ក្រុម​​អ្នក​គាំ​ទ្រ​​ខក​ចិត្ត​​ដែល​​អាជ្ញាធរ​​មិន​​ឱ្យ​​ពួក​​គេ​​ឈរ​​មុខ​​តុលា​ការ​ ពេល​​សវនាការ​​រឿង​​អតីត​មន្ត្រី​​បក្ស​​ប្រឆាំង​

ពលរដ្ឋ​ជាច្រើន​មក​គាំទ្រ​អតីត​សកម្មជន​បក្ស​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ក្នុង​ថ្ងៃ​សវនាការ​នៅ​សាលាដំបូង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

​ក្រុម​អ្នកគាំទ្រនិង​អតីត​សកម្មជន​បក្ស​ប្រឆាំង បាន​សម្តែង​ការ​ខកចិត្ត ដែល​សមត្ថកិច្ច​ដាក់​ពង្រាយ​កម្លាំងនិង​រារាំង​ពួក​គេ​មិន​ឱ្យទៅ​ប្រមូល​ផ្តុំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​ពេល​តុលាការ​បើក​សវនាការ​លើ​សំណុំរឿង​អតីតមន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនា​ការ​លើ​សំណុំរឿង​អតីតមន្ត្រី​ជាន់ខ្ពស់ និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ជាង១០០នាក់ ពាក់ព័ន្ធ​នឹង​បទ​ចោទ «រួមគំនិតក្បត់» និង «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍»

ស្រប​ពេល​គ្នា​នេះ​ដែរ នៅ​បរិវេណ​មុខ​តុលាការ សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់ត្រូវ​បាន​ដាក់​ពង្រាយ ដើម្បី​រឹត​បន្តឹងផ្នែក​សន្តិសុខ ដោយ​ពុំ​អនុញ្ញាត​ឱ្យ​មានការ​ប្រមូល​ផ្តុំឬឈរ​នៅ​ទីនោះ​ទេ។

អតីត​ចៅសង្កាត់​អូរ​ចា នៅ​ខេត្តបាត់ដំបង និង​ជាសកម្ម​ជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្សេត បាន​លើកឡើង​ថា កម្លាំង​សមត្ថកិច្ចបាន​រឹតត្បិត​មិន​ឱ្យ​មានការ​ឈរ​ប្រមូល​ផ្តុំ តាមដាន​សវនា​ការ​របស់​អតីត​សកម្មជន​បក្ស​ប្រឆាំង នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឡើយ។ 

កញ្ញា​បន្ត​ថា៖ «រដ្ឋាភិបាលគួរណាស់តែ​លុបចោល​នូវ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាពរបស់​ពលរដ្ឋ ពីព្រោះ​យើង​មកនេះ មិនមែន​មក​ធ្វើបាតុកម្ម​អី​ទេ យើង​មក​លើកទឹកចិត្ត​អ្នក​ដែល​គាត់​ត្រូវ​បាន​ឡើង​តុលាការ ​[…] ខ្ញុំ​ចង់​ដឹង ចង់​តាមដានការ​កាត់ក្តី​របស់​តុលាការ តើ​សម្រេច​យ៉ាងណា​ចំពោះ​ពួក​គាត់»។

កញ្ញា​បន្ថែម​ថា៖ «ថ្ងៃនេះ​ជា​ប្រវត្តិសាស្ត្រ​ហើយ ដែលគេ​បាន​កោះ​អញ្ជើញ​ឱ្យ​ពលរដ្ឋខ្មែរ​ជាង១០០នាក់ ឱ្យ​ឡើង​សវនាការ»។

អតីត​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេ​ត្ត​ត្បូង​ឃ្មុំ លោក ស៊ុំ សា​រិត បង្ហាញ​ការ​ខកចិត្ត​ ដែល​កម្លាំង​សមត្ថកិច្ច​រារាំង​ពួក​គាត់មិន​ឱ្យទៅ​ឈរ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ។ 

លោក​ថា៖ «អន់ចិត្ត​ហ្នឹង មិនដូចចិត្ត ព្រោះ​ចិត្ត​បំណង​ទៅ​មើល​អី ​ដល់​គោលដៅ ​[មុខ​តុលាការ​] ហើយ​មកដល់ អត់​បាន​ដល់​គោលដៅ​ អ៊ីចឹង​វា​ឈឺចិត្ត​ហ្នឹង»។

អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀតមក​ពី​ខេត្ត​កំពង់ចាម លោក ហ៊ុន ហួរ និយាយ​ថា ការដែល​ពួក​គាត់​នាំគ្នា​ឡើង​ពី​ខេត្តមក​ជួយ​គាំទ្រ​អ្នក​ចូល​បំភ្លឺ​នៅ​តុលាការ នា​ថ្ងៃនេះ ដោយសារតែ​ពួក​គាត់​យល់ថា ការចោទប្រកាន់​របស់​តុលាការទៅលើ​អតីត​សកម្មជន​គណបក្ស​ប្រឆាំង ជា​រឿង​អយុត្តិធម៌។

លោក​ថា៖ «ងើប​ពី​យប់​មក​ នៅ​មាន​អាជ្ញាធរ​ឃាត់​ឡាន សួរ​តាមឡាន ពេល​ឡើងឡាន​ហ្នឹង​ទៅណា ហើយ​គាត់​នៅតែ​អាច​ប្រជ្រៀតគ្នា​មក​បាន មកដល់​កន្លែង ត្រូវ​បាន​គេ​ហាម​ឃាត់​មិន​ឱ្យដើរទៅ​កន្លែង​តុលាការ​ហ្នឹង​ទៀត»។

សន្តិសុខ​ខណ្ឌ៧មករា ដែល​ឈរ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ពួក​គាត់​ធ្វើ​ទៅតាម​បញ្ជា​ថ្នាក់លើ។ 

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក ម៉េ​ត មាស​ភក្ដី មានប្រសាសន៍​ថា ការដែល​អាជ្ញាធរ​រារាំង​នោះ ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈនិង​ស្ថាប័ន​តុលាការ។

លោក​ថា៖ «ការ​បញ្ចេញមតិ​ ក៏​យើង​មាន​ទីតាំង​សម្រាប់​ធ្វើការ​បញ្ចេញមតិ​ដែរ អត់​អាច​បុគ្គល​ក្រុម​ណាមួយ​ ចេះតែ​ប្រើប្រាស់​ទី​ធ្លា​សា​ធា​រណៈ ​ដងផ្លូវ​សាធារណៈ​ សម្រាប់​ធ្វើសកម្មភាព​អី​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​នៅក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ»។

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ចាត់ទុក​ការរារាំង​របស់​អាជ្ញាធរ​នេះ​ថា ផ្ទុយពី​គោលការណ៍​ច្បាប់​ជាតិនិង​អន្តរជាតិ ដែល​បាន​ធានា​អំពី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ជួបជុំនិង​សម្ដែង​មតិ។

អ្នកស្រី ចក់ សុភាព បាន​ថ្លែង​ថា៖ «ការរារាំង​បែបនេះ បង្ហាញ​នូវ​ការ​មិនបាន​កាតព្វកិច្ច​របស់​អាជ្ញាធរ​ ក្នុង​ការ​ធានា​សិទ្ធិពល​រដ្ឋ ​ក្នុង​ការប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ ដែល​ត្រូវ​បាន​ធានា​ក្នុង​ច្បាប់​ជាតិនិង​អន្តរជាតិ ក្នុង​ហ្នឹង​ការ​ជុំក៏​ត្រូវ​បាន​ប្រឈម​ទប់ស្កាត់​ រហូតដល់​មានការ​ប្រើប្រាស់​អំពើ​ហិង្សា​ថែមទៀត​ ដែល​នេះបាន​ប្រាស់​ចាក​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ដែល​ទទួលស្គាល់​លិខិត​តូប​ករណ៍​អន្តរជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ