សង្គម​​ស៊ីវិល​បារម្ភ​​ការ​​អភិវឌ្ឍ​​នៅ​​មូល​ដ្ឋាន​​អាច​​នឹង​​យឺត​យ៉ាវ​ បើ​​ផ្អែក​លើ​​ខ្លឹម​សារ​​សេចក្តី​​ព្រាង​ច្បាប់​​ថវិកា​ជាតិ​​

ស្ត្រីម្នាក់ជិះម៉ូតូឌុបក្មេងៗបីនាក់ ជិះកាត់មុខសាលាស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ក្រុម​អង្គការ​សង្គម​ស៊ីវិល បារម្ភ​ថា ការ​អភិវឌ្ឍ​នៅ​ថ្នាក់ក្រោម​ជាតិ នឹង​មិន​អាច​ដំណើរការ​ដោយ​រលូន​បានឬយឺតយ៉ាវ​តែម្ដង បើ​តាម​ការ​វិភា​គត្រួស​ៗលើ​សេចក្ដីព្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ២០២១។ 

ក្ដី​បារម្ភ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន១១ស្ថាប័ន បាន​លើកឡើង​តាមរយៈ​លិខិត​មួយចុះ​ថ្ងៃទី២០ ខែវិច្ឆិកា ដោយ​ពួក​គេ​បាន​ស្នើ​សភា​ពេញអង្គ ពិចារណា​ឡើងវិញ​ពី​លទ្ធភាព​កែ​លម្អ​សេចក្តី​ព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ២០២១។

សេចក្ដីសង្ខេប​ប្រតិបត្តិ​ស្ដីពី​សេចក្តី​ព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ២០២១ បង្ហាញថា រដ្ឋាភិបាល សម្រេច​កាត់បន្ថយ​ថវិកាជាតិ​ជា​រួម​ប្រមាណ៤​% ខណៈ​ដែល​ថវិកា​នៅ​ថ្នាក់ក្រោម​ជាតិ​ធ្លាក់ចុះ​ជាង២២​% បើ​ធៀប​នឹង​ថវិកា​ឆ្នាំ២០២០។

ប្រធាន​កម្មវិធី​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តី​ពី​កម្ពុជា (NGO Forum​) លោក ម៉ា សុផល មានប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល ចង់ឱ្យ​រដ្ឋសភាពិភាក្សា​លើ​សេចក្តី​ព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ២០២១ ឱ្យ​បាន​ហ្មត់ចត់ ដោយ​គិតគូរ​លើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ជាទូទៅ ស្រប​បញ្ហា​ប្រឈម​ដែល​ប្រទេសជាតិ​កំពុង​ជួបប្រទះ។ 

លោក​បន្ត​ថា៖ «អ្វី​ដែល​យើង​សម្គាល់ គឺ​ការ​ថយ​ថវិកា​ថ្នាក់ក្រោម​ជាតិ​ហ្នឹង​ច្រើន យើង​ព្រួយបារម្ភ​ថា ការ​អភិវឌ្ឍ​ភូមិ​ឃុំ​ហ្នឹង​យឺតយ៉ាវ គម្រោង​វិនិយោគ​ឃុំ​អី​មួយចំនួន​នឹង​ត្រូវ​ពន្យា​រពេល នេះ​ជា​ការ​ព្រួយបារម្ភ»។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍​ថា ការកាត់បន្ថយ​ថវិកា​នៅ​ថ្នាក់ក្រោម​ជាតិ​ឆ្នាំ២០២១ នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លទ្ធភាព​នៃ​ការ​កសាង​សេដ្ឋកិច្ច​សង្គម​មូលដ្ឋាន ពិសេស​ប៉ះពាល់​ប្រយោជន៍​ពលរដ្ឋ​ផ្ទាល់​តែម្ដង។ លោក​បន្ត​ថា រាជរដ្ឋាភិបាលគួរណាស់តែ​ចែករំលែក​ព័ត៌មាន​ថវិកា​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ឱ្យ​ការរៀបចំ​ថវិកា​មាន​ប្រសិទ្ធភាព។

លោក​បាន​ថ្លែង​ថា៖ «យើង​ចង់ឱ្យលើកទឹកចិត្ត​ឱ្យ​រដ្ឋាភិបាលចែករំលែក​ព័ត៌មាន​ថវិកា​នេះ​ឱ្យ​ទូលាយ​បន្តិច មក​ខាង​ដៃគូ​ពាក់ព័ន្ធ ពិសេស​សង្គម​ស៊ីវិល ដើម្បី​ឱ្យ​យើង​ត្រួតពិនិត្យ​មើល ​វិភាគ​ថវិកា​ហ្នឹងឱ្យ​ល្អ​ជួយ​ដល់​រដ្ឋាភិបាល​វិញ»។

ក្រុម​សង្គម​ស៊ីវិល​ទាំងនោះស្នើ​អនុសាសន៍​ចំនួន៩ចំណុចទៅកាន់​រដ្ឋសភា ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ថវិកាជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព។

អនុសាសន៍​ទាំង៩ចំណុច​ដែល​បាន​លើកឡើង​ក្នុង​សេចក្តី​ថ្លែង​ជំហរ​របស់​អង្គការ​ទាំងនោះ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ រួមមាន ប្រសិទ្ធភាព​ក្នុង​ការ​ប្រមូល​ចំណូល ចាត់វិធានការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច កាត់បន្ថយ​ចំណាយ​ថវិកា​មិន​ចាំបាច់ បណ្ដុះបណ្ដាល​ជំនាញ​បន្ថែម​ឆ្លើយតប​នឹង​កំណើន​សេដ្ឋកិច្ច ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​សង្គម ចាត់ចែង​ថវិ​កាដែលបាន​ខ្ចី​ពី​បរទេស​ប្រកបដោយ​តម្លាភាព យកចិត្ត​ទុកដាក់​ដល់​ពលរដ្ឋ​ដែល​រកស៊ី​មុខរបរ​ក្រៅ​ប្រព័ន្ធ ឆ្លើយតប​ផល​ប៉ះពាល់​ដែល​បណ្ដាលមកពី​ការ​បាត់ EBA និង​បែកចែក​ថវិកា​ទៅកាន់​ថ្នាក់ក្រោម​ជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព។

អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េង​ឡុង មានប្រសាសន៍​ថា លោក​មិនបាន​ឃើញ​លិខិត​ដែល​សង្គម​ស៊ីវិល​ដាក់​ជូន​ទៅ​រដ្ឋសភា​នោះ​ទេ ប៉ុន្តែ​លោក​ថា សេចក្ដីព្រាង​ច្បាប់​ថវិកា​ឆ្នាំ២០២១នេះ ​ឆ្លង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​រួចហើយ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិនបាន​ឃើញ​លិខិត​ហ្នឹង​នៅឡើយ​ទេ។ រដ្ឋសភា​នឹង​បើក​ប្រជុំ​អនុម័ត​សេចក្ដីព្រាង​ច្បាប់​ថវិកា​ឆ្នាំ២០២១នេះ នៅ​ថ្ងៃទី២៥ ​[ខែវិច្ឆិកា​] ខាងមុខ បើ​ឃើញ​សំណើ​ណា​មួយ​នោះ ​តំណាងរាស្ត្រ​នឹង​លើកឡើង​ក្នុង​អង្គប្រជុំ​មិនខាន»។

សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២១ ឬសេចក្ដីព្រាង​ច្បាប់​ថវិកា​ឆ្នាំ២០២១ ត្រូវ​បាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម​នៃ​រដ្ឋសភា ដឹកនាំ​ដោយលោក ជាម យៀប និង រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុ​ន្នី​រ័ត្ន បើក​ការប្រជុំ​ពិភាក្សា កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា។ 

គេហទំព័រ​រដ្ឋសភា បាន​ស្រង់​ប្រសាសន៍លោក ជាម យៀប ផ្សព្វផ្សាយ​ដែរ​ថា លោក​និង​សមាជិកសភា​ដ៏​ទៃ​ទៀត គំា​ទ្រ​ដល់​សេចក្តី​ព្រាងច្បាប់​នេះ ។

លោក ជាម យៀប បន្ត​ថា៖ «សេចក្តី​ព្រាងច្បាប់​នេះ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​កសាងនិង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា របស់​រាជរដ្ឋាភិបាល​កម្ពុជា។ សេចក្តី​ព្រាងច្បាប់​នេះរៀបចំឡើង​ស្របតាម​ច្បាប់​ជាធរមាន និង​ទាន់ពេល​វេលា និង​សមស្រប​ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន»។

រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនី​រ័ត្ន បញ្ជាក់​ក្នុង​សេចក្ដីសង្ខេប​ថវិកាជាតិ​ថា សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២១ ត្រូវ​បាន​រៀបចំឡើង​នៅក្នុង​បរិការណ៍​ជំងឺ​កូ​វីដ​-១៩ ដែល​នាំមក​នូវ​ផល​ប៉ះពាល់ បញ្ហា​ប្រឈម និង​ហានិភ័យ​ជាច្រើនដែល​មិនធ្លាប់​មាន​ពីមុន​មក ចំពោះ​តំបន់និង​ពិភពលោក​ទាំងមូល។

ជំទប់​ទី២ ឃុំ​ដំណាក់សុក្រំ ស្រុក​ដងទង់ ខេត្តកំពត លោក អ៊ួន សុផល មានប្រសាសន៍​ថា គម្រោង​កាត់​ចំណាយ​ថវិកា​ថ្នាក់ក្រោម​ជាតិនេះ នឹង​នាំ​ឱ្យ​អាជ្ញាធរ​ឃុំ​ពិបាក​បំពេញសេចក្ដី​ត្រូវការ​ជូន​ពលរដ្ឋ។

លោក​និយាយ​ថា៖ «កន្លងមក ​ថវិកា​នៅ​ឃុំ​ខ្ញុំ​មាន​ខ្ទង់៣ម៉ឺន​ដុល្លារ ​គិត​តាំងពី​ថវិការដ្ឋ​បាល​ផង។ កន្លងមក ​យើង​ឮ​ថា ​ថវិកា​ហ្នឹង​ឡើង​ដល់១២ម៉ឺន ​យើង​ខំ​តែ​សប្បាយចិត្ត តែ​យើង​អត់​ទាន់បាន​ទទួល​ទេ ដល់​ឥលូ​វឮ​សូរ​ថា​កាត់​អីចឹង​ទៀត ​ខ្ញុំ​គិតថា វា​ជា​ឧបសគ្គ​ក្នុង​ការអភិវឌ្ឍថ្នាក់​មូលដ្ឋាន​នេះ​ណាស់»។

ច្បាប់​ថវិកា​ឆ្នាំ២០២១ ត្រូវ​បានលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រសិទ្ធ​នាម​ថា ជា​ថវិកា​ប្រយុទ្ធ​ការពារ​ជីវិត​ប្រជាជន រក្សា​លំនឹង​សង្គម សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន ព្រមទាំង​តម្រង់​ទិស​ទៅ​រក​ការ​ស្តារ​ឡើងវិញ ក្រោយពេល​ជំងឺ​កូ​វីដ១៩។ 

ច្បាប់​ថវិកា​ឆ្នាំ២០២១ គ្រោង​នឹង​ចំណាយ​ចំនួន​ប្រមាណ៧ ៥០០លាន​ដុល្លារ ​ថយ​ចុះ១,៩​% ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ២០២០ ក្នុង​នោះ ​កម្ពុជា​គ្រោង​នឹង​ខ្ចី​លុយ​ពី​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ២ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​បង្គ្រប់​ការ​ចំណាយ​ប្រចាំឆ្នាំ។

ថវិកា​នៅ​ថ្នាក់​ឃុំ​-សង្កាត់ រួមមាន ថវិកា​ប្រាក់ខែ​បុគ្គលិក ប្រាក់​ហិរញ្ញប្បទាន​សម្រាប់​ដំណើរការ​ប្រជុំ​ផ្សេង​ៗ និង​ថវិកា​សម្រាប់​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ។ រាជរដ្ឋាភិបាល​កម្ពុជាបានសម្រេច​បន្ថយ​ថវិកា​ថ្នាក់ក្រោម​ជាតិ​មួយចំនួន​រួចហើយ បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូ​វីដ១៩ តាំងពី​ខែ​មីនា មក ដោយ​ថវិកា​ទាំងនោះ​ត្រូវ​កាត់ចេញ​ពី​គម្រោង​វិនិយោគ​ឃុំ​-សង្កាត់ឬថ្នាក់​ស្រុក-​ខណ្ឌ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ