ក្រសួង​​អប់រំ​អនុ​​ញ្ញា​ត​ឱ្យ​​បើក​​សាលា​រៀន​​ឡើង​វិញ​​នៅ​​ថ្ងៃ​ទី​២៣​វិច្ឆិកា​

សកម្មភាពក្នុងថ្នាក់រៀនមួយនៅវិទ្យាល័យជាស៊ីមបឹងកេងកង ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ (សំ ដារ៉ា)

​ក្រសួង​អប់រំ យុវជន និងកីឡា សម្រេច​អនុញ្ញាត​ឱ្យ​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈនិង​ឯកជននៅ​រាជធានី​ភ្នំពេញនិង​ទីរួមខេត្ត​កណ្តាល ព្រមទាំង​ការហាត់ប្រាណនិង​លេង​កីឡានៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ឡើង​វិញ។

សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​អប់រំ ចុះ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យ​ដឹង​ថា ក្រោយពី​ព្រឹត្តិ​ការណ៍៣វិច្ឆិកា ត្រូវ​បិទ​បញ្ចប់ ក្រសួង​សម្រេច​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​សាធារណៈនិង​ឯកជននៅ​រាជធានី​ភ្នំពេញនិង​ទីរួមខេត្ត​កណ្តាល ដំណើរការ​ឡើងវិញ ចាប់ពី​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

សេចក្តី​ជូន​ព័ត៌មាន បន្ត​ថា ក្រសួង​នៅតែ​រក្សា​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (ឌីប្លូម​) នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប​) នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។

សេចក្តី​ជូនដំណឹង​បន្ថែម​ថា គ្រឹះស្ថានសិក្សា​សាធារណៈនិង​ឯកជន​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់​ដារ (SOP​) សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ ក្នុង​បរិបទ​កូ​វីដ១៩ និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គមនិង​បុគ្គល ហើយ​ក្នុងករណី​ចាំបាច់ ត្រូវ​ពាក់​ម៉ាស់ការពារ នៅក្នុង​បរិវេណ​​គ្រឹះស្ថានសិក្សា។

ជាមួយគ្នា​នេះ ក្រសួង​អប់រំក៏បាន​អនុញ្ញាត​ឱ្យ​មានការ​ហាត់ប្រាណ លេង​កីឡា និង​ការ​ចេញចូល បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ចាប់ពី​ថ្ងៃទី១៩ ខែវិច្ឆិកា​នេះ​តទៅ​ដែរ ដោយ​បន្ត​អនុវត្ត​នូវ​វិធាន​ការសុវត្ថិភាព សុខភាព និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម។

កាលពី​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួង​អប់រំបាន​ប្រកាស​ផ្អាក​ដំណើរការ​សាលារៀន​នៅ​រាជធានី​ភ្នំពេញនិង​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ក្រោយ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្តិ​ការណ៍៣វិច្ឆិកា ចំនួន៤នាក់ និង​មាន​អ្នក​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​ជាង១ ៤០០នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ