បទ​យក​ការណ៍​៖​ អគារ​ធំៗ​មួយ​ចំនួន​នៅ​ភ្នំពេញ​ផ្អាក​សាង​សង់​ដោយ​​មិន​​កំណត់​​​​ពេល​បន្ទាប់​ពី​ផ្ទុះ​កូវីដ​១៩​

អគារ​ឈរ​សម្ញែង ស៊ី​ណូ​ផ្លា​ហ្សា នៅ​ក្រុងភ្នំពេញ ផ្អាក​ការសាងសង់​បណ្ដោះអាសន្ន ដោយសារតែ​វិបត្តិ​ហិរញ្ញវត្ថុ អំឡុង​ការ​រីក​រាលដាល​កូ​វីដ១៩។ (វណ្ណ វិចារ / ២០ វិច្ឆិកា ឆ្នាំ២០២០​)

លោក សាន ផុន អាយុ៤២ឆ្នាំ បញ្ឈរជើង​រ៉ឺម៉ក​កង់​បី មុខ​សំណង់​ខុន​ដូ​ ស៊ី​ណូ​ផ្លា​ហ្សា ជាង៤ឆ្នាំ​មក​ហើយ។ លោក​រៀបរាប់​ថា ការ​រកស៊ី​របស់​គាត់​ធ្លាប់​កាក់កប​គួរសម​កាលពី​ការដ្ឋាន​សំណង់​នៅ​ដំណើរការ។ ប៉ុន្តែ​ពេល​ដែល​ការដ្ឋាន​ផ្អាក ​ម៉ូយ​ក៏​ខ្សត់​ទៅតាម​នោះ​ដែរ។ លោក​បន្ត​ថា អគារ​ខុន​ដូ​នេះ​ផ្អាក​សាងសង់​ក្នុងអំឡុងឆ្នាំ២០១៨។

អគារ​ខុន​ដូ​ធំ​មួយ​ឈ្មោះ​ ស៊ី​ណូ​ផ្លា​ហ្សា ស​ង់​នៅ​តាម​បណ្ដោយ​លូ​ទឹក​ស្អុយ បណ្ដែត​ខ្លួន​កណ្ដាលអាកាស​ក្នុងសង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ ខុន​ដូ​ស៊ី​ណូ​ផ្លា​ហ្សា មាន​អគារ​ចំនួន៤ សង់​កម្ពស់៤៥ជាន់​ស្មើ​ៗគ្នា។ ប៉ុន្តែ​សំណង់​ខុន​ដូ​ទាំងនោះ​មិនទាន់​សង់​រួចរាល់​ទេ។ ខុន​ដូ​នេះសង់​បាន​ត្រឹម​បង្គុំ​សំណង់ បូក​បាយអ ប៉ុណ្ណោះ។

លោក សុ​ផុន ប្រាប់​ថា៖ «ពីមុន ខ្ញុំ​បាន​ម៉ូយ [អតិថិជន​]ច្រើន​ ពួក​គាត់ជា​កម្មករនិង​បុគ្គលិក​ធ្វើ​ក្នុង​ការដ្ឋាន​នេះ។ មេការ​ចិន​ខ្មែរ ធ្លាប់​ជិះ​តុក​តុក​ខ្ញុំ​ញឹក​ណាស់។ ពួក​គាត់​ប្រាប់​ថា ខុន​ដូ​នេះ​ផ្អាក​មួយ​រយៈ ដើម២០២០ គេ​ធ្វើវិញ។ ដល់២០២០ អា​កូ​វី​ដម​ក ក៏​គាំង​តែម្ដង​ទៅ»។

សព្វថ្ងៃ មានកម្ម​ករ​និង​មេការ​សំណង់​ជនជាតិ​ចិន​ជាច្រើន​នាក់​កំពុង​ស្នាក់នៅ​ផ្នែក​ខាងក្រោម​អគារ​ខុន​ដូ​នេះ។ ផ្អែក​ខ្លះ​នៃ​អគារ​ចាប់ផ្ដើម​ដុះស្នឹម កន្លែង​ខ្លះទៀត​ដែល​ត្រូវ​ភ្លៀង​ដក់​ទឹក​ចាប់ផ្ដើម​កាន់​ស្លែ​ពណ៌ខៀវ ឯដែក​ក៏​ត្រូវ​ច្រែះស៊ី​ដោយ​អន្លើ​ៗ។ ពេលយប់ អ្នក​ស្នាក់នៅ​ក្នុង​អគារ បាន​បើកភ្លើង​អំពូល​ម៉ែ​ត្រ​ផ្លុង​ៗនៅ​ជាន់ផ្ទាល់ដី​ប៉ុណ្ណោះ ខណៈ​ដែល​មួយ​ផ្នែក​ធំ​នៃ​អគារ​ងងឹតឈឹង មិន​ខុសពី​អគារ​ខ្មោច​ក្នុង​ភាពយន្ត​ប៉ុន្មាន​ឡើយ។

បុរស​ជនជាតិ​ចិន​ម្នាក់​វ័យ​ប្រមាណ​ជាង៤០ឆ្នាំ ដែល​កំពុង​រស់នៅ​ក្នុង​អគារ ស៊ី​ណូ ផ្លា​ហ្សា និយាយប្រាប់​វី​អូ​ឌី​ថា លោក​ដឹង​ថា អគារ​នេះ​ផ្អាក​មួយ​រយៈ​ប៉ុណ្ណោះ នឹង​សង់​បន្ត ប៉ុន្តែ​មិនដឹង​ថា​ពេលណា​ឡើយ។ លោក​បដិសេធ​ឆ្លើយ​សំណួរ​ផ្សេងទៀត កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា។

ឯកសារ​ផ្សព្វផ្សាយ​លក់​របស់​ខុន​ដូ ស៊ី​ណូ ផ្លា​ហ្សា ដែល​ចេញផ្សាយ​កាលពី​ខែកក្កដា ឆ្នាំ២០១៦ បង្ហាញថា អគារ ស៊ី​ណូ ផ្លា​ហ្សា សង់​លើ​ផ្ទៃដី​សម្រាប់​សាងសង់ មាន​ទំហំ១,៣ហិ​កតា ដែល​ត្រូវ​ចំណាយ​ប្រាក់​សាងសង់​ជាង២០០លាន​ដុល្លារ។ អគារ​ខុន​ដូ​មាន​ទំហំ២៣ម៉ឺន​ម៉ែត្រការ៉េ ដែល​មាន៤អគារ និង​មាន​កម្ពស់៤៥ជាន់​ដូចគ្នា ជា​ប្រភេទ​ខុន​ដូ អា​ផា​តមិន បែប​អន្តរជាតិ អគារ ផ្ទះ​សម្រាប់​ប្រជាជន​ដែល​មាន​ចំណូល​មធ្យម សណ្ឋាគារ និង​ការិយាល័យ។

គម្រោង​ខុន​ដូ ស៊ី​ណូ ផ្លា​ហ្សា នេះ ត្រូវ​បាន​វិនិយោគ​ឡើង​ដោយក្រុម​ហ៊ុន​អភិវឌ្ឍន៍ Cambodia Natural lucky Real Estate Co​.,Ltd និង​សាងសង់​ដោយក្រុម​ហ៊ុន​សាជីវកម្ម​វិស្វកម្ម​សំណង់​រដ្ឋ​ចិន (CEC​) និង​អ្នកទទួល​សិទ្ធិ​លក់​ផ្តាច់​មុខ​ដោយក្រុម​ហ៊ុន Hutton CPL ដែល​រួមបញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​សិង្ហបុរី និង​កម្ពុជា។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី មានប្រសាសន៍​ថា ការ​ដា្ឋន​ខុន​ដូ ស៊ី​ណូ ផ្លា​ហ្សា នេះ បាន​ផ្អាក​ដោយសារតែ​ម្ចាស់​គម្រោង​នេះ​ជួប​បញ្ហា​ហិរញ្ញវត្ថុ។ ទោះ​យ៉ាងណា លោក​អះអាង​ថា ការ​ផ្អាក​សំណង់​ខ្នាត​ធំ​នេះ​មិន​ប៉ះពាល់​ដល់​សោភ័ណភាព​រាជធានី​ភ្នំពេញ​នោះ​ឡើយ។

លោក ម៉េ​ត មាស​ភក្ដី ប្រាប់​ថា៖ «គម្រោង​មួយចំនួន​តូច​នៅ​ភ្នំពេញ ត្រូវ​បាន​ផ្អាក ដោយសារ​ម្ចាស់​គម្រោង​មាន​បញ្ហា​ហិរញ្ញវត្ថុ វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ។ យើង​មិន​អាច​និយាយ​បាន​ថា ករណី ស៊ី​ណូ ផ្អាក​នេះ មិនជា​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ដល់​សោភ័ណភាព​រាជធានី​ភ្នំពេញ​ឡើយ»។

បើ​តាម​លោក ភក្ដី មាន​គម្រោង​មួយចំនួន​ទៀត​នៅ​ភ្នំពេញ​ដែល​ពន្យារពេល​សាងសង់​ឬផ្អាក​ដំណើរការ​បណ្ដោះអាសន្ន ដោយ​រង់ចាំ​ស្ថានភាព​សេដ្ឋកិច្ច​ល្អ​ប្រសើរ​វិញ​សិន។

នៅ​ចម្ងាយ​ប្រមាណ​ជាង១គីឡូម៉ែត្រ​ពីអ​គារ​ខុន​ដូ ស៊ី​ណូ ផ្លា​ហ្សា ក្នុង​ខណ្ឌចំការមន​ដដែល ក៏​មាន​អគារ​ខ្ពស់​មួយទៀត​ផ្អាក​ដំណើរការ​សាងសង់​ដូចគ្នា។ អគារ​នេះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ហ្សុង​វូ រៀល​អ៊ី​តស្តេត ឌឹ​វេ​ឡុប​ម៉ិន ស្ថិតនៅ​ផ្លូវ​លេខ៥០៤ សង្កាត់​ផ្សារដើមថ្កូវ។ តាម​គម្រោង​អគារ​ក្រុមហ៊ុន ហ្សុង​វូ ត្រូវ​សង់​ចំនួន៣៧ជាន់ (ជាន់ក្រោម​ដី៣ជាន់ ជាន់លើ​ដី៣៤ជាន់​) ដែល​មាន​កម្ពស់​ជាង១២៥ម៉ែត្រ និង​មានផ្ទៃ​ក្រឡា​សំណង់​សរុប​ជាង ១ម៉ឺន៤ពាន់ (១៤ ៥៨១,៥២​) ម៉ែត្រការ៉េ។ សំណង់​អគារ​ក្រុមហ៊ុន ហ្សុង​វូ ត្រូវ​ផ្អាក​តាំងពី​ខែកក្កដា ដោយសារ​មាន​បញ្ហា​ហិរញ្ញវត្ថុ។

បន្ទាប់ពី​ផ្អាក​ដំណើរការ​សាងសង់​រួចមក ម្ចាស់​គម្រោង ហ្សុង​វូ នេះ បាន​ជំពាក់ប្រាក់​ខែ​បុគ្គលិក​និង​កម្មករ​នៅ​ទីនោះ​ផង។ ក្រុម​កម្មករ​ចិន​-ខ្មែរ​ប្រមាណ​ជាង១០០នាក់ ក៏បាន​ធ្វើបាតុកម្ម​ទាមទារ​បើក​កម្រៃ​ពលកម្ម​របស់​ពួក​គេ។ ក្រុម​កម្មករ​ទាំងនោះ​ឈរ​លើក​បដា​តវ៉ា ទាមទារ​ថ្លៃ​ពលកម្ម​ដែល​ជា​កម្លាំង​ញើស​ឈាម​របស់​ពួក​គេ រហូតដល់​យក​ញត្តិ​ទៅ​ស្វែងរក​អន្តរាគមន៍​ដល់​ស្ថានទូត​ចិន​ផង។

កម្មករ​ចិន​ខ្មែរ​តវ៉ា​ករណី​ថៅកែ​ជំពាក់ប្រាក់​ពលកម្ម លើ​គម្រោង​សាងសង់​អគារ​ក្រុមហ៊ុន ហ្សុង​វូ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (វណ្ណ វិចារ​)

អភិបាលរង​ខណ្ឌចំការមន លោក អាំង សិរី​ពិសិដ្ឋ ប្រាប់​វី​អូ​ឌី​ថា ករណី​ទំនាស់​នៅ​ការដ្ឋាន​សង់​អគារ ហ្សុង​វូ នេះ មិនទាន់​អាច​ដោះស្រាយ​បញ្ចប់​នៅឡើយ ព្រោះតែ​ភាគី​ម្ចាស់​គម្រោង​គេចវេះ​មិន​ចូលខ្លួន​ដោះស្រាយ។

លោក អាំង សិរី​ពិសិដ្ឋ ប្រាប់​ថា៖ «ពីមុន ម្ចាស់​គម្រោង​គាត់​ថា គាត់​នឹង​សង ក្រោយមក​ទៀត ខ្ញុំ​ដាក់​លិខិត​អញ្ជើញ ពួក​គាត់​បែរជា​ឱ្យ​មេធាវី​មក ដូច្នេះ​សម្រេច​អី​មិនកើត ។ កម្មករ​គាត់​មិន​អាច​ចាំ​បាន ទើប​ស្វែ​ករ​កអន្តរាគមន៍​ពី​ផ្អែក​ផ្សេង​ៗទៀត»។

បើ​តាម​លោក ពិសិដ្ឋ ឱ្យ​ដឹង​បន្ថែម​ថា មានកម្ម​ករ​ជាង១០០នាក់​ដែល​ផ្ដិតមេដៃ​ទាមទារ​ប្រាក់ឈ្នួល​ពី​ម្ចាស់​គម្រោង​អគារ ហ្សុង​វូ។ ក្នុង​នោះ ទឹកប្រាក់​ជំពាក់​កម្មករ​បុគ្គលិក​ចំនួន​សរុប​ប្រមាណ​ជាង៨០ម៉ឺន​ដុល្លារ។

តួលេខ​ដែល​ផ្ដល់​ដោយ​អាជ្ញាធរ​ខណ្ឌចំការមន បង្ហាញថា គិត​ត្រឹម​ខែវិច្ឆិកា​នេះ អគារ​កម្ពស់៥ជាន់ឡើង​ដែល​កំពុង​សាងសង់ មាន៤៧អគារ ហើយ​អគារ​ចំនួន៥បាន​ផ្អាក​បណ្ដោះអាសន្ន។

ប្រធាន​សហព័ន្ធ​សហជីពកម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា លោក សុខ គីន មានប្រសាសន៍​ថា វិស័យ​សំណង់​បាន​រង​ផល​ប៉ះពាល់​ច្រើន​ក្នុង​ពេល​មាន​វិបត្តិ​កូ​វីដ១៩នេះ។

លោក សុខ គីន ប្រាប់​ថា៖ «ប្រហែលជា៣០ភាគរយ​ដែល​ប៉ះ​នៃ​សមាជិក​របស់ខ្ញុំ ត្រូវ​បាន​ព្យួរការងារ ដោយសារ​កូ​វីដ១៩។ កម្មករ​សរុប​នៅ​ប្រហែល ២៥ម៉ឺន​នាក់ វា​ក៏អាច​ប៉ះពាល់​ច្រើន​ដែរ តែ​យើង​មិនទាន់​មាន​តួលេខ​ច្បាស់លាស់»។

របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញថា សំណើ​សាងសង់​ដល់ទៅ ២ ៥២២គម្រោង ឬស្មើនឹង​ជាង ៨លាន៦សែន​ម៉ែត្រការ៉េ ត្រូវ​បាន​ស្នើ​ឡើង​នៅក្នុង​ត្រីមាស​ទី១ក្នុង​ឆ្នាំនេះ។

បើ​តាម​របាយការណ៍​ដដែល ទំហំ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​កម្ពុជា​នៅក្នុង​រយៈពេល៦ខែ​ដំបូង​ក្នុង​ឆ្នាំនេះ នៅតែ​រក្សា​បាន​កំណើន​លើស​ពីរ​ខ្ទង់ ដោយមាន​អត្រាកំណើន១៣,២៦ភាគរយ បើ​ធៀប​នឹង​តួលេខ​ក្នុងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

អ្នកនាំពាក្យ​ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត បដិសេធ​មិន​ផ្ដល់​តួលេខ​សំណង់​ផ្អាក​នៅ​ឆ្នាំនេះ​ឡើយ។ ទោះជាយ៉ាងណា របាយការណ៍​របស់ក្រ​សួង​បង្ហាញថា ក្រសួង​សា​ម៉ី​កំពុង​ដោះស្រាយ​វិវាទ​សំណង់​ចំនួន២៩ករណី។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី ឱ្យ​ដឹង​ថា នៅ​ភ្នំពេញ​មានការ​ដ្ឋាន​សំណង់​មួយចំនួន​បាន​ផ្អាក​បណ្ដោះអាសន្ន ប៉ុន្តែ​លោក​មិន​អាច​ផ្ដល់​តួលេខ​ពិតប្រាកដ​នោះ​ទេ។ លោក​ថា សាលា​រាជធានី​ភ្នំពេញ នឹង​ខិតខំ​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដែល​បណ្ដាលមកពី​ការ​ផ្អាក​ការដ្ឋាន​សំណង់​ទាំងនេះ។

លោក ម៉េ​ត មាស​ភក្ដី ប្រាប់​ថា៖ លោក ម៉េ​ត មាស​ភក្ដី ប្រាប់​ថា៖ «ទីតាំង​មួយចំនួន [ការដ្ឋាន​] បាន​ផ្អាក យើង​លើកទឹកចិត្ត​ឱ្យ​មានការ​ធ្វើសកម្មភាព​ឡើងវិញ យើង​ត្រូវ​ទទួលស្គាល់​វិបត្តិ​ដែល​កើត​ពី​កូ​វីដ១៩តែម្ដង។ វិបត្តិ​នេះ ផល​ប៉ះពាល់​ច្រើនណាស់​ដល់​សេដ្ឋកិច្ច រួម​ទាំង​ការ​វិនិយោគ​លើ​សំណង់​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ»។

ព្រឹត្តិបត្រ​សង្ខេប​របស់​ធនាគារពិភពលោក ស្ដីពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា ចេញផ្សាយ​កាលពី​ចុងខែ​កញ្ញា បង្ហាញថា ការ​រាលដាល​ជំងឺ​កូ​វីដ១៩ បាន​ប៉ះពាល់​យ៉ាងដំណំ​ទៅលើ​ក្បាលម៉ាស៊ីន​កំ​ណើន​ធំៗ​របស់​កម្ពុជា ពិសេស​វិស័យ​សំណង់ ទេសចរណ៍ និង​ផ្នែក​នាំចេញ​ទំនិញ។ ស្ថាប័ន​នេះ​បន្ត​ថា ជំងឺ​កូ​វីដ១៩ បាន​ធ្វើ​ឱ្យ​វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​ទ្រឹង ព្រោះតែ​វិស័យ​នេះ មានការ​ពឹងពាក់​ខ្លាំង​ទៅលើ​ការ​វិនិយោគ​ពី​បរទេស។

តួលេខ​ធនាគារពិភពលោក បញ្ជាក់​ថា ការនាំចូល​ដែក​និង​ស៊ី​ម៉ង់​ត៍​ក្នុង​អំឡុង៦ខែ​ដំបូង​នៃ​ឆ្នាំ២០២០ បាន​ធ្លាក់ចុះ៤៥,១ភាគរយ ធៀប​ទៅ​នឹង​ឆ្នាំមុន ដោយសារ​គម្រោង​សាង​សង់​ធំៗ​មួយចំនួន​ត្រូវ​ផ្អាក​សកម្មភាព។

អ្នក​រត់​កង់​បី លោក សាន ផុន ប្រាប់​ថា៖ «បើ​ខុន​ដូ​បន្ត​សាងសង់​ឡើងវិញ ខ្ញុំ​សម្បូរ​ភ្ញៀវ​ជា​កម្មករ។ បើ​សង់​រួច ខ្ញុំ​អាច​នឹង​មាន​ភ្ញៀវ​ជា​អ្នក​ស្នាក់នៅ​ឬធ្វើការ​ក្នុង​អគារ​នេះ។ តែបើ​ដូចសព្វថ្ងៃ​នេះ រក​មួយថ្ងៃ ស៊ី​មួយថ្ងៃ​ប៉ុណ្ណោះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ