ជនជាតិ​​ដើម​​ភាគ​តិច​​ខេត្ត​មណ្ឌល​គិរី​​ស្នើ​​រដ្ឋា​ភិបាល​​ចាត់​វិធាន​ការ​​មន្ត្រី​​ដែល​​ឃុប​ឃិត​​គ្នា​​លក់​​ដី​​ភ្នំ​​

ដីតំបន់ភ្នំនៅស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។ (ផ្ដល់ឱ្យ)

ជនជាតិ​ដើម​ភាគតិច​ពូន​ង នៅ​ក្រុង​សែនមនោរម្យ ក្នុង​ខេត្តមណ្ឌលគិរី ស្នើ​ទៅ​រដ្ឋាភិបាលនិង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​ករណី​អាជ្ញាធរ​ឃុបឃិត​គ្នា​លក់​ដី​ភ្នំ​ចំនួន២នៅក្នុង​ខេត្ត​នេះ។

តំណាង​ជនជាតិ​ដើម​ភាគ​តិច​ពូន​ង លោក ចែន វណ្ណា ដែល​រស់នៅ​ក្នុង​ភូមិ​ពូ​លុង ក្នុង​សង្កាត់​រមនា ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា លោក​បាន​ដាក់​លិខិត​មួយ​ទៅ​អាជ្ញាធរ​ភូមិ​-ឃុំ​កាលពី​ថ្ងៃទី២២ ខែកញ្ញា ដោយ​បាន​ស្នើ​ឱ្យ​ជួយ​ទប់ស្កាត់​កុំឱ្យ​មានការ​លក់​ដី​ភ្នំ​ទ្រីង ដែល​មានផ្ទៃ​ដី​ទំហំ១១ហិ​កតា និង​ភ្នំ​ពូ​ពែ ​ដែល​មានផ្ទៃ​ដី​ទំហំ៧ហិ​កតា។

តំណាង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​រូប​នេះ ប្រាប់​ថា អាជ្ញាធរ​បែរជា​ឃុបឃិតជាមួយគ្នា​ចុះហត្ថលេខា​ផ្ទេរសិទ្ធិ​លក់​ដី​ភ្នំ​នោះ​ទៅវិញ​ កាលពី​ថ្ងៃទី៧ ខែតុលា​កន្លងមក។

លោក ចែន វណ្ណា ប្រាប់​ថា៖ «សល់​តែ​ពីរ​ហ្នឹង ​លក់​ទៀត។ ពួក​ខ្ញុំ​មិន​ចង់​លក់ ទុក​ថែរក្សា​អភិរក្ស​វប្បធម៌​ឱ្យ​ជនជាតិ​ដើម​ភាគតិច ហើយ​ទុកជា​ស្នាដៃ​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ ហើយ​ថា ពួក​ខ្ញុំ​មិន​ឱ្យ​លក់ ថាពួក​ខ្ញុំ​ប្រមូល​ផល​អញ្ចេះ​ប្រមូល​ផលអញ្ចុះ។ ខ្ញុំ​ធ្វើការ​ទប់ស្កាត់​ហើយពី​មេភូមិនិង​មេឃុំ ហើយ​មេភូមិនិង​ឃុំ​នៅតែ​ចុះហត្ថលេខា​ឱ្យ​គេ។ អ៊ីចឹង​មានតែ​ខឹង​មេភូមិនិង​មេឃុំ​ហ្នឹង»។

ជនជាតិ​ដើមភាគ​តិច​ពូន​ងម្នាក់ទៀត អ្នកស្រី ប្លិ អេន និយាយ​ថា អ្នកភូមិ​ជិត២០០គ្រួសារ នឹង​លើកគ្នា​ឡើង​ទៅ​តវ៉ា​ដល់​ផ្ទះ​លោកនាយក​ដ្ឋ​មន្ត្រី ហ៊ុន សែន ប្រសិនបើ​អាជ្ញាធរនិង​ស្ថាប័ន​ពាក់ព័ន្ធនៅ​មិន​ដោះស្រាយ ហើយ​នៅតែ​លក់​ភ្នំ​ទាំងពីរ​នេះ​ទៀត។ អ្នកស្រី​អះអាង​ថា បើ​តាម​លិខិត​ទិញ​លក់​ដី​ភ្នំ​នោះ គឺ​មានឈ្មោះលោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ជា​អ្នកទិញ​ដី​នោះ។

អ្នកស្រី អេន បន្ត​ថា ការដែល​ពួក​គាត់​ចង់ឱ្យ​រក្សា​ភ្នំ​ទាំងពីរ​នេះ គឺដើម្បី​ទុក​អភិ​រក្ស​ជា​តំបន់​ទេសចរណ៍​វប្បធម៌​ជនជាតិភាគតិច។

អ្នកស្រី ប្លិ អេន ប្រាប់​ថា៖ «គេ​ឱ្យ​ឯកសារ​ហ្នឹង ស្រាប់តែ​ឃើញ​មេភូមិ មេឃុំ​ខ្លួនឯង​ចុះហត្ថលេខា​ដាក់​តែម្ដង។ ពួក​ខ្ញុំ​ចង់​រក្សាទុក​ជា​តំបន់​ទេសចរណ៍ ធ្វើជា​វប្បធម៌​ជនជាតិ​ដើម​ភាគតិច»។

មេភូមិ​ពូ​លុង លោក ឡុង តុក ទទួលស្គាល់​ថា បាន​ចុះហត្ថលេខា​លើ​លិខិត​ទិញ​លក់​មែន ដោយ​លោក​ថា ព្រោះ​អ្នកទិញ​គឺជា​អ្នកធំ។

លោក ឡុង តុក ប្រាប់​ថា៖ «ខ្ញុំ​ប្រាប់​ដែរ​ គាត់​ជឿ គាត់​ថាអត់អី​ទេ រឿង​ហ្នឹង​រឿង​អ្នកលក់អ្នកទិញ​ទេ មិន​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ អ្នកទិញ​មក​ពី​ភ្នំពេញ​ដែរ។ គាត់​មកដល់​ផ្ទះ​ខ្ញុំ ជំទាវ​អីហ្នឹង ខ្ញុំ​អត់​ដឹង​ដែរ។ ជំទាវ​គាត់​កាន់​ឯកសារ​ហ្នឹង ខ្ញុំ​ថា ខ្ញុំ​អត់​ទាន់​ចុះហត្ថលេខា​ទេ ព្រោះ​ដី​ហ្នឹង​នៅ​មានរឿង​រ៉ាវ។ គាត់​ថាអត់អី​ទេ រឿង​ហ្នឹងខ្ញុំ​ដឹង​អស់ហើយ។ ហ្នឹងហើយ បើ​គេ​ពី​ថ្នាក់លើ​ថា អត់អី​ទេ ជួយ​ចុះហត្ថលេខា​ឱ្យ​គាត់​ទៅ។ តុលាការ​អី ​គេ​ដឹង​អស់ហើយ ខ្ញុំ​និយាយត្រង់ អត់​ចេះ​លាក់​ទេ»។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត បាន​បដិសេធ ដោយ​ថា លោក​មិន​ពាក់ព័ន្ធ​នឹង​ការទិញ​លក់​ដី​ទេ។

លោក ស ថេត ប្រាប់​ថា៖ «អត់ទេ​! ចាំ​មើល​ខ្ញុំ​ស្រាវជ្រាវ​សិន។ ខ្ញុំ​មិនបាន​ទិញ​ណា ក្រែង​ពីណា​យកឈ្មោះ​ទៅ​ដាក់​ទេ​អី បាន​ហើយ អ៊ីចឹង​ចាំ​ខ្ញុំ​ស្រាវជ្រាវ​មើល»។

អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ា​ង មានប្រសាសន៍​ថា លោក​មិនទាន់​ទទួល​បាន​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​ ពាក់ព័ន្ធ​នឹង​ការ​លក់​ដី​ភ្នំ​នេះ។

លោក ស្វាយ សំ​អ៊ា​ង ប្រាប់​ថា៖ «ពាក់ព័ន្ធ​នឹង​ដីធ្លី​នេះ ទាល់តែ​ពិនិត្យ​សិន ព្រោះ​ឥលូវ​ពាក់ព័ន្ធ​នឹង​ការទិញ​លក់​វា​ច្រើន។ កន្លែង​ខ្លះ​ក៏​ត្រឹមត្រូវ កន្លែង​ខ្លះ​ក៏​មិន​ត្រឹមត្រូវ។ កន្លែង​ត្រឹមត្រូវ អាជ្ញាធរ​គាំទ្រ។ អាណា​មិន​ត្រឹមត្រូវ គឺ​ចាត់វិធានការ។ ឥលូវនេះ យើង​មិនទាន់​ដឹង​ទេ​ព័ត៌មាន​នេះ»។

អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ​(ADHOC​) ប្រចាំ​ខេត្តមណ្ឌលគិរី លោក អ៊ា​ង ម៉េ​ងលី ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​ដកហូត​ដី​នោះ​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ បើ​ទោះបីជា​អ្នកទិញ​ដី​ភ្នំ​នោះជា​បុគ្គល​មានអំណាច​ក៏ដោយ។

លោក អ៊ា​ង ម៉េ​ងលី ប្រាប់​ថា៖ «អាជ្ញាធរ​ថ្នាក់​ខេត្ត​ហ្នឹងហើយ​គាត់​មាន​សិទ្ធិ​ក្នុង​ការស្វែងរក​ភស្តុតាងឬចំណុច​ណាមួយ​ដែល​គាត់​គិតថា បើសិន​ដី​ហ្នឹង​ជាដីរ​ដ្ឋ​ពិតប្រាកដ​មែន អាជ្ញាធរ​ខេត្ត​គួរតែ​ដកហូត​ទុកជា​សម្បត្តិ​រដ្ឋ។ យើង​ដឹង​ហើយ ដី​របស់​រដ្ឋ ទោះបីជា​មាន​ឯកសារ​លិខិតស្នាម​អី​ក៏ដោយ គឺ​អ្នក​ដែល​ធ្វើ​ឯកសារ​ហ្នឹងហើយ​ជា​អ្នកទទួល​ខុសត្រូវ»។

កាលពី​ថ្ងៃទី៧ ខែកក្កដា​កន្លងមក​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​ប្រកាស​ជា​សាធារណៈ​ថា អ្ន​កធំៗ​បាន​នាំគ្នា​សម្រុក​ទៅ​ចាប់ដី ហើយ​មាន​អ្នកធំ​មួយចំនួន​ទៀតក៏បាន​យកឈ្មោះ​លោក​ទៅ​ប្រើប្រាស់ ដើម្បី​ទទួល​បាន​ដី​នៅ​ខេត្តមណ្ឌលគិរី​ផង​ដែរ។

ក្រោយពី​ប្រកាស​នោះ លោក ស ខេង បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង ក្នុង​នោះ​មាន​ក្រសួង​កសិកម្ម ក្រសួង​រៀបចំ​ដែនដី និង​ក្រសួងបរិស្ថាន ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ការ​កាប់​រានទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់ ​ក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្ត​ភាគ​ឦសាន​មួយ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ