ក្រុមស្ត្រីនិងសាច់ញាតិរបស់សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំ បានបន្តការប្រមូលផ្ដុំរបស់ពួកគេជាថ្មីទៀតនៅថ្ងៃសុក្រនៅឯមុខព្រះបរមរាជវាំង ដើម្បីស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រឱ្យជួយដល់ស្វាមីរបស់ពួកគេ។
អ្នករាយការណ៍ព័ត៌មានវីអូឌីដែលតាមដានការតវ៉ានេះ បានឱ្យដឹងថា ក្រុមអ្នកតវ៉ានៅព្រឹកថ្ងៃសុក្រនេះ មានចំនួនប្រហែល២០នាក់ ហើយពួកគេនៅតែរក្សាការតវ៉ារបស់ពួកគេនៅរៀងរាល់ថ្ងៃសុក្រដដែល បើទោះបីជាមានការរារាំងពីក្រុមសន្តិសុខសាលារាជធានីភ្នំពេញក្ដី។
អំឡុងការប្រមូលផ្ដុំតវ៉ានៅមុខព្រះបរមរាជវាំងនោះ គ្មានមន្ត្រីណាម្នាក់ចេញមកទទួលញត្តិរបស់ពួកគេឡើយ ហើយក្រុមអ្នកតវ៉ាទាំងនោះបានបន្តដំណើររបស់ពួកគេទៅប្រមូលផ្ដុំនៅមុខស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា៕