កម្ពុជា​​នឹង​​ទទួល​​បាន​ការ​​អនុ​គ្រោះ​​ពន្ធ​ GSP​ ពី​​អង់គ្លេស​​នៅ​ដើម​​ឆ្នាំ​២០២១

កម្មករ-កម្មការិនីកំពុងបំពេញការងារក្នុងរោងចក្រមួយកន្លែងក្នុងក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤។ (ឆពណ្ណ បញ្ញា)

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បានឱ្យ​ដឹង​ថា កម្ពុជា​នឹង​ទទួល​បានការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP​) របស់​ប្រទេស​អង់គ្លេស នៅដើម​ឆ្នាំ២០២១ខាងមុខនេះ។

ក្នុង​លិខិត​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បានឱ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា ប្រទេស​អង់គ្លេស​បាន​ចាកចេញ​ពី​សហភាព​អឺរ៉ុប ហើយ​រយៈពេល​អន្តរកាល​នៃ​ការ​ចាកចេញ​របស់​ប្រទេស​អង់គ្លេស​ (Brexit​) នឹង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ២០២០នេះ។

លិខិត​ដដែល បញ្ជាក់​ថា ចាប់ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ប្រទេស​ដែល​មាន​លក្ខណៈ​សម្បត្តិ ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ នឹងអាច​ទទួល​បានការ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅ​ប្រទេស​នានា តាមរយៈ​ប្រព័ន្ធ GSP របស់​អង់គ្លេស ដូច​ការ​អនុគ្រោះ GSP របស់​សហភាព​អឺរ៉ុប​ដែរ។

លិខិត​ដដែល បន្ត​ថា ប្រព័ន្ធ GSP របស់​អង់គ្លេស មាន​ក្របខណ្ឌ​ចំនួន៣ រួមមាន ក្របខណ្ឌ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត ក្របខណ្ឌ​ទូទៅ និង​ក្របខណ្ឌ​ប្រសើរ​ឡើង។

ករណីនេះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា អះអាង​ថា កម្ពុជា​ជា​ប្រទេស​ដែល​អង្គការសហប្រជាជាតិ​ចាត់​ថ្នាក់​ជា​ប្រទេស​ដែល​អភិវឌ្ឍន៍​តិចតួច​បំផុត ដែល​ករណីនេះ កម្ពុជា​នឹង​ទទួល​បានការ​នាំចេញ​ដោយ​មិន​ជាប់ពន្ធនិង​មិន​ជាប់​កម្រិត​កូតាទៅកាន់​ប្រទេស​អង់គ្លេស​សម្រាប់​ទំនិញ​ទាំងអស់ លើកលែងតែ​អាវុធនិង​គ្រឿងផ្ទុះ។

បន្ថែម​ពីនេះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ថា កំពុងធ្វើការ​ងារ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជានិង​សម​ភាគី​អង់គ្លេស ដើម្បី​សុំ​កា​របំ​ភ្លឺ​អំពី​ការ​ផ្លាស់​ប្តូរ​មួយចំនួន​នៅក្នុង​នីតិវិធី​រដ្ឋបាល (ប្រសិនបើ​មាន​)ទៀតផង។

សហភាព​អឺរ៉ុបបាន​ចាប់ផ្តើម​ដក​ភាព​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា​ចំនួន២០ភាគរយ​ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃទី១២ ខែសីហា​មក បន្ទាប់ពី​ខ្លួន​បាន​ដំណើរការ​ពិនិត្យ​រយៈពេល១៨ខែ រាប់​ចាប់ពី​ថ្ងៃ​ប្រកាស​នៅ​ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយ​ខ្លួន​រក​ឃើញ​មានការ​រំលោភសិទ្ធិ​មនុស្សជា​ប្រព័ន្ធ​និង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ