ក្រសួង​​ថា​ ត្រូវ​ការ​​ថវិកា​​ជាង​៩០​លាន​​ដុល្លារ​​ដើម្បី​​ជួស​ជុល​​ផ្លូវ​​ជនបទ​​ដែល​​ខូច​ខាត​​ដោយ​​ជំនន់​​ទឹក​ភ្លៀង​

បុរស​អ្នកនេសាទ​ពីរ​នាក់​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវ​មួយ​ក្នុង​សង្កាត់​ព្រែកថ្មី ខណ្ឌដង្កោ ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ទឹកជំនន់ ខណៈ​ដែល​ស្ថ​នភា​ពទឹក​នៅ​ប្រប​នឹង​ផ្លូវ​នៅឡើយ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ុន សិរី​វឌ្ឍន៍​)

​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ឱ្យ​ដឹង​ថា ក្រសួង​ត្រូវការ​ថវិកា​ប្រមាណ៩១លាន​ដុល្លារ ដើម្បី​ប្រើប្រាស់​សម្រាប់​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ជនបទ​ឡើងវិញ បន្ទាប់ពី​កម្ពុជា​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង។

ការ​លើកឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​រូប​នេះ ធ្វើឡើង​ក្នុង​សន្និ​សីទសារ​ព័ត៌មាន​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី នៅ​ថ្ងៃនេះ ក្រោម​ប្រធានបទ «យុទ្ធ​សាស្រ្ត​កែ​លម្អ​ការខូចខាតដែល​រង​ផល​ប៉ះពាល់ដោយសារ​គ្រោះ​ទឹកជំនន់ ក្នុង​វិស័យ​អភិវឌ្ឍន៍​ជនបទ»

រដ្ឋលេខាធិការ និង​ជា​អ្ន​កនំា​ពាក្យ​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ចាន់ ដា​រ៉ុង មានប្រសាសន៍​ថា តាម​ការវាយតម្លៃ​ពី​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់ ត្រឹម​ថ្ងៃទី១៧ ខែវិច្ឆិកា​នេះ ផ្លូវ​ជនបទ​ចំនួន៦៥៩ខែ្ស ស្មើនឹង​ជាង៥ ៣២៩គីឡូម៉ែត្រ បាន​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​នោះ ផ្លូវ​ប្រវែង​ជាង៣ពាន់​គីឡូម៉ែត្រ បាន​រង​នូវ​ការខូចខាតក្រោយ​ទឹកស្រក។

លោក​បញ្ជាក់​ថា៖ «ទំហំ​នៃ​ការខូចខាត​ទាំងអស់​ហ្នឹង ទាំង ៣ ១៥៤,៤២ គីឡូ​ម៉ែ​តហ្នឹង យើង​ត្រូវការ​ថវិកា​ប៉ុន្មាន ជាបឋម​ការ​ប៉ាន់ស្មាន គឺ​យើង​ត្រូវការ​ថវិកា​ប្រមាណ​ជា៩១លាន​ដុល្លារ​សហរដ្ឋអាមេរិក»។

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ បន្ត​ទៀត​ថា ក្រសួង​ក៏​នឹង​សិក្សា​ពី​លទ្ធភាព​បន្ថែម ដោយ​ការរៀបចំ​ដាក់​ប្រព័ន្ធ​លូ​បន្ថែម លើក​ផ្លូវ​ឱ្យ​ខ្ពស់​ជាង​មុន ក្រាល​កៅស៊ូ​ពីរ​ជាន់ និង​ដាំ​ដើមឈើ​ជាដើម ដើម្បី​ធានា​ថា ផ្លូវ​ទាំងនោះនឹង​មិន​ត្រូវ​បាន​ទឹកហូរ​ច្រោះ​នាំ​ឱ្យ​ខូចខាត​ទៀត ពេល​មាន​គ្រោះ​ទឹកជំនន់​នៅពេល​ក្រោយ។

លោក​ថា៖ «អ៊ីចឹង​យើង​ត្រូវ​គិត​មើល​ថា តើ​យើង​អាច​ដាំ​ដើមឈើ​ប្រភេទ​ណា​ដែល​អាច​កាត់បន្ថយ​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់ ឬក៏​យើង​ដាំ​ស្មៅ​ប្រភេទ​ណាមួយ​នៅ​តាម​ជើងទេរ ដើម្បី​ទប់ស្កាត់​ការ​ហូរច្រោះ»។

បើ​តាម​លោក ចាន់ ដា​រ៉ុង ក្នុងចំណោម២៥រាជធានី​-ខេត្ត ក្រសួង​រក​ឃើញថា មាន​ខេត្ត​ចំនួន៩ ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ជាង​គេ ក្នុង​នោះ ​រួមមាន ខេត្ត​បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កំ​ពង់​ស្ពឺ សៀមរាប ប៉ៃលិន កណ្ដាល កំពង់ឆ្នាំង និង​ឧត្តរមានជ័យ។ ប៉ុន្ដែលោក​ថា ក្នុងចំណោម​ខេត្ត​ទាំង៩នោះ មាន​ខេត្ត​ចំនួន៣ គឺ​ខេត្ត​បន្ទាយមានជ័យ ពោធិ៍សាត់ និង​បាត់ដំបង ដែល​ត្រូវ​ផ្តល់​អាទិភាព​មុនគេ​សម្រាប់​ការ​ជួសជុល​ឡើងវិញ។

កសិករ​នៅ​ឃុំ​អូ​រតា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង លោក ភាគ ភ័​ណ្ឌ និយាយ​ថា ផ្លូវ​ជាច្រើន​ខ្សែ​នៅក្នុង​តំបន់​ដែល​លោក​រស់នៅ បាន​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង និង​មិនទាន់​មានការ​ជួសជុល​ឡើងវិញ ដែល​ធ្វើ​ឱ្យប្រជាកសិករជួប​ការ​លំបាក​ក្នុង​ការ​ប្រមូល​ផល​ស្រូវនិង​ដឹកជញ្ជូន ខណៈ​ក្រុម​ឈ្មួញ​បាន​ឆ្លៀតឱកាស​ដំឡើង​ថ្លៃ​ដឹកជញ្ជូននិង​តម្លៃ​ស្រូវ។

លោក​ថា៖ «ផ្លូវ​យើង​វា​លិចទឹក ដល់​លិចអ៊ី​ចឹង​ទៅ ប្រជាពលរដ្ឋ​យើង​បាន​ភោគផល​បន្តិចបន្តួច គេ​មក​ដឹក​ទៅ​ លំបាក គេ​តម្លៃ​ថ្លៃ សំណូមពរ​ឱ្យ​រដ្ឋាភិបាលជួល​ធ្វើ​ផ្លូវ​ឱ្យ​បាន​លឿន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ដឹក​ភោគផល​ឱ្យ​បាន​ស្រួល»។ 

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍​ថា ដើម្បី​ឱ្យ​ផ្លូវ​មានគុណ​ភាពនិង​មិន​ចំណាយ​លុយ​ជាតិ​ខ្ជះខ្ជាយ រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​ឡើងវិញ ពី​នីតិវិធី​ដេញថ្លៃ​សម្រាប់​ការសាងសង់ និង​ត្រូវ​បើកចំហ​ឱ្យ​មានការ​ចូលរួម​តាមដាន​ជា​សាធារណៈពី​ប្រជាពលរដ្ឋនិង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​តម្លាភាព។

លោក​ថា៖ «ផ្លូវ​ទាំងឡាយ​ហ្នឹង មុននឹង​ធ្វើ​ គេ​ត្រូវ​បង្ហាញ​ពី​តម្លៃ​របស់​ផ្លូវ ឱ្យ​សា​ធារ​ណជន​បានដឹង ចូលរួម​តាមដាន ហើយនឹង​រៀបចំ​វិធី​បង្ការ»។

អង្គការ​តម្លាភាព​អន្តរជាតិ កាលពី​ឆ្នាំ២០១៩ បាន​ចាត់​ថ្នាក់​កម្ពុជា​ក្នុង​ស្ថានភាព​អាក្រក់​ជាង​មុន​នៃ​អំពើពុករលួយ ហើយ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ទាំង១០នៅក្នុង​តំបន់​អាស៊ាន កម្ពុជា​ពុករលួយ​ខ្លាំង​ជាងគេ។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឱ្យ​ដឹង​នា​ពេល​ថ្មី​ៗនេះ​ថា ជំនន់​ទឹកភ្លៀង​សម្រាប់​ឆ្នាំ២០២០ ចាប់ពី​ថ្ងៃទី១ ខែកញ្ញា ដល់​ថ្ងៃទី២៧ ខែតុលា បាន​ប៉ះពាល់​ដល់២០រាជធានី​-ខេត្ត ក្នុង​នោះ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន១៤៩ ៨៥៧គ្រួសារ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់៤៥នាក់ ប៉ះពាល់​ផ្ទះ​ជាង១សែន​ខ្នង រួម​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ