នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ជាថ្ងៃខួបទី២៥ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំង២នោះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយ២០លានដុល្លារ ដើម្បីជួសជុលមូលដ្ឋានទ័ពអាកាស Bien Hoa នៅភាគខាងត្បូងវៀតណាម ហើយថ្នាក់ដឹកនាំទាំង២ ក៏បានប្តេជ្ញាសហការគ្នាការពារសន្តិភាព ស្ថិរភាព នៅក្នុងតំបន់និងពិភពលោក។
នៅក្នុងជំនួបនៅថ្ងៃទី២១ ខែវិច្ឆិកា រវាងលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម និងលោក Robert O’brien ទីប្រឹក្សាសន្តិសុខជាតិអាមេរិក នៅទីក្រុងហាណូយ ភាគីទាំង២ បានលើកឡើងពីគោលបំណងពង្រឹងកិច្ចសហការធ្វើយ៉ាងណាដើម្បីបង្កើនការជឿជាក់ ការគោរពគ្នា និងធ្វើយ៉ាងណាឱ្យមានប្រយោជន៍រវាងគ្នាទៅវិញទៅមក។
របាយការណ៍របស់រដ្ឋាភិបាលអាមេរិកបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាមមានការរីកចម្រើនឆាប់រហ័ស ហើយប្រទេសទាំង២បានគិតគូររួមគ្នាពីអនាគតរបស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ អាមេរិកក៏បានប្តេជ្ញាក្នុងការសហការលើវិស័យកងទ័ពជាមួយវៀតណាមដែរ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបំពេញទស្សនកិច្ចនៅវៀតណាម ហើយបានចេញសេចក្តីថ្លែងការណ៍រួមមួយជាមួយវៀតណាម ដោយបញ្ជាក់ពីផែនការ៣ឆ្នាំ ក្នុងការពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិរវាងប្រទេសទាំង២ ពីឆ្នាំ២០១៨ ដល់២០២០។
នៅក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំអាមេរិកទៅកាន់ប្រទេសវៀតណាមនៅពេលនោះ លោក ត្រាំ បានអំពាវនាវដោយបើកចំហឱ្យវៀតណាមទិញមីស៊ីលនិងអាវុធផ្សេងៗទៀតរបស់អាមេរិក ដើម្បីទុកការពារប្រទេស។
កាលពីរដ្ឋការរបស់លោក បារ៉ាក់ អូប៉ាម៉ា ប្រធានាធិបតីអាមេរិកទី៤៤ បានសម្រេចដកទណ្ឌកម្មបម្រាមលក់អាវុធឱ្យវៀតណាម បន្ទាប់ពីទំនាក់ទំនងប្រទេសទាំងពីរមានភាពប្រសើរឡើងវិញ។ទាំងជំនួយនិងកម្ចី អាមេរិកបានផ្តល់ឱ្យវៀតណាមជាបន្តបន្ទាប់ ដោយធ្វើយ៉ាងណាឱ្យវៀតណាមមានភាពរឹងមាំបន្ថែមផ្នែកយោធា។
សហរដ្ឋអាមេរិកនិងវៀតណាមជាអតីតសត្រូវប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាមួយកាលពីចន្លោះឆ្នាំ១៩៥៥ និង១៩៧៥ ដែលធ្វើឱ្យកងទ័ពអាមេរិកស្លាប់រាប់ម៉ឺននាក់ ចំណែកកងទ័ពនិងជនស៊ីវិលរបស់វៀតណាមស្លាប់រាប់លាននាក់។ រហូតដល់បច្ចុប្បន្ននេះ គ្រាប់មិនទាន់ផ្ទុះនិងសារធាតុគីមីនៅតែធ្វើឱ្យពលរដ្ឋវៀតណាមរងទុក្ខវេទនាដដែល ត្បិតតែពេលវេលានៃការរលត់សង្គ្រាមកន្លងទៅ៤៥ឆ្នាំហើយក៏ដោយ។
ចុះហេតុអ្វីបានជាអតីតសត្រូវទាំងពីរហាក់បង្ហាញការសហការគ្នាល្អបែបនេះ?
មូលហេតុធំ គឺចិនដែលជាប្រទេសកំពុងរៀបចំខ្លួនប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកក្នុងតួនាទីជាបងធំពិភពលោក។ ចិនកំពុងពង្រីកនិងពង្រឹងសម្ព័ន្ធមិត្តរបស់ខ្លួនទូទាំងពិភពលោក ក៏ដូចជានៅតំបន់អាស៊ានដែរ។ ដូច្នេះ ចំពោះចិនដណ្តើមយកភាពជាប្រទេសមានឥទ្ធិពលជាងគេលើពិភពលោក នឹងប៉ះជាមួយអាមេរិក ហើយចិនកំពុងតែវាទីនៅសមុទ្រចិនខាងត្បូង កំពុងតែប៉ះខ្លាំងជាមួយវៀតណាម។
កន្លងមក ពេលដែលមានការចោទប្រកាន់ថា ចិនឈ្លានពានដែនទឹករបស់វៀតណាម គឺវៀតណាមមិនមានលទ្ធភាពអ្វីផ្សេងក្រៅពីស្នើឱ្យចិនគោរពច្បាប់អន្តរជាតិនោះទេ ដូច្នេះបើអាមេរិកកាន់តែចូលខ្លួនទៅជិតវៀតណាម គឺវៀតណាមកាន់តែកក់ក្តៅ។ កត្តាចម្បងទាំង២នេះ នាំឱ្យអាមេរិកនិងវៀតណាម ធ្វើមិនដឹងមិនឮរឿងអតីតកាលថ្មីៗនេះ ហើយបង្ហាញពីមិត្តភាពស្អិតល្មួតវិញ។
នៅក្នុងសៀវភៅគោលនយោបាយការពារជាតិរបស់វៀតណាម បានចែងពីគោលការណ៍មិនអនុញ្ញាត៣ គឺការមិនចងសម្ព័ន្ធភាពកងទ័ព មិនកាន់ជំហរខាងប្រទេសមួយប្រឆាំងប្រទេសមួយទៀត និងមិនអនុញ្ញាតឱ្យកងទ័ពបរទេសបោះទីតាំងលើទឹកដីរបស់ខ្លួនបានទេ។
ប៉ុន្តែក្នុងឆ្នាំ២០១៩ វៀតណាមបានបកស្រាយករណីមិនអនុញ្ញាតទាំង៣នេះថា វាអាចប្រែប្រួលអាស្រ័យលើស្ថានភាពជាក់ស្តែងនិងលក្ខខណ្ឌច្បាស់លាស់ ដែលវៀតណាមអាចពិចារណាឡើងវិញក្នុងការបង្កើតទំនាក់ទំនងលើវិស័យការពារជាតិជាមួយប្រទេសផ្សេងៗ។
នៅក្នុងពេលមួយរយៈចុងក្រោយ ពេលដែលចិនកំពុងតែគំរាមវាយយកតៃវ៉ាន់ ហើយវៀតណាមបានថ្កោលទោសចិនបន្តបន្ទាប់ថា ចិនបានឈ្លានពានយកដែនទឹករបស់ខ្លួននោះ សហរដ្ឋអាមេរិកក៏បានបង្ហាញវត្តមាននាវាចម្បាំងរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ហើយចូលចតនៅប្រទេសវៀតណាម ព្រមទាំងបានធ្វើសមយុទ្ធរួមគ្នាជាមួយវៀតណាមបន្តបន្ទាប់ដែរ។
បើពិនិត្យលើផែនការចំណាយផ្នែកកងទ័ព វៀតណាមចាប់ផ្តើមបង្កើនការចំណាយខ្ពស់ គឺចាប់ពីឆ្នាំ២០២០ ដល់២០២៤ វៀតណាមបង្កើនការចំណាយប្រចាំឆ្នាំរបស់ខ្លួនរហូតដល់ជិត១០ភាគរយ។
តាមរបាយការណ៍របស់ researchandmarkets គម្រោងថវិកាចំណាយប្រចាំឆ្នាំលើវិស័យការពារជាតិរបស់វៀតណាម សម្រាប់ចន្លោះឆ្នាំ២០២០ ដល់២០២៤ កើនឡើងដល់៩,៤៣ភាគរយ ស្មើនឹង៧,៩ប៊ីលានដុល្លារ នៅឆ្នាំ២០២៤។
តាមការស្រាវជ្រាវរបស់ស្ថាប័នដដែលនេះ បញ្ជាក់ថា នៅឆ្នាំ២០២០ វៀតណាមចំណាយថវិកាលើវិស័យការពារជាតិ ចំនួន៥,៥ប៊ីលានដុល្លារ ហើយការចំណាយនេះកើនឡើងរហូតនៅឆ្នាំ២០២១, ២០២២, ២០២៣ ហើយឆ្នាំ២០២៤ ការចំណាយកើនឡើងដល់៧,៩ប៊ីលានដុល្លារ។
ថវិកាចំណាយទាំងនេះ វៀតណាមយកទៅប្រើប្រាស់ដើម្បីបង្កើនមធ្យោបាយដឹកជញ្ជូនផ្លូវគោក នាវាចម្បាំង នាវាយាមល្បាត យន្តហោះយាមល្បាតដែនទឹក និងឧបករណ៍ឃ្លាំមើលឬស៊ើបការណ៍។
វៀតណាមក្រៅពីមិនសប្បាយចិត្តជាមួយចិនក្នុងករណីដែលចិនដណ្តើមគ្រប់គ្រងដែនទឹកនៅសមុទ្រចិនខាងត្បូងដែលមានភោគទ្រព្យមហាសាលនោះ វៀតណាមក៏មិនសប្បាយចិត្តករណីដែលចិនបានប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចអូសទាញកម្ពុជានិងឡាវដែលជាប្រទេសស្និទ្ធស្នាលរបស់ខ្លួនផងដែរ។
តាមអត្ថបទវិភាគរបស់ The Diplomat លើកឡើងថា ការឈ្នះសង្គ្រាមវៀតណាមនៅឆ្នាំ១៩៧៥ គឺវៀតណាមឈ្នះសហរដ្ឋអាមេរិកនោះ ដោយសារតែវៀតណាមប្រើយុទ្ធសាស្ត្រពិសេស ទាញការគាំទ្រពីប្រទេសជិតខាង គឺកម្ពុជានិងឡាវ ប៉ុន្តែថា ពេលនេះ គឺមិត្តទាំង២របស់វៀតណាមនេះហាក់រំកិលខ្លួនកាន់តែស្និទ្ធជាមួយចិនដោយសារហេតុផលសេដ្ឋកិច្ច។
ចំណុចដែលគួរឱ្យចាប់អារម្មណ៍នោះ បើសិនជាស្ថានការណ៍រុញដល់វៀតណាមព្រមទទួលកងទ័ពអាមេរិកឱ្យដាក់ទីតាំងក្នុងប្រទេសខ្លួន ហើយចិនអាចដាក់កងទ័ពនៅក្នុងប្រទេសណាមួយនៅក្នុងប្រទេសជាសមាជិកអាស៊ានដែរនោះ ការផ្ទុះអាវុធរវាងចិននិងអាមេរិកអាចកើតឡើងនៅលើទឹកដីជាប្រទេសសមាជិកអាស៊ានដែរហើយ។