រដ្ឋា​ភិបាល​​ឱ្យ​​បើក​​សាលា​រៀន​ សារមន្ទីរ​ រោង​ភាពយន្ត​ និង​​ការ​រៀប​ចំ​​ពិ​ធី​​ផ្សេង​​ៗ​ឡើង​វិញ​​

បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវមួយកន្លែងទល់មុខវិទ្យាល័យបឹងកេងកង ស្ថិតនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រែ៉ន)

រដ្ឋាភិបាលបាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​សាលារៀន សារមន្ទីរ រោងភាពយន្ត និង​កា​ររៀបចំ​ពិ​ធី​ផ្សេង​ៗឡើងវិញ ក្រោយពី​ការ​ធ្វើតេស្ត​លើក​ទី៤ លើ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិ​ការណ៍៣វិច្ឆិកា ជាង១៤០០នាក់ ទទួល​បាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វីដ១៩។

ការអនុញ្ញាត​នេះបាន​ធ្វើឡើង​ក្រោយពី​រដ្ឋាភិបាលបាន​ប្រកាស​ថា ព្រឹត្តិ​ការណ៍៣វិច្ឆិកា នឹង​ត្រូវ​បិទ​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័​កនៅ​ថ្ងៃទី១៩ ខែវិច្ឆិកា​នេះ នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ពោធិ៍សាត់ ព្រៃវែង និង​កំពង់ធំ ខណៈ​ខេត្ត​កំពង់ឆ្នាំង​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា។ ក្រៅពីនោះ ខេត្ត​កែប ព្រះសីហនុ កំពង់ចាម នឹង​បញ្ចប់​នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា និង​ខេត្តព្រះវិហារ ខេត្តរតនគិរី នៅ​ថ្ងៃទី២៥ ខែវិច្ឆិកា។ 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សារ​ជា​សំឡេង​កាលពី​យប់​ថ្ងៃពុធ​ម្សិលមិញ ដោយ​សម្រេច​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​សាលារៀន​ឡើងវិញនៅ​ថ្ងៃទី២៣ ខែវិច្ឆិកា ខាងមុខ។

ចំពោះ​ការរៀបចំ​ពិធី​អាពាហ៍​ពិពាហ៍ ដែល​ប្រជាពលរដ្ឋ​សម្រេច​ផ្អាក​ដោយខ្លួន​ឯងនា​ពេល​កន្លងមក ដើម្បី​បង្ការ​ការ​ចម្លង​វីរុស​កូ​វីដ១៩នោះ លោកនាយក​រដ្ឋមន្ត្រីក៏បាន​អនុញ្ញាត​ឱ្យ​រៀបចំ​បាន​ផង​ដែរ ប៉ុន្តែ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​ការពារ​ខ្លួនតាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល។

លោក​បាន​ណែនាំ​ទៅ​អាជ្ញាធរ​ដែរ​ថា៖ «សូម​សម្រួល​ឱ្យ​មានការ​រៀប​អាពាហ៍​ពិពាហ៍ គ្រាន់តែ​ឱ្យ​យកចិត្ត​ទុកដាក់​ទៅលើ​បញ្ហា​ទាក់ទង​នឹង​ការ​អនាម័យ ទាក់ទង​នឹង​អ្វី​ជា​តម្រូវការ​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល​តែប៉ុណ្ណោះ»។

លោក​បន្ថែម​ថា៖ «ប្រយ័ត្ន​នៅតែ​ប្រយ័ត្ន ក៏ប៉ុន្តែ​យើង​មិន​ត្រូវ​បិទ​ដង្ហើម​សេដ្ឋកិច្ចនិង​ចលនា​សេដ្ឋកិច្ច​សង្គម​ផ្សេងទៀត​ដែរ​ទេ។ ត្រូវ​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ហ្នឹង ពិនិត្យមើល​គ្រាន់តែ​ជួយ​សម្រួល ដើម្បីរំឭក​ឱ្យ​បងប្អូន​ជានិច្ចកាល​ឱ្យ​មានការ​ប្រុងប្រយ័ត្ន ដូចជា​ការ​វាស់​កម្តៅ ការ​លាងដៃ គម្លាត​សុវត្ថិភាព​ ជាដើម»។

ស្រប​ពេល​គ្នា​នេះ​ដែរ ក្រសួងសុខាភិបាលក៏បាន​ផ្ញើ​លិខិត​ទៅ​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និង​អភិបាល​រាជធានី​-ខេត្ត អនុញ្ញាត​ឱ្យ​បើក​ដំណើរ​កា​រឡើង​វិញ​នូវ​រោងភាពយន្តនិង​សារមន្ទីរ​នានានៅ​ទូទាំង​ប្រទេស ក្រោយមាន​ការណែនាំ​ពី​នាយក​រដ្ឋមន្ត្រី។ 

គួរ​បញ្ជាក់​ថា រដ្ឋាភិបាលបានសម្រេច​ផ្អាក​ដំណើរការ​សាលារៀន រោងភាពយន្ត សារមន្ទីរ និង​ការ​ជួបជុំ​ដែល​មាន​មនុស្ស​ច្រើន ក្រោយពី​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រីបាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា និង​ត្រូវ​បាន​រក​ឃើញថា មាន​ផ្ទុក​វីរុស​កូ​វីដ១៩។ 

ក្រសួងសុខាភិបាលបញ្ជាក់​ថា ក្នុង​ព្រឹត្តិ​ការណ៍៣វិច្ឆិកា ក្រសួង​បាន​រក​ឃើញ​អ្នក​ប៉ះពាល់​ផ្ទាល់និង​ប្រយោល​ សរុប​ចំនួន១ ៤២២នាក់ ក្នុង​នោះ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ចំនួន៤នាក់ ប៉ុន្តែ​បាន​ព្យាបាល​ជាសះស្បើយ​ម្នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ