នាយក​​ទី​ចាត់​ការ​​អន្តរ​​វិស័យ​​ខេត្ត​កំពង់ធំ​​ត្រូវ​​បាន​​បញ្ជូន​​ទៅ​​អនុវត្ត​​នីតិ​វិធី​​នៅ​​តុលាការ​ខេត្ត​​សៀមរាប​​

នាយក​ទីចាត់ការ​អន្តរ​វិស័យ​ខេត្តកំពង់ធំ លោក ម៉ៅ ប៊ុ​នធូ។ (ហ្វេសប៊ុក៖ Mao Bunthou)

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ លោក ហង្ស ថុល បានឱ្យ​ដឹង​ថា សំណុំរឿង​ប្រឆាំង​នឹង​នាយក​ទីចាត់ការ​អន្តរ​វិស័យ​របស់​ខេត្តកំពង់ធំ ត្រូវ​បាន​ផ្ទេរ​ឱ្យ​ស្ថិត​ក្រោម​នីតិវិធី​របស់​តុលាការខេត្ត​សៀមរាប​វិញ បន្ទាប់ពី​មន្ត្រី​រូប​នេះ​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា បាន​ប៉ុនប៉ង​ធ្វើឃាត​ព្រះរាជអាជ្ញា​មួយ​រូប​នៅ​ខេត្តកំពង់ធំ។

មេបញ្ជាការ​កងរាជអាវុធហត្ថ​រូប​នេះ បានឱ្យ​ដឹង​ថា នាយក​ទីចាត់ការ​អន្តរ​វិស័យ​ខេត្តកំពង់ធំ លោក ម៉ៅ ប៊ុ​នធូ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី១៦ ខែវិច្ឆិកា ក្រោម​បណ្ដឹង​ចោទ​ថា បាន​ប៉ុនប៉ង​ធ្វើឃាត​លោក សាយ វាសនា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ។

នៅពេល​សួរ​ថា ហេតុអ្វីបានជា​សំណុំរឿង​នេះ​ត្រូវ​បាន​ផ្ទេរ​ទៅ​តុលាការខេត្ត​សៀមរាប​នោះ មេ​ប៉េ​អឹម​ខេត្តកំពង់ធំ​រូប​នេះបាន​ប្រាប់​ថា លោក​មិនដឹង​នោះ​ឡើយ ហើយ​ប្រាប់​ឱ្យ​សួរ​ទៅ​តុលាការខេត្ត​កំពង់ធំ​វិញ។

លោក ហង្ស ថុល ប្រាប់​ថា៖ «អូ​! ឥលូវ​គេ​បញ្ជូន​គាត់​ទៅ​សៀមរាប ចង់និយាយ​ថា គេ​ផ្ទេរ​ដែន​សមត្ថកិច្ច។ [ហេតុអ្វី​បាន​គេ​ផ្ទេរ​ទៅ​ខេត្តសៀមរាប​?] ខ្ញុំ​អត់ដឹងទេ ទាល់តែ​ប្អូន​សួរ​ទៅ​ខាង​តុលាការ ព្រោះ​តុលាការ​គេ​ចាត់ចែង​រឿង​ហ្នឹង ព្រោះ​ផុតដៃ​ខ្ញុំ​ហើយ។ គេ​បញ្ជូន​ទៅ​ម្សិលមិញ មាន​សេចក្ដីសម្រេច​ពី​ក្រសួង​យុត្តិធម៌»។

ព្រះរាជអាជ្ញា​ខេត្តសៀមរាប លោក កើត វណ្ណា​រ៉េ​ត ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា សំណុំរឿង​នោះ តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្តសៀមរាប មិនទាន់​សម្រេច​ចោទប្រកាន់​ពី​បទល្មើស​អ្វី​នៅឡើយ​ទេ ដោយ​ថា ទុក​ពេលធ្វើការ​ស៊ើបអង្កេត​សិន។

លោក កើត វណ្ណា​រ៉េ​ត ប្រាប់​ថា៖ «នៅ​ដំណា​ក់​កាល​អយ្យការ ខ្ញុំ​មិនទាន់​និយាយ​បាន កំពុង​នៅ​សាកសួរ​គាត់​នៅឡើយ មិន​អាច​និយាយ​ថា​យ៉ាងម៉េច​ចំណាត់ការ​នោះ»។

ព្រះរាជអាជ្ញា​រង​នៅ​ខេត្តកំពង់ធំ លោក សាយ វាសនា អះអាង​ថា លោក​គឺជា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នោះ។ លោក​រៀបរាប់​ថា កាលពី​ម៉ោងជាង៩យប់ ​ថ្ងៃទី១៦ ខែវិច្ឆិកា លោក​បាន​ចូល​ទៅ​ហូប​អាហារ​សាមគ្គី​នៅក្នុង​ភោជនីយដ្ឋាន​ ជ្រោះ​ពេជ​ចិន្តា ​ក្នុង​បន្ទប់​«កែប» ជាមួយលោក ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ លោក ឃុន ប៊ុ​នហូ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ លោក ព្រហ្ម វាសនា អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ​កង​រា​ជអាវុ​ហត្ថ​ខេត្តកំពង់ធំ និង​មនុស្ស២នាក់​ផ្សេងទៀត។

លោក​បន្ត​ថា អំឡុង​ពេល​ហូប​អាហារ​សាមគ្គី​នោះ លោក ម៉ៅ ប៊ុ​នធូ ដែល​ញ៉ាំ​អាហារ​នៅ​បន្ទប់​ក្បែរ​គ្នា បាន​រុញ​ទ្វារ​ចូលក្នុង​បន្ទប់​«កែប» យកដៃ​ឆ្វេង​ចាប់ដៃ​គាត់ និង​ដៃស្តាំ​កាន់​កាំ​បិត​ភ្ជង់​កគាត់​បម្រុងនឹងធ្វើ​ឃាត ប៉ុន្តែត្រូវ​បាន​អ្នក​នៅ​ជិត​នោះនិង​សមត្ថកិច្ច​ផ្សេងទៀត ចេញ​មក​ជួយ​គាត់​ឱ្យ​រួចផុត​ពី​រឿង​នេះ។

លោក​ព្រះរាជអាជ្ញា​រូប​នោះបញ្ជាក់​ថា សំណុំរឿង​នេះ​កើត​ចេញពី​គំនុំនិង​ទំនាស់​ផលប្រយោជន៍​កន្លងមក​ច្រើនដង​មក​ហើយ។

លោក សាយ វាសនា ប្រាប់​ថា៖ «កាលពីមុន​មក ខ្ញុំ​ចុះ​ចាប់​បទល្មើស​ធនធាន​ធម្មជាតិ​មួយចំនួន មាន​បុគ្គល [ម៉ៅ ប៊ុ​នធូ​] ហ្នឹង​ពាក់ព័ន្ធឬក៏​កាង។ កន្លែង​ហ្នឹង គេ ​[ម៉ៅ ប៊ុ​នធូ​] មិន​ខឹង​យើង! ហើយ​ប៉ុន្មាន​ខែមុន គាត់​មិនធ្លាប់​មានរឿង​ដែរ! គាត់​ទៅ​ចាប់​មនុស្ស​ដែលគេ​មិន​ខុស​អី ទៅ​ដក​គ្រឿងចក្រ​គេ ហើយ​ខ្ញុំ​អនុវត្ត​នីតិវិធី​ ចេះតែ​មាន​អារម្មណ៍​មិនល្អ​ជាមួយ​ខ្ញុំ»។

លោក សាយ វាសនា ស្នើ​ទៅ​តុលាការខេត្ត​សៀមរាប​ចាត់វិធានការ​លើ​ឈ្មោះ ម៉ៅ ប៊ុ​នធូ តាម​នីតិវិធី​ច្បាប់ ដោយ​កំណត់​ទោស​ត្រឹម​កម្រិត​អតិបរិមា លោក​មិន​ទាមទារ​សំណង​ជំងឺចិត្ត​នោះ​ទេ។ ប៉ុន្តែលោក​ថា បើ​មិន​ផ្តន្ទា​ទោស​តាម​ការ​ស្នើសុំ​ទេ លោក​ស្នើសុំ​សំណង​ជំងឺចិត្ត១លាន​ដុល្លារ​អាមេរិក។

អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ បានឱ្យ​ដឹង​ថា លោក​បាន​ទៅដល់​កន្លែង​កើតហេតុ ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន​លោក ម៉ៅ ប៊ុ​នធូ ហើយ។ នៅពេល​ត្រូវ​បាន​សាកសួរ​បន្ថែម​ទៀត អភិបាលខេត្ត​រូប​នេះ​ប្រាប់​ថា លោក​មិន​អាចប​កស្រាយ​បន្ថែម​បាន​នោះ​ឡើយ។

បើ​តាម​ព្រះរាជអាជ្ញា​ខេត្តសៀមរាប លោក កើត វណ្ណា​រ៉េ​ត បញ្ជាក់​ថា បច្ចុប្បន្ន​នេះ សមត្ថកិច្ច​ខេត្តសៀមរាបបាន​បញ្ជូន​ជនល្មើស​ឃុំខ្លួន និង​ទុក​ឱ្យ​តំណាង​អយ្យការ​ធ្វើ​កា​រស៊ើ​បអង្កេ​តបន្ថែម​ទៀត​ជុំវិញ​ការប៉ុនប៉ង​ធ្វើឃាតលោក សាយ វាសនា រួច​នឹង​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ