CCHR ជំរុញរដ្ឋាភិបាលឱ្យពង្រឹងនីតិរដ្ឋ ដើម្បីបញ្ចប់អំពើហិង្សាយេនឌ័រ

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) (រូបដោយ៖ ជន ចាន់រ៉ែន)

មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា (CCHR) ជំរុញ​ដល់​រដ្ឋាភិបាល​​ពង្រឹងនីតិរដ្ឋ ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី ខណៈអង្គការនេះសង្កេតឃើញ​​ស្តី្រនៅតែរងអំពើហិង្សាច្រើនរូបភាពពីបុរស។

ការជំរុញនេះ បានធ្វើឡើងស្របពេលដែល​អង្គការសង្គមស៊ីវិល​ដែលធ្វើការផ្នែកស្រ្តីធ្វើ​​យុទ្ធនាការ ស្តីពី «សកម្មភាព១៦ថ្ងៃ ដើម្បីបញ្ចប់​អំពើ​ហិង្សាទាក់ទង​នឹងយេនឌ័រ» ដែលយុទ្ធនាការនេះចាប់ផ្តើម​ពីថ្ងៃពុធ​​នេះ ដល់ទិវាសិទ្ធិមនុស្ស​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

អង្គការមួយនេះ បាន​និយាយក្នុងសេចក្តីប្រកាសព័ត៌មាន​ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០       ​ថា យុទ្ធនាការ​​១៦ថ្ងៃនេះ ធ្វើឡើងដើម្បី​​​លើកកម្ពស់​ការយល់ដឹងអំពីស្ត្រី និងផលប៉ះពាល់នៃអំពើហិង្សា​ទាក់ទងនឹងយេនឌ័រ​នៅក្នុង​សហ​គមន៍ និង​អំពា​វនាវដល់រដ្ឋាភិបាល ចាត់វិធានការ​​ឱ្យ​បាន​​​​ច្បាស់​​លាស់​ និង​ទាន់​ពេលវេលា ដើម្បីបញ្ចប់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​។

មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា បាន​លើកឡើងថា៖ «សូម​ជំរុញឱ្យ​រដ្ឋាភិបាល បំពេញកាពត្វកិច្ចរបស់​ខ្លួន ក្នុងការ​លើក​កម្ពស់ ការពារ និង​គោរពសិទ្ធិ​មនុស្ស​នៅទូទាំងប្រទេស​ ជាពិសេស​ ចាត់វិធានការ​ដើម្បីការពារសិទ្ធិ​ស្ត្រី និង​លើកកម្ពស់​សមភាពយេនឌ័រ»។

បើតាមប្រតិទិននៃទិវាសិទ្ធិមនុស្ស នៅថ្ងៃទី២៨ ខែវិច្ឆិកា ជាទិវាអន្តរជាតិនៃអ្នកការពារ​សិទ្ធិ​មនុស្ស​ជាស្ត្រី ថ្ងៃទី៩វិច្ឆិកា ទិវាអ្នកការពារ​សិទ្ធិមនុស្ស​អន្តរជាតិ និងថ្ងៃទី១០ធ្នូ ជាទិវាសិទ្ធិមនុស្ស​អន្តរជាតិ។

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព មានប្រសាសន៍បន្ថែមថា បច្ចុប្បស្ត្រីនៅតែបន្តរងគ្រោះ ដោយអំពើហិង្សាច្រើនរូបភាព ដែលរដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់ ចាប់ជនប្រព្រឹត្តមកផ្តន្ទាទោសតាមច្បាប់ ដើម្បីបញ្ចប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។

លោកស្រីថា៖ «ការប្រើប្រាស់[ហិង្សា​]លើរាង្គកាយ លើផ្លូវចិត្ត និងផ្លូវភេទ​ផងដែរ ហើយបើតាម​ការប៉ានស្មាន​ដែលសិក្សាដោយក្រសួងកិច្ចការនារីផ្ទាល់ហ្នឹង គឺបានរកឃើញថា ស្តី្រខ្មែរយើង​ម្នាក់ក្នុងចំណោម៥នាក់ ធ្លាប់បានទទួលរងអំពើហិង្សាពីដៃគូរបស់គាត់»។

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី មិនអាចទាក់ទង ដើម្បីសុំបញ្ជាក់ពីការជំរុញរបស់ក្រុមអង្គការសង្គមស៊ីវិលនេះទេ។

ប៉ុន្តែរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន​អចិន្ត្រៃយ៍​​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​កម្ពុជា លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា រដ្ឋាភិបាលបានបង្កើត​ច្បាប់មួយចំនួន ដើម្បី​​ទប់ស្កាត់បញ្ហានេះ និងផ្តន្ទាទោសជនល្មើស។

កត្តា​ចម្បង​នៃអំពើ​ហិង្សា លោកស្រីថា កើតចេញពីការអប់រំ និង​សីលធម៌របស់មនុស្ស។

លោកស្រីបន្តថា ការលុបបំបាត់បញ្ហានេះបាន ទាល់តែ​រួមគ្នាទាំងសង្គមស៊ីវិល ទាំងអ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធ ដើម្បីពន្យល់ឱ្យពលរដ្ឋគ្រប់រូប យល់ថា អំពើហិង្សា និងការបៀត​បៀន​លើស្ត្រីជាទង្វើខុសច្បាប់ បង្ក​កាខាតបង់​ដល់ក្រុមគ្រួសារ និងសហគមន៍ដែលខ្លួនរស់នៅ។

លោកស្រីគូសបញ្ជាក់ថា៖ «នៅពេល​ដែលមានអំពើហិង្សាមួយកើតឡើង ឬក៏មានបទល្មើសមួយ​កើតឡើង យើងខាត​មនុស្សពីរនាក់បាត់ទៅហើយគឺអ្នកប្រព្រឹត្ត និងអ្នករងគ្រោះ គឺគាត់មាន​បញ្ហាទាំងពីរនាក់​ ហើយ​ក្រុម​គ្រួសារ​ក៏អត់មានសេចក្តីសុខ ហើយសហគមន៍ ក៏មានកង្វល់ដោយសារអំពើនេះទាំងអស់ហ្នឹង»។

អ្នកស្រី សេង ចាន់​ថន ដែលធ្លាប់ត្រូវបានអាជ្ញាធររុញដួលបោកថ្នល់កៅស៊ូ ខណៈអ្នកស្រីនិងស្រី្តផ្សេងទៀតចេញតវ៉ាទាមទារឱ្យដោះលែងស្វាមីនោះ សាទរចំពោះការយុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី។ អ្នកស្រីបន្តថា រដ្ឋាភិបាលហ៊ាក់មិនសូវយកចិត្តទុកដាក់ចំពោះស្ត្រីដូចការលើកឡើងនោះទេ ព្រោះបច្ចុប្បន្នស្ត្រីនៅតែទទួលរងអំពើហិង្សា និងការបៀត​បៀន​ពីបុរស ជាពិសេសស្ត្រីដែលចេញតស៊ូមតិ។

លោកថា៖ «​ខ្ញុំយល់ឃើញថាល្អ មិនត្រឹម​​តែស្ត្រីពួកខ្ញុំទេ គឺស្រ្តីទូទៅដែលនៅក្នុងប្រទេសកម្ពុជា ព្រោះអីពួកខ្ញុំទៅតវ៉ា ទាមទាររឿងអយុត្តិធម៌អ៊ីចឹង ត្រូវបានបុរសៗ ធ្វើបាប​មកលើពួកខ្ញុំ រុញច្រាន​ វាយ​ ទាត់ធាក់សព្វបែបយ៉ាង ហើយបុរសដែលធ្វើបាបពួកខ្ញុំ​មិនបានត្រូវតុលាការ ឬអាជ្ញាធរ​យកពួកគាត់​ទៅដាក់ទោស​តាម​ច្បាប់​ទេ»។

របាយការណ៍របស់អង្គការលីកាដូសម្រាប់១៤ខេត្ត-រាជធានី ដែលអង្គការនេះ​បានឃ្លាំមើលបង្ហាញថា នៅឆ្នាំ២០១៩ ករណីអំពើហិង្សាក្នុងគ្រួសារលើស្រ្តី មានចំនួន៦៣ករណី ហើយករណី​រំលោភសេពសន្ថវៈលើស្រ្តី និងកុមារី មានចំនួនជាង ១០០ករណី និងមានរំលោភបូក ៣ករណី។ របាយការណ៍ បន្តថា ករណីរំលោភសេពសន្ថវៈ និងអំពើហិង្សាលើស្ត្រី និងកុមារី បាន​បណ្តាលឱ្យជនរងគ្រោះស្លាប់ ១២នាក់ ក្នុងនោះ​មានស្រ្តី ៧នាក់ និងកុមារី ៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ