក​ជន​ឆ​បោក​ដែល​ទារ​លុយ​ពី​ពលរដ្ឋ​ដើម្បី​បាន​​ការងារ

ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​តា​ភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្តសៀមរាប​/Siem Reap Provincial Hall​)

រដ្ឋបាលខេត្តសៀមរាប កំពុងស្រាវជ្រាវ​ស្វែងរកជនឆបោកដែលដើរប្រាប់ប្រជាពលរដ្ឋ​ឱ្យ​បង់កម្រៃជើងសាសរុបចំនួន៦០០ដុល្លារ ជាថ្នូរនឹងការដាក់ពាក្យ​ចូល​បម្រើការងារនៅស្ថាន​កុង​ស៊ុល​​ជប៉ុនប្រចាំខេត្តសៀមរាប។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បាន​លើកឡើងថា ថ្មីៗនេះ រដ្ឋបាលខេត្តបានទទួលព័ត៌មានថា មានបុគ្គលម្នាក់ដែលអះអាងថាជាតំណាង​​ក្រុមហ៊ុនមួយ​ បាន​ប្រាប់បុរសម្នាក់ថា ដើម្បីបានបម្រើការងារនៅស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ត្រូវទៅ​ដាក់ពាក្យចូលបម្រើការងារនៅ​ស្ថានកុងស៊ុលនោះ ដោយបង់កម្រៃជើងសាចំនួន៥០០ដុល្លារសម្រាប់ក្រុមហ៊ុន និង១០០ដុល្លារសម្រាប់ស្ថានកុងស៊ុលជប៉ុន។

ករណីនេះ រដ្ឋបាលខេត្តបានអំពាវនាវ​ដល់ប្រជាពលរដ្ឋ​​មានការប្រុងប្រយ័ត្នអំពីការឆបោកពីសំណាក់បុគ្គល​ទុច្ចរិតនោះ និង​អំពាវនាវដល់ជនរងគ្រោះក្នុងអំពើល្មើស​នេះសហការជាមួយ​រដ្ឋបាល​​ខេត្ត ដើម្បីឈានទៅរកការស្រាវជ្រាវ ទប់ស្កាត់ បង្ការ និងចាត់វិធានការចំពោះបុគ្គលទុច្ចរិតនេះតាមផ្លូវច្បាប់ និងធានាបាននូវផលប្រយោជន៍សាធារណជន។

រដ្ឋបាលខេត្តបញ្ជាក់ថា៖ «រាល់ព័ត៌មានទាំងនេះ សូមសាម៉ីជនដែលទទួលរងគ្រោះដោយអំពើល្មើសនេះ និងសាធារណជនដែលធ្លាប់បានទទួលព័ត៌មាន ឬដឹងពីអត្តសញ្ញាណក្រុមហ៊ុន ឬ​ជន​ដែលបានប្រព្រឹត្តអំពើល្មើស​នេះ សូមទំនាក់ទំនងមករដ្ឋបាលខេត្តសៀមរាប ឬលេខទូរសព្ទ ០១២ ៩០២ ២៩៩/ ០១២ ៥៩៨ ៦៧២»។

ពាក់ព័ន្ធនឹងករណីនេះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្សព្វផ្សាយតាមគណនីហ្វេកប៊ុករបស់ខ្លួន ដោយបញ្ជាក់​ថា ស្ថានឯក​អគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងស្ថានកុងស៊ុលប្រចាំខេត្តសៀមរាប ពុំមានផែន​ការជ្រើ​សរើសបុគ្គលិកតាមរយៈក្រុមហ៊ុនឬទីភ្នាក់ងារស្វែងរកការងារណាមួយនោះឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ