មន្ត្រី​​អាជ្ញា​ធរ​​ជាតិ​​អប្សរា​ រក​​ឃើញ​​ឡ​ដុត​​ភាជន៍​នៅ​​ខាង​ជើង​​ខ្លោង​ទ្វារ​​ដី​​ឆ្នាំង​​នៃ​​ក្រុង​​អង្គរ​ធំ​

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​រក​ឃើញ​ឡដុត​ភាជន៍​នៅ​ខាងជើង​ខ្លោងទ្វារ​ដី​ឆ្នាំង​នៃ​ក្រុង​អង្គរធំ។ (​ហ្វេសប៊ុក៖ អាជ្ញាធរ​ជាតិ​អប្សរា Apsara National Authority​)

​មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រក​ឃើញ​ឡដុត​កុលាលភាជន៍​បុរាណ​មួយ នៅ​ទីតាំង​ខាងជើង​ខ្លោងទ្វារ​ដី​ឆ្នាំង​នៃ​ក្រុង​អង្គរធំ ក្នុង​ភូមិសាស្ត្រ​សង្កាត់​គោកចក ក្រុង​-ខេត្តសៀមរាប ដែលតាមកា​រស​ន្និ​ដ្ឋាន​បឋម ឡបុរាណ​នេះ​ប្រហែល​ស្ថិត​ក្នុង​សម័យ​អង្គរឬសម័យ​ក្រោយ​អង្គរ។

លោក​បណ្ឌិត ទិន ទីណា អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ និង​តម្កល់​ឯកសារ​អង្គរ ​និង​ជា​ប្រធាន​ក្រុម​កំណាយ ត្រូវ​បាន​ហ្វេសប៊ុក​អាជ្ញាធរ​ជាតិ​អប្សរា​ស្រង់​ប្រសាសន៍​មក​ផ្សាយ​ថា ការ​ជ្រើសរើស​ទីតាំង​ធ្វើ​កំណាយ​នៅ​លើ​ទួល​ត្រពាំង​បុស្ស ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា​ ទួល​នេះ​ជា​កន្លែង​ផលិត​ភាជន៍​សម័យ​បុរាណ​មែន​ឬអត់ ព្រោះ​កន្លងមក អ្នកស្រាវជ្រាវ​មួយចំនួនបាន​ប្រទះឃើញ​សំណល់​បំណែក​ភាជន៍​ជាច្រើន​រាយប៉ាយ​នៅ​ទីនោះ។

តែ​យ៉ាងណា លោក​ថា មកដល់ពេលនេះ ពុំ​ទាន់​មានការ​ធ្វើ​កំណាយ​ស្រាវជ្រាវ ដើម្បី​បញ្ជាក់​ថា​ទីតាំង​នេះជា​ឡដុត​ភាជន៍​សម័យ​បុរាណ​នៅឡើយ​ទេ។ ប៉ុន្តែ​តាមរយៈ​បំណែក​ភាជន៍និង​បំណែក​ដី​ដុតដែល​បន្សល់ទុក​នៅ​លើ​ទួល​ធំ​នោះ អ្នកស្រាវជ្រាវ​មួយចំនួន​យល់ស្រប​គ្នា​ថា ទីតាំង​នេះ មាន​ភាគរយ​ខ្ពស់អាច​ជា​ឡដុត​ភាជន៍​សម័យ​បុរាណ។

លោក​បន្ថែម​ថា៖ «គម្រោង​នេះនឹង​បញ្ចប់​នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ​[…] បន្ទាប់ពី​កំណាយ​រួច យើង​នឹង​សុំ​គោលការណ៍​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​នេះ​បន្ត​ទៀត ដោយ​ចុះបញ្ជី​សារពើ​ភណ្ឌ​ទួល​ទាំងអស់ គូស​ផែនទី ដាក់​ទីនេះ​ជា​តំបន់​ការពារ​សម្រាប់​ឱ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា ​និង​ការសិក្សា​របស់​អ្នកស្រាវជ្រាវ​ផង»។

លោក វិទូ ភិរម្យ បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា ក្រុមការងារ​បាន​យកចិត្ត​ទុកដាក់​ខ្លាំង​ទៅលើ​បច្ចេកទេស​កំណាយ ដើម្បី​កាត់បន្ថយ​ហា​និ​ភ័យ​ដល់​សំណង់​បុរាណ​និង​វត្ថុបុរាណ​ដែល​ប្រទះឃើញ​នៅក្នុង​រណ្តៅ។

លោក​បន្ត​ថា៖ «លក្ខណៈ​រចនាសម្ព័ន្ធ​ឡដែល​រក​ឃើញ​នៅពេល​នេះ គឺ​ពិសេស​ណាស់ ​ព្រោះ​រូបរាងរចនាសម្ព័ន្ធ​ឡនេះ ខុសពី​ឡភាគច្រើន​នៅ​តំបន់​អង្គរ ដែល​ធំៗ វែង​ៗ […] ដូច្នេះ​ វា​នឹង​ក្លាយជា​ភស្តុ​តាង​ខ្លះ​ៗសម្រាប់​ការស្រាវជ្រាវ​រក​ប្រភព​នៃ​ឡនិង​ភាជន៍​ដែល​បាន​ប្រើប្រាស់​នា​សម័យមុន ថា​មាន​ប្រភព​មក​ពី​ឡមួយ​ណា​ច្បាស់លាស់»។ 

ចំណែកប្រធាន​ការិយាល័យ​អង្គ​ភាព​កុលាលភាជន៍​អង្គរ​ នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​និង​តម្កល់​ឯកសារ​អង្គរ លោក ឆាយ រចនា បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញមិនទាន់​ដឹង​រូបរាង​ឡពេញលេញ​ទេ គ្រាន់តែ​ឃើញ​មាន​ជញ្ជាំង​ឡ ទំហំ​ឡតូច រាង​មូល មាន​កន្លែង​ដាក់​ឧស មាន​អង្កត់ផ្ចិត​ត្រឹម៣ម៉ែត្រការ៉េ​ប៉ុណ្ណោះ ហើយ​លក្ខណៈ​ពិសេស​នៃ​រចនា​សម្ព័ន្ធ​ឡដី​ឆ្នាំង​នេះ​ពិតជា​អស្ចារ្យ ដែល​មិនធ្លាប់​ឃើញ​ពីមុន​មក​ទេ។ 

លោក​បន្ត​ថា៖ «តាមរយៈ​បំណែក​ក្បឿង យើង​អាច​សន្និដ្ឋាន​ថា ឡដុត​ភាជន៍​នេះ​ប្រហែល​កើតឡើង​នៅ​ចុង​សម័យ​អង្គរ ព្រោះ​ក្បឿង​ប្រភេទ​នេះ​មិនសូវ​ឃើញ​ប្រើប្រាស់​នៅក្នុង​សម័យ​អង្គរ​ទេ។ ចំពោះ​ឡផលិត​ភាជន៍​នេះ បើ​តាម​ការ​ប្រាប់​ពី​ការ​ចងចាំ​របស់​អ្នកស្រុក ប្រហែលជា​អាច​ជាប់ពាក់ព័ន្ធ​នឹង​ការ​ហៅឈ្មោះ​ខ្លោងទ្វារ​ដី​ឆ្នាំង​ដែរ ព្រោះ​ជា​កន្លែង​មាន​ឡផលិត​ឆ្នាំងដី​ជាច្រើន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ