ក្រសួង​​ពាណិជ្ជ​កម្ម​​ព្រមាន​​ចាត់​វិធាន​ការ​​ផ្លូវ​ច្បាប់​​ចំ​ពោះ​​ដេ​ប៉ូ​ល​ក់​​សាំង​​ដែលលក់​​​មិន​​គ្រប់​​លីត្រ​និង​​គ្មាន​​គុណ​ភាព​

មន្ត្រី ក.ប.ប នៃ​ក្រសួង​ពាណិជ្ជកម្ម ចុះ​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ​នៅ​ស្ថានីយ​មួយ​កន្លែង​ក្នុង​ខេត្ត​កណ្ដាល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ អគ្គ.ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF​)

​ក្រសួង​ពាណិជ្ជកម្ម ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ដេប៉ូ​សាំង​ទាំងឡាយ​ណា​ដែល​រក​ឃើញថា លក់​មិន​គ្រប់​លីត្រនិង​មិន​អនុលោម​ទៅតាម​ស្តង់​ដារ​គុណភាព។

ការព្រមាន​របស់ក្រ​សួង​ពាណិជ្ជកម្ម​នេះ ធ្វើឡើង​ក្រោយ​មន្ត្រី​ជំនាញនៃ​ក្រសួង​នេះ​បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់​នៅដេ​ប៉ូល​ក់​សាំង​មួយចំនួនថា ​បាន​លក់​សាំង​ទៅ​ឱ្យ​អតិថិជន​មិន​គ្រប់​លីត្រនិង​មិន​មានគុណ​ភាព។

កាលពី​ថ្ងៃទី១៨ ខែ​វិ​ច្ឆិកា ឆ្នាំ២០២០ អគ្គនាយក​ដ្ឋាន​ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប​) នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​ស្ថានីយនិង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ចំនួន៣៥កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ២១ ក្នុង​ស្រុក​ស្អាង ខេត្តកណ្តាល។

ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​ដឹង​ថា ក្រោយ​ការ​ត្រួតពិនិត្យ​រួច មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ស្ថានីយ​ឬដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ចំនួន៥ទីតាំង មិនបានអនុលោម​ភាព​ទាំង​ផ្នែក​គុណភាពនិង​បរិមាណ និង​ស្ថានីយឬដេប៉ូ​ចំនួន៣ទីតាំង ​មិនបាន​អនុលោម​ភាព​ផ្នែក​បរិមាណ ខណៈ​មួយ​ទីតាំង​ទៀត​មិន​អនុលោម​ភាព​ផ្នែក​គុណភាព។

ក្រសួង​ពាណិជ្ជកម្ម បន្ថែម​ថា ក្រោយ​រក​ឃើញ​ភាព​មិន​ប្រ​ក្រ​តី​បែបនេះ មន្ត្រី​ជំនាញ​បានឱ្យ​ម្ចាស់​ស្ថានីយឬដេប៉ូ​ទាំងនោះ​ធ្វើ​កិច្ចសន្យា​កែតម្រូវ​វិញ និង​ព្រមាន​ថា ប្រសិនបើ​រកឃើញ​មាន​កំហុស​លើក​ទី២ មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ។

អគ្គនាយក នៃ​អគ្គនាយក​ដ្ឋាន​ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ លោក ផាន អូន ប្រាប់​វី​អូ​ឌី នៅ​ថ្ងៃសុក្រ​នេះ​ថា កន្លងមក មន្ត្រី​ជំនាញ ក.ប.ប បាន​រក​ឃើញ​ច្រើន​ដែរ តែ​លោក​មិន​ចាំ​តួលេខ​នូវ​ស្ថានីយនិង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​តាម​បណ្តា​រាជធានី​-ខេត្ត​មួយចំនួនដែល​មាន​ភាព​មិន​ប្រ​ក្រ​តី​នេះ​ទេ។

លោក ផាន អូន អះអាង​ថា កន្លងមក ក.ប.ប ធ្លាប់​បាន​ប្តឹង​ម្ចាស់​ស្ថានីយនិង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​មួយចំនួន​ទៅ​តុលាការ​ផង​ដែរ ដូចជា​នៅ​ខេត្តកណ្តាល តាកែវ និង​បណ្តា​ខេត្ត​មួយចំនួន​ទៀត ដោយសារ​ពួក​គេ​មិន​គោរព​តាម​កិច្ចសន្យា​និង​ការណែនាំ​របស់​មន្ត្រី​ជំនាញ។

លោក​បន្ថែម​ថា៖ «ហើយ​យើង​ក៏បាន​ភ្ជាប់និង​ផ្សព្វផ្សាយ​ម្ចាស់ Brand ធំៗ ឱ្យ​គាត់​ផ្សព្វផ្សាយ​ទៅដល់​ដេប៉ូឬស្ថានីយ​ទូទាំង​ប្រទេស​អំពី​ការអនុវត្ត​ច្បាប់។ ឥលូវ​នេះ យើង​មិនទាន់​អនុវត្ត​វិធានការ​តឹង​រ៉ឹង ​ដោយសារ​យើង​កំពុង​ចុះ​ផ្សព្វផ្សាយ​តាម​បណ្តា​រាជធានី​-ខេត្ត​ហ្នឹង វា​បាន​ប្រហែល​ជិត១០រាជធានី​-ខេត្ត​ហើយ ហើយ​គោលដៅ​យើង​គឺ​ខែ១២ ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​អស់ រួចហើយ​យើង​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ស្តី​ពី​កិច្ចការពារនិង​ប្រើប្រាស់ ដែល​អាច​នឹង​មានការ​ពិន័យ​អន្តរកាលនិង​មាន​នីតិវិធី​ឡើង​ទៅ​តុលាការ​ជាដើម»។

ពលរដ្ឋ​អ្នកធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ម្នាក់ លោក អ៊ូច សុ​ជា ហាក់​មិន​មាន​ជំនឿ​លើ​វិធានការ​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ចំពោះ​ស្ថានីយ​ឬដេប៉ូ​ចែកចាយ​ប្រេង​ឥន្ទ​នៈ​ដែល​គ្មាន​គុណភាពនិង​មិន​គ្រប់​ចំនួន​នេះ​ទេ។

លោក​លើកឡើង​ថា កន្លងមក លោក​សង្កេតឃើញ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ចុះ​ពិនិត្យ​កន្លែង​ចែកចាយ​ប្រេង​ឥន្ធនៈ ដោយ​រក​ឃើញ​ភាព​មិន​ប្រ​ក្រ​តី​ជាច្រើន និង​បាន​ព្រមាន​ចាត់វិធានការ​ជាច្រើន​ដង​ផង​ដែរ ប៉ុន្តែ​បញ្ហា​នេះ​នៅតែ​កើតមាន​ដដែល។

លោក​បន្ថែម​ថា៖ «ថ្ងៃមុន​ ដូចជា​មានការ​ផាកពិន័យ​លើ​ស្ថានី​យមួយចំនួន​អស់​ប៉ុន្មាន​លាន​ៗរៀល​អីចឹង ហើយ​ស្ថានីយ​ខ្លះ​បាន​ផាក​រហូត​ទៅដល់២ទៅ៣ដង​ទៀត អ៊ីចឹង​ដូចជា​នៅ​ដដែល​ៗ។ ហើយ​លើកក្រោយ ​ឃើញ​បាត់​លីត្រ​ដដែល​ទៀត។ អ៊ីចឹង​ខ្ញុំ​អត់​ដឹង​ថា តើ​ប្រសិទ្ធភាព​នៃ​ការព្រមានឬចាត់វិធានការ​របស់ក្រ​សួង​ពាណិជ្ជកម្ម​បាន​កម្រិត​ណា​ទេ ព្រោះ​ឃើញ​តែ​ប្រកាស​ចាត់វិធានការ ប៉ុន្តែ​ប្រសិទ្ធភាព​ហាក់បីដូចជា​មិន​មានអី​ប្រែប្រួល»។

ពលរដ្ឋ​អ្នកធ្វើ​ដំណើរ​ដោយ​រថយន្ត អ្នកស្រី លឹម ធីតា និយាយ​ថា ការដែល​ម្ចាស់​ស្ថានីយឬដេប៉ូ លក់​ប្រេងសាំង​មិន​គ្រប់​ចំនួននិង​គ្មាន​គុណភាព នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខាតបង់​ថវិកានិង​ប៉ះពាល់​ដល់​គ្រឿងម៉ាស៊ីន​យានយន្ត​របស់​ពួក​គាត់។

អ្នកស្រី​បន្ត​ថា ពលរដ្ឋ​មិន​អាច​មើល​ដឹង​ថា សាំង​ដែល​ម្ចាស់​ស្ថានីយ​ឬដេប៉ូ​នី​មួយ​ៗលក់​នោះ គ្រប់​ចំនួន​ឬក៏​អត់ទេ​ ដោយសារ​ពុំ​មាន​អ្វី​វាស់​ជាក់លាក់។ អ្នកស្រី​ថា កន្លងមក អ្នកស្រី​ធ្លាប់​ទទួល​បាន​សាំង​មិន​គ្រប់ ខណៈ​ដែល​អ្នកស្រី​បាន​យក​ឡាន​ទៅ​ចាក់សាំង​ចំនួន២០ដុល្លារ​នៅ​ស្ថានីយ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ។

អ្នកស្រី​បន្ថែម​ថា៖ «បើ​គ្រាន់តែ​បំបាត់​ចំនួន វា​គ្រាន់តែ​យើង​ខាត​លុយ​ខាត​កាក់​ទេ ប៉ុន្តែ​ដល់ពេល​យក​សារ​ធា​តុ​ផ្សេង​ៗទៅ​លាយ​ក្នុង​ប្រេង​ឥន្ធនៈ​អ៊ីចឹង វា​ធ្វើ​ឱ្យ​ខូចខាត​ម៉ាស៊ីនរថយន្ត​របស់​យើង​ថែមទៀត អាហ្នឹង​វា​ខូច​ធំ​តែម្តង អ៊ីចឹង​សំណូមពរ​ថា ធ្វើ​យ៉ាងម៉េច​ក៏ដោយ ឱ្យ​វា​មានការ​រឹតបន្ដឹង​បញ្ហា​ហ្នឹង ឱ្យ​មាន​គោលការណ៍​ច្បាស់លាស់ ថា​តើ​ប្រជាពលរដ្ឋ​គាត់​ធ្វើ​ម៉េច​ដឹង​ថា សាំង​ហ្នឹង​គ្រប់​ឬមិន​គ្រប់ មានអី​យក​ទៅ​វាស់ ហើយ​ធ្វើ​ម៉េច​ធានា​ថា ស្ថានីយឬដេប៉ូ​ហ្នឹង គាត់​លក់​សាំង​សុទ្ធ​ត្រឹមត្រូវ»។

មន្ត្រី​កម្មវិធី​នៅ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​ និង​សន្ដិ​ភាព លោក ហេង គី​មហុង មានប្រសាសន៍​ថា ក្រសួង​ពាណិជ្ជកម្ម គួរតែ​ចាត់វិធានការ​ច្បាប់​តែម្តង​ចំពោះ​ម្ចាស់​ស្ថានីយឬដេប៉ូ​ទាំងឡាយ​ណាដែល​បាន​ចែកចាយ​ប្រេង​ឥន្ធនៈ​មិន​គ្រប់​លីត្រនិង​គ្មាន​គុណភាព​នេះ ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​បន្ត​ខាតបង់​ផលប្រយោជន៍។

កន្លងមក លោក​ធ្លាប់​ឃើញ​មន្ត្រី​ជំនាញ​របស់ក្រ​សួង បាន​ផ្សព្វផ្សាយនិង​ព្រមាន​ច្រើនដង​ហើយ​ពាក់ព័ន្ធ​បញ្ហា​នេះ ប៉ុន្តែ​ម្ចាស់​ស្ថានីយឬដេប៉ូ​មួយចំនួននៅតែ​មិន​អនុវត្ត ដែល​លោក​បាន​ដាក់​ការសង្ស័យ​ថា អាច​ជាប់ពាក់ព័ន្ធ​អំពើពុករលួយ​ណាមួយរវាង​មន្ត្រី​ចុះ​ត្រួត​ពិនិត្យនិង​ម្ចាស់​ស្ថានីយ​ឬដេប៉ូ​នោះ។

លោក​បន្ថែម​ថា៖ «ការព្រមាន​នេះឬការ​ផ្តល់​ព័ត៌មាន​នេះ គឺ​បាន​ធ្វើ​យូរណាស់​មក​ហើយ​បើ​តាមខ្ញុំ​ដឹង អ៊ីចឹង​មកដល់​ដំណាក់កាល​នេះ រដ្ឋាភិបាល ជាពិសេស​ក្រសួង​ពាណិជ្ជកម្ម គួរតែ​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ ទើប​ធ្វើ​ឱ្យ​ឈ្មួញ​ទុច្ចរិត​ទាំងអស់​ហ្នឹង គាត់​អាច​ប្តូរ​ឥរិយាបថ​ពី​កា​រកេងប្រវ័​ញ្ចនៃ​ការ​លក់​ផលិតផល​គ្មាន​គុណភាព​ហ្នឹង​បាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ