CCHR អំពាវ​នាវ​​ទៅ​​រដ្ឋា​ភិបាល​​ទប់​ស្កាត់​​ការ​​ធ្វើ​ទារុណ​កម្ម​​លើ​​ជន​សង្ស័យ​ដើម្បី​​បង្ខំ​ឱ្យ​​សារ​ភាព​​ប្រឆាំង​​នឹង​​ខ្លួន​ឯង​

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​តាម​រថយន្ត​ទៅ​តុលាការ ព្រឹក​ថ្ងៃទី ២៥ មិថុនា ២០១៨ (រូបភាព៖ ហ៊ុន សិរី​វឌ្ឍន៍​)

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​ទៅ​រដ្ឋាភិបាល​ឱ្យ​បើក​ការស៊ើបអង្កេត​បន្ទាន់​មួយប្រកបដោយ​ការ​ទុកចិត្ត ដើម្បី​ទប់ស្កាត់​ការប្រើ​ទារុណកម្ម​បង្ខំ​យក​ចម្លើយ​ពី​ជនសង្ស័យ ខណៈ​អង្គការ​នេះ​រក​ឃើញថា យ៉ាងហោចណាស់ ជនជាប់ចោទ៥៧៩នាក់ដែល​យក​ទៅ​ជម្រះ​នៅ​សាលាឧទ្ធរណ៍ មាន២៦នាក់​ឆ្លើយ​ថា ពួក​គេ​ត្រូវ​បាន​ធ្វើ​ទា​រុណកម្ម​បង្ខំ​ឱ្យ​សារភាព​នៅ​ដំណាក់កាល​នគរបាល​យុត្តិធម៌។

ការ​អំពាវនាវ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ធ្វើឡើង​តាមរយៈ​ព្រឹត្តិបត្រ​ព័ត៌មាន ស្តី​ពី «សិទ្ធិ​ទទួល​បានការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌» ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។

អង្គការ​នេះបាន​លើកឡើង​ថា រយៈពេល​ពីរ​ឆ្នាំ ចន្លោះ​ពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ដល់​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ សំណុំរឿង​ចំនួន៤២១ មាន​ជនជាប់ចោទ៥៧៩នាក់ ដែល​ខ្លួន​បាន​សង្កេតការណ៍​ក្នុង​សវនាការ​សាលាឧទ្ធរណ៍​នោះ គឺ​មាន២៦នាក់​ប្រាប់​តុលាការ​ថា ពួក​គេ​ទទួលរង​អំ​ពើ​ហិង្សា​ធ្វើទារុណកម្ម​បង្ខំ​ឱ្យ​សារភាព​ប្រឆាំង​ខ្លួនឯង នៅ​ដំណាក់កាល​នគរបាល​យុត្តិធម៌។

អង្គការ​នេះ​បន្ត​ថា ក្នុងចំណោម​ជនជាប់ចោទ​ទាំងនោះ មានជនជាប់ចោទ១១នាក់ និយាយ​ថា រង​ការ​គំរាម​ឱ្យ​សារភាព និង៥នាក់​ទៀត គ្មាន​មេធាវី​នៅ​ដំណាក់កាល​នគរ​បាល​យុត្តិធម៌។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​មួយ​នេះ ផ្តល់​អនុសាសន៍៦ចំណុច ដើម្បី​ទប់ស្កាត់​ករណីនេះ ក្នុង​នោះ ​ត្រូវ​ធានា​ថា ​មេធាវី​ត្រូវ​មានវត្តមានក្នុង​អំឡុង​ពេល​ស្តាប់​ចម្លើយ​ជនសង្ស័យឬសួរចម្លើយ​ជន​ត្រូវ​ចោទ​, ត្រូវ​ធ្វើការ​ស៊ើបអង្កេត​យ៉ាង​រហ័សនិង​ហ្មត់ចត់ ប្រសិនបើ​មានការ​គំរាមកំហែង ធ្វើទារុណកម្ម ឬហិង្សា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្ខិតបង្ខំ និង​ត្រូវ​សម្រេច​ថាភស្តុ​តាង​ទាំងនោះ​មិន​អាច​ទទួលយក​បាន និង​ធានា​ថាការ​ជំនុំជម្រះ​ត្រូវ​ធ្វើឡើង​សារ​ជាថ្មី។

មួយវិញទៀត អង្គការ​នោះ​បាន​ស្នើ​ថា ត្រូវ​អនុវត្ត​ឱ្យ​ពេញលេញ​នូវ​គោលគំនិត​នៃ​សិទ្ធិ​ទទួល​បានការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ ផ្អែក​តាម​បទដ្ឋាន​ជាតិនិង​អន្តរជាតិ។

អ្នកសម្របសម្រួល​គម្រោង​សេរីភាព​មូលដ្ឋាន​នៃ​អង្គការ CCHR លោក ហ៊ុន ស៊ាង​ហាក់ មានប្រសាសន៍​នៅ​ថ្ងៃទី១៧ ខែវិច្ឆិកា​នេះ​ថា វត្តមាន​មេធាវី​នៅ​ដំណាក់កាល​ដំបូង​នៅ​នគរបាល​យុត្តិធម៌ ជា​ប្រសិទ្ធភាព​មួយ​ទប់ស្កាត់​ការរំលោភ​បំពាន​បង្ខំ​យក​ចម្លើយ​ពី​ជនសង្ស័យ​បាន។

លោក​ថា៖ «តែ​ផ្ទុយទៅវិញ ​ច្បាប់​យើង​ចែង​ផ្ទុយពី​ច្បាប់អន្តរជាតិ ដែល​យើង​តម្រូវ​ថា ទាល់តែ២៤ម៉ោង​ក្រោយពី​ឃាត់ខ្លួន បាន​តម្រូវ​ឱ្យ​មេធាវី​អាច​ជួប​បាន។ ប៉ុន្តែ​ច្បាប់អន្តរជាតិ​មិន​ដូច្នោះ​ទេ រាល់​ការ​ចាប់ខ្លួន​ត្រូវ​មាន​មេធា​វី​ភ្លាម​ៗ អ៊ីចឹង​សុំ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​គោរព​សិទ្ធិជន​ជាប់ចោទ​ផ្អែក​ទៅលើ​ច្បាប់អន្តរជាតិ»។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន មានប្រសាសន៍​ថា គ្មាន​ការ​ធ្វើទារុណកម្ម​ណាមួយ​ទៅលើ​ជនសង្ស័យ​ដើម្បី​បង្ខំ​យក​ចម្លើយ​នោះ​ទេ។ ប៉ុន្តែ​លោក​ថា ស្ថាប័ន​អនុវត្តន៍​ច្បាប់​មួយ​នេះ នឹង​ចាត់វិធានការ​អ្នក​ដែល​បាន​រំលោភបំពាន បើ​មាន​ភស្តុតាង​គ្រប់គ្រាន់។

លោក​ថា៖ «ជនសង្ស័យ​ថា ប៉ូលិ​សប​ង្ខំ​យក​ចម្លើយ តើ​គាត់​ជឿ​ទេ​ថា ប៉ូលិ​សឆ្លើយ​ថា​អត់មាន​ការ​បង្ខំ​យក​ចម្លើយ អានេះ​យើង៥០ម្នាក់[៥០ភាគរយ] អ៊ីចឹង​ខ្ញុំ​អត់​ទទួលយក​ទេ។ ប៉ុន្តែ​ចំពោះ​សំណូមពរ យើងខ្ញុំ​ទទួលយក ហើយ​យើង​នឹង​ដាក់​ពិន័យ​ចំពោះ​កងកម្លាំង​នគរបាល​យុត្តិធម៌​ណា​ដែល​ធ្វើការ​ខុស​នីតិវិធី»។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍​ថា វត្តមាន​មេធាវី​នៅជា​មួយ​ជនសង្ស័យតាំងពី​ដំណាក់កាល​ដំបូង ពិតជា​មាន​សារៈសំខាន់​ណាស់ និង​ដើម្បី​ធានា​ថា ជនសង្ស័យ​ត្រូវ​បានការ​ពារ​ដោយច្បាប់ និង​ទប់ស្កាត់​អំពើពុករលួយ​ណាមួយ​ក្នុង​ពេល​សួរចម្លើយ។

លោក​ថា៖ «បើ​យើង​មាន​មេធាវី មានន័យថា ជនសង្ស័យ​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់ អ៊ីចឹង​អ្នក​ដែល​ចង់​ចាប់​ជំរិត​គាត់ ចង់​ធ្វើទារុណកម្ម​យក​ចម្លើយ​ខុស​អីហ្នឹង​ មិន​ហ៊ាន​ទេ ព្រោះ​មាន​មេធាវី​ការពារ»។

មាត្រា៣៨ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា «ការ​ទទួលសារភាព​ដែល​កើតឡើង​ពី​ការ​បង្ខិតបង្ខំ​តាមផ្លូវ​កាយ​ក្តី តាមផ្លូវ​ចិត្ត​ក្តី មិន​ត្រូវ​ទុកជា​ភស្តុតាង​នៃ​ពិរុទ្ធភាព​ទេ»

មាត្រា១៤ នៃ​កតិកាសញ្ញា​អន្តរជាតិស្តី​ពីសិទ្ធិពល​រដ្ឋនិង​សិទ្ធិ​នយោបាយ ចែងថា «ក្នុង​ការសម្រេច​សេចក្តី​ចោទប្រកាន់​បទ​ព្រហ្មទណ្ឌ​ណាមួយ​ប្រឆាំង​មក​លើ​ខ្លួន ជន​គ្រប់រូប​មាន​សិទ្ធិ​ទទួល​បានការ​ធានា​ជា​អប្បបរមា​ដោយ​ស្មើភាព​គ្នា​យ៉ាង​ពេញលេញ និង​មិន​ត្រូវ​បាន​បង្ខិតបង្ខំ​ឱ្យ​ឆ្លើយដាក់​កំហុស​លើ​ខ្លួនឯង​ឬសារ​ភាព​ថា​មាន​ពិរុទ្ធ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ