វិភាគ​៖​ ឥទ្ធិ​ពល​នៃ​ស្តូប​មិត្ត​ភាព​កម្ពុជា​-​វៀត​ណាម​

ស្ដូ​បមិ​ត្ត​ភាព​កម្ពុជា​វៀតណាម ស្ថិតនៅ​សួនច្បារ​មុខ​វត្តបទុមវតី ថត​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

គិត​ត្រឹម​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តូប​មិត្តភាព​កម្ពុជា​និង​វៀតណាម បាន​លេច​ជារូបរាង​នៅក្នុង​រាជធានី​និង​ខេត្ត​ចំនួន២២ បើ​ទោះជា​ក្នុង​ស្រទាប់​ពលរដ្ឋ​មានការ​យល់​ឃើញ​ផ្សេង​ៗគ្នា​ចំពោះ​ស្តូប​នេះ​ក៏ដោយ ក៏​ការសាងសង់​បន្ត​ទៅមុខ​ឥត​ឈប់ឈរ។

ស្តូប​នេះ​ជា​ការ​បញ្ជាក់​ពី​មិត្តភាព​និង​ការ​ចងចាំ​គុណសម្បត្តិ​របស់​វៀតណាម ក្នុង​ការ​ផ្តួល​រំលំ​របប​ខ្មែរក្រហម។ រាល់​ឱកាស​នៃ​ការ​រំឭក​ខួប​ថ្ងៃទី៧មករា ក្នុង​ពិធីសម្ពោធ​ស្តូប​មិត្តភាព ឬកម្ម​វិធី​មួយចំនួន​ទៀត ថ្នាក់ដឹកនាំ​គណបក្សប្រជាជន​កម្ពុជា តែងតែ​លើកឡើង​គុណសម្បត្តិ​របស់​វៀតណាម​ក្នុង​ការ​ជួយ​ផ្តួល​រំលំ​របប​ខ្មែរក្រហម ដោយ​ថា បើ​មិន​មាន​វៀតណាម​ជួយ​ទេ កម្ពុជា​ក៏​គ្មាន​ថ្ងៃនេះ​ដែរ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​បាន​រិះគន់​ដល់​អង្គការ​អន្តរជាតិ​និង​ប្រទេស​កាន់​របប​សេរី​ថា ពេល​ដែល​ពលរដ្ឋ​កម្ពុជា​ត្រូវ​របប​ខ្មែរក្រហម​កាប់សម្លាប់ មិន​មាន​អ្នកណាមួយ​ចេញមុខ​អន្តរាគមន៍​ជួយ​ទេ។ ផ្ទុយទៅវិញ ពេល​ដែល​លោក​ប្រឹងប្រែង​ដោយមាន​ការ​ជួយ​ជ្រោមជ្រែង​ពី​វៀតណាម​ផ្ដួលរំលំ​របប​ខ្មែរក្រហម​ដើម្បី​រំដោះ​ពលរដ្ឋ បែរជា​ទទួលទណ្ឌកម្ម​ទៅវិញ។

អ្នក​សិក្សា​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ លោក ប៉ោ មករា ចោទ​ជា​សំនួរ​ថា បើ​គ្រាន់តែ​ចង់​បញ្ជាក់​ពី​មិត្តភាព​ឬរំឭក​គុណ ហេតុអ្វី​ត្រូវ​ធ្វើ​គ្រប់​រាជធានី​ខេត្ត។

លោក ប៉ោ មករា៖ «យើង​ធ្វើ​តែមួយ​នៅកន្លែង​ណាមួយ វា​បង្ហាញ​ពី​ការ​ដឹងគុណ​ទៅ​ហើយ។ ប៉ុន្តែ ដោយឡែក យើង​ធ្វើ​នៅ​ទូទាំង​ប្រទេស ហើយ​លក្ខណៈ​នៃ​ការ​ធ្វើ​នេះ​ទៀត យើង​មិនដែល​ទៅ​ធ្វើ​នៅកន្លែង​សង្កាត់​មាត់ញក ឬក្នុង​ព្រៃ​ស្ងាត់ជ្រងំ​ទេ គឺ​យើង​ធ្វើ​នៅកន្លែង​ទីប្រជុំជន សួនច្បារ ដី​កន្លែង​ដែល​សម្បូរទៅដោយ​មនុស្ស​និង​ដី​ថ្លៃ​ៗ»។

លោក ប៉ោ មករា លើកឡើង​ថា យុវជន​កម្ពុជា​អាច​ចាញ់ប្រៀប​វៀតណាម ព្រោះ​ខាង​វៀតណាម មាន​ភស្តុតាង​ក្នុង​ការ​ជួយ​កម្ពុជា។

លោក​បន្ត​ថា វៀតណាម​ចង់​មាន​ឥទ្ធិពល​លើ​កម្ពុជា ហើយ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ដឹងគុណ​វៀតណាម​ជា​រៀង​រហូត។

លោក ប៉ោ មករា៖ «នេះ​ជា​រឿង​ជះឥទ្ធិពល​លើ​យុវជន​កម្ពុជា​យើង សុទ្ធតែ​ជា​រឿង​ចាញ់ប្រៀប​គេ បានន័យ​ថា យើង​ចាំតែ​ទទួលការ​ដឹងគុណ ឱ្យ​គុណ​ទៅ​គេ រហូត​គ្រប់​យុវជន គ្រប់​ជំនាន់​អញ្ចឹង​ទៅ»។

អ្នក​សិក្សា​ស្រាវជ្រាវ​មួយចំនួន​លើកឡើង​ថា ករណី​តម្រូវ​ឱ្យ​ភាគី​កម្ពុជា​សាងសង់​ស្តូប​មិត្តភាព រំឭក​គុណ​វៀតណាម ជា​រឿង​មិន​ស្មើភាព​គ្នា ព្រោះ​ប្រទេសជិតខាង​តែង​មានការ​ជួយគ្នា​ទៅវិញទៅមក។ ករណី​កម្ពុជា​ជួយ​វៀតណាម មិន​គិតដល់​អតីតកាល​វែងឆ្ងាយ​នោះ​ទេ គឺ​គិត​ត្រឹម​វៀតណាម​ទាំង២ រួបរួម​គ្នា នៅ​ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ មានការ​លះបង់​ពី​ភាគី​កម្ពុជា​ធំធេង។

វៀតណាម​បាន​ទទួល​ឯករាជ្យ​ពី​បារាំង នៅ​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។ ក្រោយ​ការ​ទទួល​បាន​ឯករាជ្យ១០ឆ្នាំ គឺ​នៅ​ឆ្នាំ១៩៥៥ វៀតណាម​បែងចែក​ជា​ពីរ គឺ​វៀតណាម​ខាងជើង នៅ​ក្រោម​ប្លុក​កុម្មុយនីស្ត ដែល​មាន​សហភាពសូវៀត​ដឹកនាំ និង​វៀតណាម​ខាងត្បូង ស្ថិត​ក្រោម​ប្លុក​សេរី មាន​អាមេរិក​ដឹកនាំ នៅក្នុង​ឥទ្ធិពល​នៃ​សង្គ្រាម​ត្រជាក់។ រហូតដល់​ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ វៀតណាម​ខាងជើង​វាយ​ឈ្នះ ហើយ​គ្រប់គ្រង​វៀតណាម​ទាំងមូល។

នៅក្នុង​សង្គ្រាម​វៀតណាម បាន​ធ្វើ​ឱ្យ​ប្រជាជន​និង​យោធា​វៀតណាម​ប្រមាណ៣លាន​នាក់​បាន​ស្លាប់ ចំណែក​យោធា​អាមេរិក​វិញ ស្លាប់​អស់​ប្រមាណ៦ម៉ឺន​នាក់។

តើ​កម្ពុជា​បាន​ដើរតួ​នាទី​អ្វីខ្លះ​ក្នុង​ការ​ជួយ​ឱ្យ​វៀតណាម​មាន​ឯកភាពជាតិ​?

អ្នក​ប្រវត្តិសាស្ត្រ​នានា​បាន​លើកឡើង​ថា ចំណុច​ដែល​កម្ពុជា​ជួយ​ឱ្យ​វៀតណាម​អាច​រួបរួម​គ្នា​នោះ គឺ សម្តេច​សីហនុ បាន​អនុញ្ញាត​ឱ្យ​វៀតណាម​ខាងជើង​យក​ដីខ្មែរ​ខ្លះ​នៅ​ភាគ​ខាងកើត ដើម្បី​ដឹកជញ្ជូន​ស្បៀង​និង​សព្វាវុធ​វាយប្រហារ​វៀតណាម​ខាងត្បូង​ដែល​មានការ​ជួយ​ជ្រោមជ្រែង​ពី​អាមេរិក។

វៀតណាម​បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា​នៅ​ភាគ​ខាងកើត ក្រោម​រូបភាព​ផ្លូវលំ​ហូជីមិញ កាត់​ខេត្តរតនគិរី និង មណ្ឌលគិរី។

ផលវិបាក​បន្ទាប់ពី​កម្ពុជា​បើកផ្លូវ​លំ​ហូជីមិញ​ឱ្យ​វៀតណាម​ខាងជើង​ជញ្ជូន​ស្បៀង​និង​សព្វាវុធ​ទៅ​វាយប្រហារ​វៀតណាម​ខាងត្បូង​នោះ អាមេរិក​ដែល​គ្រប់គ្រង​វៀតណាម​ខាងត្បូង បាន​ទម្លាក់​គ្រាប់​លើទឹក​ដី​កម្ពុជា ដើម្បី​ទប់ស្កាត់​វៀតណាម​ខាងជើង។ ទីបំផុត វៀតណាម​ខាងជើង​វាយ​យក​បាន​វៀតណាម​ខាងត្បូង ហើយ​ប្រកាស​ទៅជា​វៀតណាម​តែមួយ នៅ​ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។

ផ្លូវលំ​ហូជីមិញ គឺ​ផ្លូវ​យុទ្ធសាស្ត្រ​មួយ​នាំ​ឱ្យ​វៀតណាម​ខាងជើង​អាច​វាយ​ឈ្នះ​អាមេរិក ហើយ​អាច​គ្រប់គ្រង​វៀតណាម​ខាងត្បូង​វិញ។ វៀតណាម​ខាងត្បូង​និង​ខាងជើង​នៅ​ឆ្ងាយ​ពីគ្នា ហើយ​បើ​មិន​មានផ្លូវ​លំ​ហូជីមិញ​ជា​ផ្លូវកាត់​នោះ វៀតណាម​ខាងជើង​មិន​អាច​ទទួល​បាន​ជ័យជម្នះ​ទេ ហើយ​ប្រទេស​វៀតណាម​អាច​នៅ​ចែក​ជា​ពីរ​ដូច​កូរ៉េ​បច្ចុប្បន្ន​នេះ។

អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នានា​ក៏បាន​លើកឡើង​ថា មូលហេតុ​នៃ​ការ​ទម្លាក់​គ្រាប់​របស់​អាមេរិក​ធ្វើ​ឱ្យ​អ្នកនយោបាយ​នៅក្នុង​សង្គម​ខ្មែរ​ប្រេះឆា​កាន់តែ​ខ្លាំង រហូតដល់​កើតមាន​រដ្ឋប្រហារ​នៅ​ឆ្នាំ១៩៧០ និង​រដ្ឋប្រហារ​ឆ្នាំ១៩៧៥ បាន​ទាញ​កម្ពុជា​ធ្លាក់ចុះ​នៅ​ភ្នក់ភ្លើង​សង្គ្រាម​បន្តបន្ទាប់។

ឯកសារ​ប្រវត្តិសាស្ត្រ​នានា​បង្ហាញថា ផ្លូវលំ​ហូជីមិញ​ដែល​បង្កើត​ឡើង​នៅ​អំឡុង​ឆ្នាំ១៩៥៩​-៦០ ចេញពី​វៀតណាម​ខាងជើង​កាត់​ឡាវ​និង​កម្ពុជា ឆ្ពោះទៅ​វៀតណាម​ខាងត្បូង ហើយ​បាន​ដំណើរការ​ដឹកជញ្ជូន​គ្រាប់​នៅ​ឆ្នាំ១៩៦៤​-៦៥ នោះ​ជាហេតុ​នាំ​ឱ្យ​អាមេរិក​ទម្លាក់​គ្រាប់​លើទឹក​ដីខ្មែរ​ប្រមាណ២លាន៧សែន​តោន បណ្តាល​ឱ្យ​ពលរដ្ឋខ្មែរ​ស្លាប់​ប្រមាណ១សែន​ទៅ៥សែន​នាក់។

ករណី​កម្ពុជា​ជួយ​វៀតណាម​ឱ្យ​មានការ​រួបរួម​គ្នា​នោះ លោក ប៉ោ មករា អះអាង​ថា ភាគី​កម្ពុជា មានការ​ជួយ​ដោយ​ស្មោះ ចំណែក​វៀតណាម​បង្កប់​គំនិត​ឈ្លានពាន។

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណ​រ៉ា លើកឡើង​ថា អំឡុង​ពេល​ឆ្នាំ១៩៧៩ ដល់១៩៨៩ សហគមន៍​អន្តរជាតិ​បាន​ដាក់​សម្ពាធ​ឱ្យ​វៀតណាម​ដកទ័ព​ចេញពី​កម្ពុជា ដោយ​ចោទ​ថា វៀតណាម​ឈ្លានពាន​កម្ពុជា។ លោក​រំឭក​ថា សូម្បីតែ​អង្គការសហប្រជាជាតិ ក៏​មិន​ផ្តល់​អាសនៈ​ដល់​កម្ពុជា​ដែរ​នៅពេល​នោះ ដោយ​បញ្ជាក់​ថា កម្ពុជា​មិនមែន​ជារ​ដ្ឋ​ឯករាជ្យ។

ចំណុច​ដែល​លោក ឯម សុវណ្ណ​រ៉ា អះអាង​ថា វៀតណាម​ឈ្លានពាន​កម្ពុជា ព្រោះ​ពេល​វៀតណាម​ផ្តួល​រំលំ​ខ្មែរក្រហម​ហើយ មិនបាន​ផ្តល់​អំណាច​ដល់​ថ្នាក់ដឹកនាំ​កម្ពុជា​វិញ​ទេ រហូត​មានការ​បង្ខំ​ពី​សហគមន៍​អន្តរជាតិ។

លោក ឯម សុវណ្ណ​រ៉ា៖ «ការ​រំដោះ ការ​ប្រគល់​អំណាច​ទៅ​ប្រទេស​ម្ចាស់​សា​ម៉ី​ហ្នឹង​ពេញលេញ យើង​មើល​ពេល​ហ្នឹង ប៉ែន សុវណ្ណ [និង​]ចាន់ ស៊ី ត្រូវ​គេ​ចាប់​ដាក់គុក​ដាក់​អីដែរ​តើ​! ហើយ​វៀតណាម​មិនមែន​រំដោះ​ហើយ​ប្រគល់​ឱ្យ​កម្ពុជា​ឯណា នៅរហូត​ទាល់តែ​អន្តរជាតិ​ជំរុញ​ឱ្យ​វៀតណាម​ដក​កងទ័ព​ចេញពី​កម្ពុជា ១០ឆ្នាំក្រោយ​តើ​! បាទ​!»

ទាំង​លោក ប៉ោ មករា និង​លោក ឯម សុវណ្ណ​រ៉ា លើកឡើង​ថា បើ​កម្ពុជា​សាងសង់​ស្តូប​ដឹងគុណ​វៀតណាម ខាង​ភាគី​វៀតណាម​ក៏​ត្រូវតែ​មានការ​សាងសង់​ស្តូប​ដឹងគុណ​កម្ពុជា​វិញ​នៅ​គ្រប់​រាជធានី​-ខេត្ត​ដែរ ដើម្បី​បង្ហាញ​ពី​ភាពស្មើគ្នា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ