ក្រសួង​​សង្គម​កិច្ច​​ថា​ កា​រ​​ដោះ​ស្រាយ​​បញ្ហា​​ជន​​អនា​ថា​​​សុំ​ទាន​​នៅ​ជា​​បញ្ហា​​ប្រឈម​​

ទិដ្ឋភាព និងសកម្មភាពលក់ដូររបស់អាជីវករនៅមុខផ្សារឃ្លាំងរំសេវ ល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នា២០២០។ (ស្រី សុភ័ក្រ)

រដ្ឋាភិបាល​បាន​ចេញ​សេ​ក្តី​សម្រេច​តែងតាំង​សមាសភាព​គណៈកម្មាធិការ​ជាតិ​ដោះស្រាយ​បញ្ហា​ជន​អ​នាថា ខណៈ​ក្រសួង​ថា ជន​អ​នាថា​មួយចំនួននៅតែ​មិន​ទទួលយក​សេវា​ផ្គត់ផ្គង់​របស់​រដ្ឋ។

សេចក្តី​សម្រេច​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី១៧ ខែវិច្ឆិកា សមាជិក​គណៈកម្មាធិការ​នេះ​មាន១៧រូប ក្នុង​នោះ ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ជា​ប្រធាន។

អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច លោក តូច ចាន់​នី មានប្រសាសន៍​ថា គណៈកម្មាធិការ​នេះ​បាន​បង្កើត​យូរឆ្នាំហើយ​សម្រាប់​ដោះស្រាយ​បញ្ហា​ជន​អ​នាថា ប៉ុន្តែសេចក្តី​សម្រេច​ថ្មី​របស់​រដ្ឋាភិបាល ជា​ការ​ផ្លាស់​ប្តូរ​សមាសភាព​សមាជិក​មួយចំនួន​ប៉ុណ្ណោះ។

លោក​និយាយ​ទៀត​ថា ការគ្រប់គ្រងនិង​ដោះស្រាយ​បញ្ហា​ជន​អនាថា​បច្ចុប្បន្ននៅតែ​ប្រឈម ដោយ​លោក​ថា ជនអនាថា​ទាំងនោះ​មិន​ទទួលយក​សេវា​ឧបត្ថម្ភ​របស់​រដ្ឋ​ទេ ពិសេស​អ្នកសុំទាន បើ​ទោះបីជា​មានការ​អះអាង​ថា ចំនួន​នេះ​មានការ​ធ្លាក់ចុះ​បន្តិច​ក៏ដោយ។

លោក តូច ចាន់​នី ប្រាប់​ថា៖ «តាម​ការស្រាវជ្រាវ​របស់ខ្ញុំ​ គឺថា ក្នុង១ថ្ងៃ គាត់​រកលុយ​បាន​ពី៥ម៉ឺន​ ទៅ៧ម៉ឺន​រៀល។ អ៊ីចឹង បើ​យើង​យក​ដាក់​ក្នុង​មណ្ឌល គាត់​បានតែ​របបហូបចុក ការ​ថែ​ទាំង​សុខភាព ការគ្រប់គ្រង​អី​ល្អ​អ៊ីចឹង ​គាត់​អត់​ចង់​ទេ។ គាត់​ចង់​មករ​កក្រៅ​ មករ​កលុយ។ អ្នកខ្លះ​គាត់​រកលុយ​ចិញ្ចឹម​គ្រួសារ​គាត់ យក​អាហ្នឹង​ជាមុ​ខរ​បរ»។

មន្ត្រី​រូប​នេះនិយាយ​ទៀត​ថា ការ​ជួញដូរ​កុមារ​ជា​ផល​លំបាក​ដែរ ដោយ​ថា ជន​ទុច្ចរិត​មួយចំនួន​នៅតែ​ប្រើប្រាស់​កុមារឱ្យ​លក់ដូរ​តាម​ហាង ដើម្បី​ជា​ផល​ចំណេញ​របស់​ខ្លួន និង​ខ្លះទៀត​បណ្តុះបណ្តាល​មុខរបរ​ខ្នាត​តូច ចំណាយ​លុយ​ទិញ​ធុងទឹក​អំពៅ​ឱ្យ​លក់ ​ដូច​បានតែ១ខែឬពីរ​ខែ​ លក់​ទាំង​សម្ភារ​ ឈប់​នៅក្នុង​មណ្ឌល​ទៀត។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត មានប្រសាសន៍​ថា តាម​ការអង្កេត ជន​អនាថា​សុំទាន​នៅ​តាម​ដងផ្លូវ​ ហាក់​មិន​ថយ​ចុះ​ទេ ដែល​ថា រដ្ឋាភិបាល​គួរ​ពង្រឹង​ប្រសិទ្ធភាព​ដោះស្រាយ​បញ្ហា​នេះ បើ​ទោះបី​លោក​ថា បញ្ហា​នេះ​នៅ​ជួប​ការ​លំបាក​ក៏ដោយ។

លោក អំ សំអាត ប្រាប់​ថា៖ «បើសិនជា​គាត់​គ្មាន​ដី គ្មាន​កន្លែង​រស់នៅ​ទេ គួរ​គិត​ពី​ដីសម្បទាន​សង្គមកិច្ច​សម្រាប់​ពួក​គាត់។ សំខាន់​ឱ្យ​មានមុខ​របរ អាហ្នឹង​បាន​អាច​ធានា។ បើ​មិន​អ៊ីចឹង​ទេ ខ្ញុំ​គិតថា ដូចជា​ការ​វែក​ចក​អ៊ីចឹង»។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះនិយាយ​ថា មណ្ឌល​ដែល​រដ្ឋាភិបាល​ប្រមូល​ជន​អ​នាថា​ទៅ​ដាក់ គួរ​ធានា​ពី​អាហារ​ហូបចុក​សមរម្យ ការ​ស្នាក់នៅ​មាន​អនាម័យ ការ​ថែ​ទាំ​សុខភាព បណ្តុះបណ្តាល​ជំនាញ មិន​ត្រូវ​បង្ខាំង​មនុស្ស​ទាំង​បង្ខំ​ ជាដើម។

តាម​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច គិត​ត្រឹម​ដើមឆ្នាំ២០២០ មាន​ជនអនាថា ៣ ៧៨៤នាក់ ប៉ុន្តែលោក​ថា ចាប់ពី​ខែមិថុនា ចំនួន​ជន​អ​នាថាបា​ន​ថយ​ចុះ ខណៈ​រដ្ឋាភិបាល​ផ្តល់​សាច់ប្រាក់​ឱ្យ​ជន​ក្រីក្រ​នៅ​ទូទាំង​ប្រទេស និង​បិទ​ពិធីបុណ្យ​ជា​តិ​ធំៗ​ដូចជា​ពិធីបុណ្យ​អុំ​ទូក​ ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ