រដ្ឋា​ភិបាល​​ផ្តល់​​ក្រប​ខណ្ឌ​៣៦០០​កន្លែង​​ដល់​​ក្រសួង​​អប់រំ​ ដើម្បី​​ប្រឡង​​ជ្រើស​រើស​​គ្រូ​បង្រៀន​​នៅ​​ឆ្នាំ​២០២១

លោក ហង់​ជួន ណា​រ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា និង​មន្ត្រី​ក្រសួង​អប់រំ​ផ្សេងទៀត ចុះ​ពិនិត្យ​ថ្នាក់រៀន​នៅ​វិទ្យាល័យ ជា​ស៊ី​ម សន្ធរ​ម៉ុ​ក ក្នុង​កម្មវិធី​ពិនិត្យ​ការ​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ ដំណាក់កាល​ទី៣ នា​ព្រឹក​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ MoEYS Cambodia​)

​ក្រសួង​អប់រំ យុវជន និងកីឡា បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​សម្រេច​ផ្ដល់​ក្របខណ្ឌ៣ ៦០០កន្លែង ដល់​ក្រសួង ដើម្បី​ប្រឡង​ជ្រើសរើសនិង​បណ្តុះបណ្តាល​គ្រូបង្រៀនសម្រាប់​ឆ្នាំ២០២១។

ក្នុង​លិខិត​របស់ក្រ​សួង​អប់រំ ចុះ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បាន​លើកឡើង​ថា ដើម្បី​បំពេញ​តម្រូវការ​គ្រូបង្រៀន​គ្រប់​ប្រភេទ ក្នុង​ក្របខណ្ឌ​នៅ​តាម​អង្គភាព​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ គ្រឹះស្ថាន​អប់រំ​បច្ចេកទេស និង​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ រដ្ឋាភិបាល​សម្រេច​ផ្ដល់​ក្របខណ្ឌ៣ ៦០០កន្លែង ដល់​ក្រសួង​អប់រំ ដើម្បី​ប្រឡង​ជ្រើសរើសនិង​បណ្តុះបណ្តាល​គ្រូបង្រៀន សម្រាប់​ឆ្នាំ២០២១ខាងមុខនេះ។

ក្រសួងបន្ត​ថា ក្របខណ្ឌ​ទាំងនោះ រួមមាន ក្របខណ្ឌ​គ្រូបង្រៀន​មត្តេយ្យ​សិក្សា​ចំនួន២០០កន្លែង​, ក្របខណ្ឌ​គ្រូបង្រៀន​កម្រិត​បឋមសិក្សា ចំនួន១ ៥៥០កន្លែង​, បណ្តុះបណ្តាល​តាម​រូបមន្ត (១២+២ ) ចំនួន១ ២៥០កន្លែង និង​តាម​រូបមន្ត (១២​+៤) ចំនួន៣០០កន្លែង។

រីឯក្របខណ្ឌ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន ក្រសួង​ថា មាន​ចំនួន៥០០កន្លែង រួមមាន ផ្នែក​ចំណេះ​ទូទៅ បណ្តុះបណ្តាល​តាម​រូបមន្ត ​(១២​+២) ចំនួន២៨០កន្លែង និង​តាម​រូបមន្ត (១២​+៤) ចំនួន២០០កន្លែង​, ផ្នែក​អប់រំ​បំណិន​ជីវិត បណ្តុះបណ្តាល​តាម​រូបមន្ត​ (១២​+២) ចំនួន២០កន្លែង។

ចំណែក​ឯក្របខណ្ឌ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​អប់រំកាយនិងកីឡា ចំនួន១៥០កន្លែង​, ក្របខណ្ឌ​គ្រូបង្រៀន​កម្រិត​ឧត្តម (បង្រៀន​នៅ​វិទ្យាល័យ​) ឯណោះ​វិញ មាន​ចំនួន១ ១០០កន្លែង រួម​ទាំង​វិទ្យា​ស្ថាន​ជាតិ​អប់រំ​ពិសេស ចំនួន១៥កន្លែង (ក្របខណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល មន្ត្រី​ក្រមការ និង​លេខាធិការ​)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ