មន្ត្រី​​ថា​ ការ​​បើក​​ដំណើរ​ការ​​គ្រឹះ​ស្ថាន​សិក្សា​​ឡើង​វិញ​​នៅ​​ថ្ងៃ​នេះ​​ប្រព្រឹត្ត​ទៅ​​ដោយ​​រលូន​

សិស្សៗនៅវិទ្យាល័យជាស៊ីមបឹងកេងកង ពាក់ម៉ាស់ការពារពីកូវីដ១៩ អង្គុយជជែកគ្នានៅបង់សាលារៀន ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។ (ត្រាន់ តិចសេង)

​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អប់រំ ឱ្យ​ដឹង​ថា ការ​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​នៅ​រាជធានី​ភ្នំពេញនិង​ទីរួមខេត្ត​កណ្តាល​ឡើងវិញ នៅ​ថ្ងៃនេះ បាន​ប្រព្រឹត្តទៅដោយ​រលូននិង​មានការ​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​បាន​យ៉ាង​ខ្ជាប់ខ្ជួន។

អ្នកនាំពាក្យ​ក្រសួង​អប​រំ យុវជន និងកីឡា លោក រស់ សុ​វាចា មានប្រសាសន៍​នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ​ថា ការ​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​នៅ​រាជធានី​ភ្នំពេញនិង​ទីរួមខេត្ត​កណ្តាល ក្រោយ​ការ​បិទ​បញ្ចប់​ព្រឹត្តិ​ការណ៍៣វិច្ឆិកា បាន​ប្រព្រឹត្តទៅ​ដោយមាន​ភាព​រលូន​តាម​ការ​គ្រោងទុក ប្រកបដោយ​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​សុខភាព តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់​ដារ​របស់ក្រ​សួង​អប់រំដែល​បាន​ដាក់ចេញ​កន្លងមក។ 

លោក​បន្ត​ថា៖ «ក្រសួង​អប់រំសូម​អំពាវនាវ​ដល់​បុគ្គលិក​អប់រំ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​គ្រប់​ភាគី​ពាក់ព័ន្ធ សូម​បន្ត​អនុវត្ត​គោលការណ៍​ប្រតិ​បត្តិ​ស្ដ​ង់​ដាររបស់ក្រ​សួង​អប់រំ យុវជន និងកីឡា ចុះ​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ និង​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាលឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​បំផុត»។ 

លោក​ក៏បាន​អំពាវនាវ​ដល់​សិស្សានុសិស្សនិង​បេក្ខជន​ប្រឡង បន្ត​រៀនសូត្រ​តាម​បែប​ចម្រុះ រួមមាន រៀន​ក្នុង​ថ្នាក់​ផង រៀន​តាម​អន​ឡាញ​ផង អម​ដោយ​ក្រដាស​កិច្ចការ​ជំនួយនិង​សៀវភៅ​សិក្សា​គោល ជាពិសេសបន្ត​អនុវត្ត​នូវ​វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា។

កាលពី​ថ្ងៃទី០៨ ខែវិច្ឆិកា រាជរដ្ឋាភិបាលបានសម្រេច​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈនិង​ឯកជន នៅ​រាជធានី​ភ្នំពេញនិង​ទីរួមខេត្ត​កណ្តាល ជា​បណ្តោះអាសន្ន​រយៈពេល២សប្តាហ៍ ក្រោយពី​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ លើ​មនុស្ស៤នាក់ដែល​ប៉ះពាល់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហុងគ្រី នៅពេល​ដែល​លោក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​ផ្លូវ​ការ កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា។ 

ទោះ​យ៉ាងណា រាជរដ្ឋាភិបាលបាន​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិ​ការណ៍៣វិច្ឆិកា កាល​ថ្ងៃទី១៩ ខែវិច្ឆិកា និង​សម្រេច​បើក​ដំណើរការ​សាលារៀន​នៅ​រាជធានី​ភ្នំពេញនិង​ទីរួមខេត្ត​កណ្តាល​វិញនៅ​ថ្ងៃនេះ ក្រោយពី​កម្ពុជាបាន​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្ត​ការណ៍៣វិច្ឆិកា​នេះ​ដោយ​ជោគជ័យ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ