UPDATE៖ គ.ជ.ប​ ប្រកាស​​ថា​ គ្រោង​​រៀប​ចំ​​ការ​បោះ​ឆ្នោត​​តាម​​ប្រព័ន្ធ​​អន​​ឡា​ញ​សាក​ល្បង​​នៅ​​ឆ្នាំ​ក្រោយ​​នេះ​​

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ម្នាក់ ពិនិត្យមើល​ប្រព័ន្ធ​ចុះឈ្មោះ​និង​ដំណើរ​ការ​ផ្សេង​ៗនៃ​ប្រតិបត្តិ​ការបោះឆ្នោត​អន​ឡាញ ក្នុង​ខែសីហា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត National Election Committee​)

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប​.) អះអាង​ថា ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​មួយ​នេះ នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នូវ​ប្រព័ន្ធ​អន​ឡាញ​មួយចំនួន​បម្រើ​ឱ្យ​ការបោះឆ្នោត​នា​ពេល​ខាងមុខ ប៉ុន្តែថា មិនមែន​ជា​ការ​ចាប់ផ្ដើម​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ពី​ចម្ងាយ​នោះ​ឡើយ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាលពី​ថ្ងៃម្សិលមិញ​នេះ គ.ជ.ប​. បាន​ប្រកាស​ថា ខ្លួន​នឹង​រៀបចំ​ការបោះឆ្នោត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សាកល្បង​នៅ​ឆ្នាំ២០២១ខាងមុខ មួយឆ្នាំ​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ និង ២ឆ្នាំមុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។

គ.ជ.ប​. បាន​បញ្ជាក់​បន្ថែម​ថា ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​ខ្លួន​ផ្តួច​ផ្ដើម​នេះ នឹង​បម្រើ​ដល់​ការ​ចុះឈ្មោះ​គណបក្ស​នយោបាយនិង​បេក្ខជន​តាម​ប្រព័ន្ធ​អន​ឡាញ ការ​បញ្ជូន និង​ទទួលលទ្ធផល​បោះឆ្នោត​បឋម ការបែងចែក​អាសនៈ និង​ការ​ស្រង់​ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត។

គ.ជ.ប​. អះអាងបន្ថែម​ថា ប្រសិនបើ​ការបោះឆ្នោត​សាកល្បង​នៅ​ឆ្នាំក្រោយ​នេះទទួល​បាន​ជោគជ័យ នោះ​ការរៀបចំ​ការបោះឆ្នោត​នៅ​ឆ្នាំ២០២២និង​នៅ​ឆ្នាំ២០២៣ ដោយ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ក៏​នឹង​ទទួល​បាន​ជោគជ័យ​ដែរ។

អ្នកនាំពាក្យ គ.ជ.ប​. លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ការប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​សម្រាប់​បម្រើ​ដល់​ការងារ​បោះឆ្នោត​នេះ មិនទាន់​ឈាន​ទៅដល់​ការ​បើក​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ពី​ចម្ងាយ​នោះ​ឡើយ ប៉ុន្តែលោក​ថា គ.ជ.ប​. មាន​ឆន្ទៈ​ឆ្ពោះទៅ​រក​ការរៀបចំ​ឱ្យ​មាន​យន្តការ​បោះឆ្នោត​ពី​ចម្ងាយ​នា​ពេល​អនាគត។

លោក ហង្ស ពុទ្ធា ប្រាប់​ថា៖ «គ្រាន់តែ​ថា យើង​ចង់​ឈាន​ទៅដល់​អ៊ីចឹង ប៉ុន្តែឥលូវ​អត់​ទាន់​ដឹង​ទេ​ ទាល់តែ​ឆ្លង​កាត់ដំណាក់កាល​មួយ​នេះ​សិន ចំាំ​មើល​សភាពការណ៍​ថ្មី ចាំ​មើល​ខាង​ជប៉ុន​គេ​សហការ​ជាមួយ​យើង​ក្នុង​កម្រិត​ណា»។

សមាជិក គ.ជ.ប. រូប​នេះ បានឱ្យ​ដឹង​ទៀត​ថា គ.ជ.ប​. បាន​ស្នើ​ទៅ​ភាគី​ជប៉ុន​ឱ្យ​ជួយ​គាំទ្រ​ដល់​គំនិត​ផ្តួច​ផ្ដើម​របស់​ខ្លួន​សម្រាប់​ការ​ដាក់​ឱ្យ​ដំណើរកា​រប្រ​ព័ន្ធ​អន​ឡា​ញនេះ ប៉ុន្តែលោក​ថា ភាគី​រដ្ឋាភិបាល​ជប៉ុន​មិនទាន់​ឆ្លើយតប​យ៉ាងណា​នោះ​ឡើយ។

តួលេខ​របស់ គ.ជ.ប​. បង្ហាញថា ពលរដ្ឋ​កម្ពុជា​ដល់ទៅ៣០ភាគរយ​ក្នុងចំណោម​អ្នក​ពេញ​សិទ្ធិ​បោះឆ្នោត​សរុប​ជាង ៩លាន ៦៧ម៉ឺន​នាក់ មិនបាន​ចេញទៅ​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ២០១៣កន្លងមក ក្នុង​នោះ​មាន​ទាំង​ពលករ​កម្ពុជា​រាប់​ម៉ឺន​នាក់​កំពុងធ្វើការ​នៅ​ក្រៅប្រទេស​ផង​ដែរ។

ប៉ុន្តែនៅក្នុង​ការបោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​នៅ​ឆ្នាំ២០១៨កន្លងមក​នេះ គ.ជ.ប​. អះអាង​ថា ពលរដ្ឋ​កម្ពុជា​ដល់ទៅ៨៣ភាគរយ​បាន​ចេញទៅ​បោះឆ្នោត ខណៈ​ពលរដ្ឋ​ប្រហែល១៧ភាគរយ​ប៉ុណ្ណោះ​នៅក្នុងចំណោម​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ជាង ៨លាន ៣៨ម៉ឺន​នាក់ បាន​ខកខាន​ការបោះឆ្នោត​នា​ពេលនោះ។

មន្ដ្រី​ជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គ​ការ​ខុ​មហ្វ្រែល លោក កន សា​វាង្ស មិន​ត្រឹមតែ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការរៀបចំ​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែលោក​ថា គ.ជ.ប​. គួរតែ​ឈាន​ទៅដល់​ការរៀបចំ​ការបោះឆ្នោត​ពី​ចម្ងាយ ដែល​លោក​ថា នឹង​អនុញ្ញាត​ឱ្យ​ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​នៅ​ឯក្រៅ​ប្រទេស បាន​ចូលរួម​អនុវត្ត​សិទ្ធិ​របស់​ពួក​គេ​នៅក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​ប្រទេស។

ទោះជាយ៉ាងណា លោក សា​វាង្ស បាន​ចោទសួរ​អំពី​សុក្រឹតភាព​នៅក្នុង​ដំណើរការ​តាម​ប្រព័ន្ធ​អន​ឡា​ញនេះ បើ គ.ជ.ប មិន​រៀបចំ​ឱ្យ​បានសម​ស្របតាម​នីតិវិធីនិង​ច្បាប់​ទេ។

លោក កន សា​វាង្ស ប្រាប់​ថា៖ «បើសិនជា​នីតិវិធីឬក៏​ច្បាប់ ​មិនបាន​រៀបចំឬការពារ​ឱ្យ​បាន​ជាក់លាក់​ទេ វា​អាច​ធ្វើ​ឱ្យ​ការបោះឆ្នោត​មិន​ត្រឹមត្រូវ​ទេ វា​អាច​គេ​ថា ការបោះឆ្នោត​ដោយសេរីនិង​យុត្តិធម៌ ទទួលរង​នូវ​ដូចជា​បញ្ហា​បន្លំ​ជាដើម ពីព្រោះ​នៅ​បណ្តា​ប្រទេស​មួយចំនួន មិនថា​នៅក្នុង​អាស៊ី​ទេ សូម្បីតែ​នៅ​សហរដ្ឋអាមេរិក​ក៏​មាន​បញ្ហា​លើកឡើង​ពី​បញ្ហា​ចោទ​ទាក់ទង​នឹង​ការបោះឆ្នោត​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​ដែរ»។

របាយការណ៍​របស់ក្រ​សួង​ការងារ​កម្ពុជា បង្ហាញថា សម្រាប់​ឆ្នាំ២០១៨ ដែល​ចេញផ្សាយ​នៅដើម​ឆ្នាំមុន បញ្ជាក់​ថា ពលករ​ខ្មែរ​ជាង ១លាន ១សែន​នាក់ កំពុងធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ចំនួន​នេះ ក្រសួង​មិនបាន​បង្ហាញ​ពី​តួលេខ​នៃ​អ្នក​ដែល​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​នៅឡើយ​ទេ។

លោក រី ឆាយ មន្ត្រី​សមាគម​មនុស្សធម៌​កម្ពុជា​ដែល​ជួយ​ដល់​ពលករ​កម្ពុជា​នៅ​ប្រទេស​ថៃ បានឱ្យ​ដឹង​ថា លោក​ខកខាន​មិនបាន​ធ្វើដំណើរ​វិលត្រឡប់​មក​ចូលរួម​ការបោះឆ្នោត​នា​ពេល​កន្លងមក​នោះ​ឡើយ។ លោក​បន្ថែម​ថា លោក​ក៏​សង្កេតឃើញ​ពលករ​កម្ពុជា​ជាច្រើន​ម៉ឺន​នាក់​ទៀត មិនបាន​បោះឆ្នោត​ទៅតាមសិទ្ធិ​របស់​ពួក​គេមាន ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​ ដោយសារតែ​ពួក​គេ​មិន​អាច​វិលត្រឡប់​មក​បោះឆ្នោត​នៅ​កម្ពុជា​បាន។

ពលរដ្ឋ​កម្ពុជា​រូប​នេះបានឱ្យ​ដឹង​ថា លោក​នឹង​ចូលរួម​សម្ដែង​សិទ្ធិ​របស់​ខ្លួន ប្រសិនបើ​ប្រព័ន្ធ​បោះឆ្នោត​តាម​អន​ឡាញ​ដ៏​ងាយស្រួល​មួយ ត្រូវ​បាន​រៀបចំ​សម្រាប់​ពលករ​កម្ពុជា​នៅ​ឯក្រៅ​ប្រទេស។

លោក រី ឆាយ ប្រាប់​ថា៖ «បើ​គេ​បើក​ឱ្យ​បោះឆ្នោត​ទៅតាម​ប្រព័ន្ធ​អន​ឡាញ គឺ​ប្អូន​រីករាយ​មែនទែន ក៏​សប្បាយចិត្ត​ដែរ។ បងប្អូន​ពលករ​នៅក្នុង​ប្រទេស​ថៃ​នេះ ក៏​រីករាយ​សប្បាយចិត្ត​ដែរ គាត់​ត្រេកអរ​មែនទែន»។

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រចាំ​នៅ​កូរ៉េ​ខាងត្បូង លោក យឹម ស៊ី​ណន ដែល​ត្រូវ​បាន​តុលាការ​នៅ​កម្ពុជា​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​ជុំវិញ​ការ​ចោទ​ថា​ «ចូលរួម​គំនិត​ក្បត់» នោះ បានឱ្យ​ដឹង​ថា លោក​ស្វាគមន៍​នូវ​គំនិត​ផ្តួច​ផ្ដើម​រៀបចំ​ឱ្យ​មានការ​បោះឆ្នោត​ពី​ចម្ងាយ។

លោក ស៊ី​ណន ប្រាប់​ថា លោកនិង​ក្រុម​យុវជន​កម្ពុជា​ធ្វើការងារ​នៅ​ទីនោះ ធ្លាប់​ជំរុញ​ឱ្យ​មានការ​អនុញ្ញាត​ឱ្យ​ពលករ​នៅ​ក្រៅប្រទេស​ អាច​បោះឆ្នោត​តាម​អន​ឡាញឬតាមរយៈ​ស្ថានទូត​កម្ពុជា​នៅ​ក្រៅប្រទេស​ផង​ដែរ។

លោក យឹម ស៊ី​ណន ប្រាប់​ថា៖ «ជា​រួម ការ​ដែល​មាន​គម្រោង​ធ្វើ​ឱ្យ​មានការ​បោះឆ្នោត​ទៅតាម​ប្រព័ន្ធ​អន​ឡា​ញនៅ​ក្នុង​សម័យកាល​បច្ចេកវិទ្យា​ជឿនលឿន​បែបនេះ គឺជា​រឿង​ដែល​យើង​គាំទ្រ​ពេញទំហឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ