នាយក​រដ្ឋ​មន្ត្រី​​​ កាត់​ដី​ដែន​​​គម្រប​ព្រៃ​ឈើ​ជាង​៤៤​ហិកតា​​នៅ​​ខេត្ត​ព្រះ​សីហនុ​ ឱ្យ​​​សាច់​ញាតិ​​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពេលចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ សម្រេចកាត់​ផ្ទៃដី​ជាង៤៤​ហិកតា ស្ថិតក្នុងដែនគម្របព្រៃឈើ ២០០២ នៅខេត្តព្រះសីហនុ ឱ្យ​កូនស្រី​របស់​លោកចំនួន​២នាក់​និង​មន្ត្រីមួយចំនួនទៀត​​​ ដើម្បីកាន់កាប់ជាកម្មសិទ្ធិ ប៉ុន្តែ​​មន្ត្រី​រដ្ឋាភិបាលថា ដីនោះសាច់ញាតិ​នាយករដ្ឋមន្ត្រី​កាន់កាប់យូរឆ្នាំមក​​​ហើយ។

យោងតាម​អនុក្រឹត្យ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​កាត់ដីទំហំ៤៤ហិកតា ៣៩អា និង៩១សង់ទីអា ស្ថិតក្នុងដែនគម្របព្រៃឈើ ២០០២ នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រគល់​ឱ្យទៅប្រធាននាយកដ្ឋាននគរបាល​ការពារនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ជុំ សាវុឌ្ឍ និង​លោកស្រី ញឹម យន់ស្រ៊ីម ជាភរិយា​, លោកស្រី ម៉ុក ប៉ូប៉ុនរិទ្ធ ជា​ភរិយាលោក ពេជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកស្រី ហ៊ុន ម៉ាណា និង​​លោកស្រី ហ៊ុន ម៉ាលី កូន​ស្រី​របស់​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ 

ប្រធាន​​អង្គភាព​អ្នកនាំពាក្យ​រាជ​​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍នៅ​ថ្ងៃចន្ទ​នេះ​ថា ការកាត់ឆ្វៀល​ដីនេះ ដោយសារ​​ពួកគាត់បានកាន់​កាប់និង​អាស្រ័យផលនៅទីតាំងដីនោះជា​​យូរ​ឆ្នាំ​ហើយ។

លោកបាន​ថ្លែង​​ថា៖ «អាហ្នឹងជាកម្មសិទ្ធិឯកជន ​​មិនថាអ្នកហ្នឹងជាអ្នកណា​ ជាប់ត្រកូលណា ​ជាប់សែស្រឡាយណាទេ ​អ្វីដែលជាការឆ្វៀលហ្នឹង ​ឆ្លើយតបនឹងការកាន់កាប់​ជាក់ស្ដែងអាស្រ័យ​ផល​​នៅកន្លែង​ជាគោលការណ៍ ពីព្រោះ​អត់បាននិន្នាការដីហ្នឹង ​ត្រូវតែបានទៅអ្នកមាន​ឬបានទៅអ្នកក្រ មិនមែនអ៊ីចឹងទេ នេះជាគោលការណ៍​​ គឺឈរទៅលើមូលដ្ឋានគ្រឹះ​នៃការកាន់កាប់ជាក់ស្ដែងនៅក​ន្លែងនោះ»។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន សុំមិនធ្វើអត្ថាធិប្បាយដោយលោកបង្វែរ​សំណួរនេះ​ឱ្យទៅសួរក្រសួងដែនដីវិញ។

លោកបាន​ថ្លែងថា៖ «គួរ​តែសួរទៅក្រសួងរៀបចំដែន​ នគរូបនីយកម្ម និងសំណង់ ព្រោះគាត់ជាអ្នក​រៀបចំអនុក្រឹត្យស្នើសុំទៅសម្ដេចផ្ទាល់»។

រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែន​ដី នគរូបនីយ​កម្ម និង​សំណង់ លោក ជា សុផារ៉ា បដិសេធ​​​អត្ថាធិប្បាយចំពោះករណី​នេះ។

ចំណែកលោក  មាជ ចាន់ មេឃុំបិតត្រាំង នៃ​ស្រុកព្រៃនប់ មានប្រសាសន៍ថា ដីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាត់ឱ្យកូនស្រីរបស់លោកនិងមន្ត្រីមួយចំនួនទៀតនោះ ដោយសារ ពួកគាត់បាន​កាន់កាប់ដីនោះជាយូរឆ្នាំ​​ហើយ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​​កម្ពុជា លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា រដ្ឋាភិបាលគួរតែធ្វើការបង្ហាញនិងផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋឱ្យបាន​ដឹង មុននឹងកាត់ឆ្វៀលដីប្រគល់ទៅឱ្យក្រុមហ៊ុនឯកជននិងបុគ្គលិកណាម្នាក់ធ្វើជាកម្មសិទ្ធិ។ ក្រៅពីជូនដំណឹង លោកថា រដ្ឋាភិបាលក៏គួរ​​បញ្ជាក់ឱ្យច្បាស់ថា ដីដែលកាត់នោះមានដោះដូរពីកន្លែងផ្សេងឬអត់។

លោកថា៖ «ពលរដ្ឋគាត់អាចមាន​ចម្ងល់​ហើយមានចំណោទសួរពីភាពមិនប្រក្រតីផ្សេងៗ​ ពាក់ព័ន្ធ​នឹងការផ្ដល់កម្មសិទ្ធិហ្នឹង អ៊ីចឹងទាមទារឱ្យមាន​ការផ្សព្វផ្សាយឱ្យបានទូលំទូលាយ​អំពី​ការផ្ដល់​សិទ្ធិ​ដែល​ជា​សម្បត្តិសាធារណៈ​ទៅជាសម្បត្តិឯកជនហ្នឹង ​គឺឱ្យមានការបើកទូលាយ​ព័ត៌​មាន ជាពិសេសឱ្យពលរដ្ឋ​គាត់នៅតំបន់នោះបានដឹង។ ​កាលណាយើងផ្ដល់កម្មសិទ្ធិ​ពីដីឬ​តំបន់​សាធារណៈទៅឯកជន​ បើយើងមិនផ្សព្វផ្សាយ មិនឱ្យពលរដ្ឋដឹង ​មិនឱ្យពលរដ្ឋចូលរួម​គាត់​នឹង​ធ្វើការប៉ាន់ស្មាន​​ដោយការយល់ឃើញរបស់គាត់​ ហើយអាចមានមន្ទិលសង្ស័យពីការផ្ដល់​សិទ្ធិហ្នឹង»។

កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលក៏បាន​ចេញអនុក្រឹត្យ​​សម្រេចកាត់ដីទំហំ៦០០ហិកតា ​​ពី​​ដែន​ព្រៃលិចទឹក និង​គម្រប​ព្រៃឈើ​​ឆ្នាំ២០០២ ស្ថិត​ក្នុង​ឃុំ​រាម និង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ​​ ​មក​ធ្វើ​អនុប្រយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​ទៅឱ្យ​​ឧកញ៉ាពីររូប ដើម្បីធ្វើការអភិវឌ្ឍ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ