រាជរដ្ឋាភិបាលណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ពង្រឹងវិធានការទប់ស្កាត់និងបង្ក្រាបការលួចលាក់កែច្នៃនិងការជួញដូរគ្រឿងញៀនឱ្យមានប្រសិទ្ធភាព។
សារាចរណែនាំរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានលើកឡើងថា កន្លងមក រដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយទទួលបានលទ្ធផលជាវិជ្ជមាន។
ប៉ុន្តែសារាចរណែនាំ បានបន្តថា ប្រការដែលត្រូវបានកត់សម្គាល់នោះ គឺសកម្មភាពលបលួចនាំចូលដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ ការលួចលាក់កែច្នៃសារធាតុញៀន នៅតែកើតមានឡើងជាបន្តបន្ទាប់និងមានរូបភាពកាន់តែធំ ខណៈការជួញដូរនិងការប្រើប្រាស់បាននិងកំពុងរីករាលដាលដល់តំបន់ជនបទមួយចំនួន។
ករណីនេះ រាជរដ្ឋាភិបាលបានណែនាំដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ត្រូវបន្តខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាលេខ ០១ប.ប ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សារាចរដដែល ក៏បានណែនាំឱ្យបង្កើនសកម្មភាពអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ឱ្យមានប្រសិទ្ធភាព បន្តការអប់រំផ្សព្វផ្សាយដល់សហគមន៍និងស្ថាប័នរដ្ឋ និងត្រូវចាត់វិធានការបង្ការនិងទប់ស្កាត់ការនាំចូល ការប្រើប្រាស់ ការដឹកជញ្ជូនឆ្លងកាត់ ការលួចលាក់កែច្នៃ-ផលិតសារធាតុញៀន និងការជួញដូរគ្រឿងញៀន។
ក្រៅពីនោះ សារាចរក៏បានជំរុញឱ្យលើកកម្ពស់វិធានការក្នុងការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន រួមនឹងលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តន៍ច្បាប់ឱ្យកាន់តែល្អប្រសើរផងដែរ។
យោងតាមរបាយការណ៍បង្ក្រាបបទល្មើសគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន៧ ៧៨៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន១៥ ៧៧០នាក់ (ស្រី៩៨០នាក់) ក្នុងនោះមានជនបរទេស២២៤នាក់ (ស្រី៣៣នាក់)។
របាយការណ៍បន្តថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានរឹបអូសថ្នាំញៀនគ្រប់ប្រភេទជាង៧០២គីឡូក្រាម និង៥៤៦កញ្ចប់តូច កញ្ឆាជាង២៨៧គីឡូក្រាមនិង១៩៩ ៥៥៩ដើម៕