សមត្ថ​កិច្ច​​ថា​ កំណត់​​បាន​​មុខ​សញ្ញា​​បាញ់​សម្លាប់​​សន្តិ​សុខ​​របស់​​ក្រុម​ហ៊ុន​​មួយ​​នៅ​​ខេត្ត​កំពត​​

ស្នងការ​នគរបាល​ខេត្តកំពត លោក ម៉ៅ ច័ន្ទ​មធុរិ​ទ្ធ ថ្លែងក្នុងសន្និសីទមួយនាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ (អគ្គស្នងការនគរបាលជាតិ)

នគរបាល​ខេត្តកំពត អះអាង​ថា សមត្ថកិច្ច​កំណត់​បាន​ហើយ​នូវ​មុខសញ្ញា​អ្នក​ដែល​បាញ់សម្លាប់​សន្តិសុខ​ការពារ​ក្រុមហ៊ុន​ឯកជន​មួយ​នៅក្នុង​ខេត្ត​នេះ។

ស្នងការ​នគរបាល​ខេត្តកំពត លោក ម៉ៅ ច័ន្ទ​មធុរិ​ទ្ធ បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា កាលពី​ម្សិលមិញ​នេះ មាន​ជន​មិន​ស្គាល់​មុខ​បាន​ប្រើប្រាស់​កាំភ្លើង​កែច្នៃ បាញ់​ទៅ​សន្តិសុខ​ក្រុមហ៊ុន​របស់​ឧកញ៉ា សូ ងួន បណ្តាលឱ្យ​ស្លាប់​ម្នាក់និង​រង​របួស​ម្នាក់​ ខណៈ​សន្តិសុខ​ជាច្រើន​នាក់​របស់​ក្រុ​មហ៊ុ​នេះជិះឡាន​ចុះ​ល្បាត​ដី​របស់​ក្រុមហ៊ុន​ដែល​ទទួល​បាន​សម្បទាន​សេដ្ឋកិច្ច​ពីរ​ដ្ឋ​ ស្ថិត​ក្នុង​ឃុំ​ត្រ​ពាំង​ផ្លាំ​ង ស្រុក​ឈូក។

លោក ម៉ៅ ច័ន្ទ​មធុរិ​ទ្ធ ឱ្យដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ លោក​បាន​បញ្ជា​កម្លាំង​នគរបាល​ឱ្យចុះទៅ​អន្តរា​គម​ន៍​ភ្លាម​ៗដល់កន្លែង​កើតហេតុ ដោយ​សមត្ថកិច្ច​ដកហូត​បាន​កាំភ្លើង​កែច្នៃ២​ដើម ខណៈ​មនុស្ស​បាន​រត់គេច​ខ្លួន​បាត់​អស់។ លោក​ថា ពេលនេះ​សមត្ថកិច្ច​កំណត់​បាន​មុខសញ្ញា​មេ​ខ្លោង២នាក់នៃ​អំពើ​ឃាតកម្ម​នេះ​ហើយ។

លោក ម៉ៅ ច័ន្ទ​មធុរិ​ទ្ធ ប្រាប់​ថា៖ «ក្រោយ​ទទួល​បាន​ព័ត៌មាន គឺ​ខ្ញុំ​បាន​ចាត់​កម្លាំង​ដើម្បី​ចុះទៅ​ធ្វើការ។ ពេល​យើង​ចុះទៅ​ដល់ ​គឺ​អ្នក​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​បង្ក​ហេតុ​នោះ​បាន​រត់គេច​ខ្លួន​ប៉ុន្តែ​យើង​បាន​កំណត់​អត្តសញ្ញាណ​ក្រុម​អ្នក​បង្ក​នោះ​បាន​អស់ហើយ។ មាន​មេ​ខ្លោង២នាក់ ដោយឡែក​អ្នក​ចូល​ យើង​មិនទាន់​ដឹង​ចំនួន​ច្បាស់​ទេ»។

បើ​តាម​លោក ម៉ៅ ច័ន្ទ​មធុរិ​ទ្ធ សន្តិសុខ​ដែល​ស្លាប់​ឈ្មោះ នួន ភ័ក្ត្រា អាយុ២៧ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង និង​ម្នាក់ទៀត​ដែល​រង​របួស​ឈ្មោះ ផន ដា អាយុ៣១ឆ្នាំ មាន​ស្រុកកំណើតនៅស្រុក​សំពៅមាស ខេត្តពោធិ៍សាត់។

វី​អូ​ឌី​ បាន​សុំ​ការ​បញ្ជាក់​បន្ថែម​ពីអ​ភិបាល​ខេត្ត លោក ជាវ តាយ អភិបាល​​រង​ខេត្ត លោក ភូ លិ ដែរ ប៉ុន្តែទូរសព្ទ​គ្មាន​អ្នកទទួល។

ចំណែក​នាយក​រដ្ឋបាល​ខេត្តកំពត លោក វិត វឌ្ឍនា សុំ​មិន​ធ្វើ​អធិប្បាយ​លើ​រឿង​នេះ​ទេ ខណៈ​អភិបាលស្រុក​ឈូក លោក ខៀវ រិទ្ធិ​ភ័​ណ្ឌ បញ្ជាក់​បាន​ត្រឹម​ថា ករណី​សន្តិសុខ​ក្រុមហ៊ុន​ស្លាប់និង​រង​របួស​នោះ ​ជា​ការ​លួច​ធ្វើឃាត។ ពេល​ដែល ​វី​អូ​ឌី​ សួរ​ថា តើ​រឿង​នេះ​ពាក់ព័ន្ធ​ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុននិង​ប្រជាពលរដ្ឋ លោក​សុំ​មិន​ឆ្លើយ​ទេ។

លោក ខៀវ រិទ្ធិ​ភ័​ណ្ឌ ប្រាប់​ថា៖ «ខ្ញុំ​សុំ​បញ្ជាក់​បង​ថា ករណីនេះ​មិនមែន​មានការ​ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋនិង​សន្តិសុខ​ទេ។ ករណីនេះជា​ករណី​លួច​ធ្វើឃាត​តែម្តង គឺ​បុគ្គលិក​ក្រុមហ៊ុន​គាត់​ចុះ​ល្បាត​ក្នុង​ដី​ក្រុមហ៊ុន ហើយ​ជនល្មើស​លួចបាញ់​ពី​ក្នុង​ព្រៃ​មក»។

មន្ត្រី​មន្ទី​រកសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ លោក អៀន ង៉ុន ឱ្យដឹង​ថា ក្រុម​ហ៊ុន ​សូ ងួ​ន ទទួល​បាន​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​នៅ​ឆ្នាំ២០០៥ ក្នុង​ទំហំដី​សរុប៩ ៨០០ហិ​កតា ប៉ុន្តែ​ក្រោយមក​បាន​អនុវត្ត​សារាចរលេខ០១របស់រដ្ឋាភិបាល ​គឺ​ក្រុមហ៊ុន​​បាន​កាត់ដីសម្បទាន​មួយចំនួន​ធំ​បែងចែក​ទៅ​ឱ្យប្រជាពលរដ្ឋ​រស់នៅ​និង​អាស្រ័យផល​ជាក់ស្តែង ដោយ​បច្ចុប្បន្ន​នៅ​សស់​តែ៦ ០០៧ហិ​កតា​ប៉ុណ្ណោះ។

លោក អៀន ង៉ុន បញ្ជាក់​ថា ដី​នោះ​ត្រូវ​បាន​ក្រុមហ៊ុន​ធ្វើ​ដំណាំ​កសិកម្មនិង​ឧស្សាហកម្ម​ ដូចជា​ពោត ​សណ្តែក ដើម​អាកា​ស្យា និង​កៅស៊ូ​ ជាដើម។

មន្ត្រី​មន្ទី​រកសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​រូប​នេះ ឱ្យដឹងថា ​នៅ​ឆ្នាំ២០២០នេះ មាន​ប្រជាពលរដ្ឋ​ប្រហែល៣០០គ្រួសារ​ចូល​ទៅ​រុករាននិង​ចាប់​យក​ដី​របស់​ក្រុមហ៊ុន​ ដោយ​បាន​សង់​ខ្ទមនិង​បោះបង្គោល​ព្រំ ដែល​បណ្តាល​ឱ្យមាន​ជម្លោះ​រវាង​សន្តិសុខនិង​ប្រជាពលរដ្ឋ។

លោក​បន្ថែម​ថា៖ «នៅ​ឆ្នាំ២០២០ហ្នឹង ​ប្រជាពលរដ្ឋ​មក​តំបន់​ផ្សេង​ៗ គាត់​បាន​ចូល​មក​រំលោភ​យក​ដី​ក្រុមហ៊ុន​ធ្វើ​កម្មសិទ្ធិ។ ពលរដ្ឋ​ខ្លះ​បាន​មក​ត្រាយព្រៃ​បោះបង្គោល​ព្រំ អ្នកខ្លះ​សង់រោង ហើយ​ពលរដ្ឋ​មក​កាប់​អាកា​ស្យា​របស់​ក្រុមហ៊ុន​ធ្វើ​រោង​នៅក្នុង​ហ្នឹង​ ដាំចេក និង​ដំ​ណាំ​ផ្សេង​ៗ»។

មន្ត្រី​អង្គការ​លី​កាដូ​ប្រចាំ​ខេត្តកំពត លោក យន់ ផល្លី មានប្រសាសន៍​ថា លោក​មិនទាន់​បាន​ចុះ​ស៊ើប​រឿង​នេះ​ទេ ប៉ុន្តែលោក​ដាក់​ការសង្ស័យ​ថា ករណីនេះ​អាច​ពាក់ព័ន្ធ​ជម្លោះដីធ្លី។ លោក​ថា កន្លងមក ​ពលរដ្ឋ​នៅក្នុង​តំបន់​នោះ​ក៏​ធ្លាប់​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន និង​ធ្លាប់​ប៉ះទង្គិច​គ្នា​ជាមួយ​សន្តិសុខ​ក្រុមហ៊ុន​ទៀត​ផង។

លោក យន់ ផល្លី ប្រាប់​ថា៖ «ព្រោះ​កន្លងមក ​កន្លែង​ហ្នឹង​ធ្លាប់​មាន​ទំនាស់​បញ្ហា​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ សូ ងួ​ន និង​ជាមួយ​សន្តិសុខ ​ដែល​សុ​ន្តិ​សុខ​របស់​ សូ ងួ​ន ហ្នឹង ​គាត់​ហាមមិនឱ្យប្រជាពលរដ្ឋ​ចេញចូល​តាម​ដី​របស់​ក្រុមហ៊ុន​អី​ជាដើម​ហ្នឹង»។

ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រ​ពាំង​ផ្លាំ​ង លោក អ៊ុំ សាមិ​ត្ត និយាយ​ថា កាល​ឆ្នាំ២០០៨ ពលរដ្ឋ​ប្រមាណ១ពាន់​គ្រួសារ​បាន​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន សូ ងួន ប៉ុន្តែក្រោយមក ក្រុមនិសិត្ស​របស់​រដ្ឋាភិបាល​ចុះ​វាស់វែង​ដី​ឱ្យបាន​ជាង​ពាក់កណ្តាល ហើយ​នៅសល់​ពលរដ្ឋ​ប្រហែល​២០០គ្រួសារ​ប៉ុណ្ណោះ មិន​ទទួល​បាន​ដំណោះស្រាយ។

លោក អ៊ុំ សាមិ​ត្ត បន្ត​ទៀត​ថា កាលពី៣ខែមុន ប្រជាពលរដ្ឋ​ប្រហែល២០០គ្រួសារបាន​ចូល​រុករាននិង​សង់​ផ្ទះ​តូច​ៗលើ​ដី​ក្រុមហ៊ុន ខណៈ​ដី​នោះ​ទុក​ទំនេរ​ចោល។ លោក​បន្ថែម​ទៀត​ថា ក្រោយ​ឃើញ​ពលរដ្ឋ​ចូល​បង្ក​បង្កើន​ផលនិង​សង់ផ្ទះ​តូច​មក​លើ​ដី​របស់​ខ្លួន គឺ​ក្រុមហ៊ុន​ប្រើ​សន្តិសុខ​ទៅ​រុះរើនិង​ដុត​ផ្ទះ​តូច​ៗរបស់​ពលរដ្ឋ​នោះ​ចោល ដែល​បណ្តាល​ឱ្យពលរដ្ឋ​ខឹងសម្បានិង​មាន​ជម្លោះ​នឹងគ្នា។

លោក អ៊ុំ សាមិ​ត្ត អះអាង​ថា អំឡុង​ខែសីហា​កន្លងទៅ​នេះ ក្រុម​សន្តិសុខ​ក្រុមហ៊ុន​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ពលរដ្ឋ​ម្តង​រួចមក​ហើយ ដោយ​បណ្តាល​ឱ្យរង​របួស​ទាំងសងខាង​ទៀតផង។

លោក​បន្ថែម​ថា៖ «ដល់ពេល​ក្រុមហ៊ុន​វាប​ង្កើត​សន្តិសុខ​សម្រាប់​ដេញ​ពួក​ហ្នឹង។ ដល់​ដេញ​ចុះ​ដេញ​ឡើង ហើយ​ដុតផ្ទះ​ពលរដ្ឋ ហើយ​ពលរដ្ឋ​ហ្នឹង​ក៏​ឆាប់​ខឹង វា​ដេញ​វ៉ៃសន្តិសុខ​ហ្នឹង​ត្រូវរបួស​ខ្លះ ​នៅក្នុង​ខែ១០ហ្នឹង។ ហើយ​សន្តិសុខ​ក្រុមហ៊ុន ​ក៏​វ៉ៃពលរដ្ឋ​ខ្លាំង​ដែរ។ រឿង​ហ្នឹង​ក្រុម​សន្តិសុខ​ក្រុមហ៊ុន​វ៉ៃមុន​ទេ។ ដល់​ពលរដ្ឋ​វ៉ៃវិញ ពលរដ្ឋ​ប្រើ​កាំភ្លើង​ស្នប់​បាញ់»។

វី​អូ​ឌី​ មិន​អាច​សុំ​ការ​បញ្ជក់​ពី​ឧកញ៉ា សូ ងួន បានទេ​ពាក់ព័ន្ធ​ករណីនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ