លោក​ ស​ ខេង​ បារម្ភ​​ពី​​ការ​បាត់​បង់​​ធន​ធាន​​ធម្ម​ជាតិ​ ខណៈ​​តំបន់​​ការពារ​​នៅ​​រង​​ការ​​កាប់​​បំផ្លាញ​​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​ពង្រឹង​ការអនុវត្ត​តួនាទី​និង​ភារកិច្ច​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី ប្រារព្ធ​នៅ​សាលាខេត្ត​មណ្ឌលគិរី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ស ខេង​)

លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការបាត់បង់​ធនធាន​ធម្មជាតិ ខណៈ​លោក​ថា ព្រៃឈើ​នៅ​តំបន់​ការពារ​មួយចំនួននៅតែ​បន្ត​ទទួលរង​ការ​កាប់​បំផ្លាញនិង​ការទន្ទ្រាន​ដី​យក​ធ្វើ​កម្មសិទ្ធិ។

ការ​ព្រួយបារម្ភ​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​ពង្រឹង​ការអនុវត្ត​តួនាទីនិង​ភារកិច្ច​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី នា​ថ្ងៃនេះ។ 

លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃនេះ ​ថា ព្រៃឈើ ដីធ្លី ធនធាន​ធម្មជាតិ និង​តំបន់​ការពារ​នានា​មួយចំនួន នៅតែ​បន្ត​ទទួលរង​ការ​កាប់​បំផ្លាញនិង​ការទន្ទ្រាន​កាន់កាប់ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ គួរ​ឱ្យ​ព្រួយបារម្ភ។

លោក​បន្ត​ថា ជាក់ស្ដែង​នៅ​ខេត្តមណ្ឌលគិរី ដែល​មាន​ធនធាន​ធម្មជាតិ​ស្ដុកស្ដម្ភនិង​ទេសភាព​ដ៏​ស្រស់​ត្រកាល ក៏​ត្រូវ​បាន​ក្រសួងបរិស្ថាន​រក​ឃើញថា បាន​ទទួលរង​ការ​បំផ្លិច​បំផ្លាញ​ក្រោម​រូបភាព​នានា​ផង​ដែរ។ 

លោក ស ខេង បាន​បញ្ជាក់​តាមរយៈ​សំណេរ​លើ​ហ្វេសប៊ុក​ថា៖ «ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សម្ដេច​តេជោ​នាយក​រដ្ឋមន្រ្តី ក៏បាន​សម្រេច​ប្រគល់​ជូន​ក្រសួងមហាផ្ទៃ សម្របសម្រួល​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​ស្រាវជ្រាវ​ករណីនេះ រហូត​ឈាន​ទៅ​ចាត់វិធានការ​លើ​មន្រ្តី​មួយចំនួន ស្របតាម​ច្បាប់ ខណៈ​ករណី​ពាក់ព័ន្ធ​មួយចំនួន​ទៀតក៏​កំពុង​ស្ថិត​ក្នុង​សមត្ថកិច្ច​តុលាការ»។ 

អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ា​ង សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ ដោយ​ថា ជាប់រវល់​ប្រជុំ។ 

ចំណែកប្រធានមន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក​ កែវ សុ​ភ័ក្រ មានប្រសាសន៍​ថា អ្នក​ដែល​ទន្ទ្រាននិង​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ការពារ​ក្នុង​ខេត្ត​នេះ ភាគច្រើន​ជា​ប្រជាពលរដ្ឋ​ចំណាកស្រុក​ដែល​មក​ពី​តាម​បណ្តា​ខេ​ត្ត​ផ្សេង​ៗ។ តែ​យ៉ាងណា លោក​ថា មន្ត្រី​បរិស្ថានបាន​និង​កំពុង​បន្ត​ខិតខំ​ចាត់វិធានការ​តឹង​រ៉ឹង ក្នុង​ការទប់ស្កាត់និង​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​ខេត្ត​នេះ។

លោក​ថា៖ «យើង​ឮ​តែ​មានឈ្មោះ ទិញ​ដី​ឧកញ៉ា​នេះ ឧកញ៉ា​នៅ​តាម​ហ្វេសប៊ុក បាន​ឮ​ខ្លះ ប៉ុន្តែ​សម្រាប់​ការទន្ទ្រាន​ដី​រាប់​រយ​ហិ​កតា​ ដូច​អត់​ទាន់​មាន ហើយ​សម្រាប់​ខាង​ខ្ញុំ​ បើ​មាន​ ក៏​ចាត់វិធានការ​ដែរ»។

អ្នក​ប្រឹក្សា​យោបល់​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្តមណ្ឌលគិរី លោក គ្រើ​ង តុលា ហៅ​ការ​ព្រួយ​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​រូប​នេះ​ថា មិន​មាន​អ្វី​ថ្មី​នោះ​ទេ។

លោក​ថា កន្លងមក ប្រមុខ​រដ្ឋាភិបាលក៏បាន​បង្ហាញ​ក្ដី​បារម្ភនិង​បាន​ប្តេជ្ញា​ការពារ​ធនធាន​ធម្មជាតិ ដោយ​ដាក់​វិធានការដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ ប៉ុន្តែ​ព្រៃឈើ​នៅតែ​បាត់បង់​ដដែល។

លោក​និយាយ​ថា៖ «ខ្ញុំ​គិតថា វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ លុះត្រាតែ​គោរពច្បាប់ បើ​មិន​គោរពច្បាប់​ទេ ទោះបី​ប្ដេជ្ញា​ចិត្ត​រាប់​លាន​ដង ព្រៃឈើ​នៅតែ​បាត់បង់។ យើង​ឃើញ​ព្រៃឈើ​ក្នុង​មណ្ឌលគិរី​បច្ចុប្បន្ន អ្នក​ដែល​កាប់​បំផ្លាញ​ព្រៃឈើ​ គឺ​សុទ្ធតែ​អ្នកធំ ឧកញ៉ា ប្រជាពលរដ្ឋ​គឺ​គ្រាន់តែ​ជា​ស្ពាន​របស់​ឧកញ៉ា»។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ឱ្យ​ដឹង​កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ថាក្នុងរយៈពេល៩ខែ​ឆ្នាំនេះ មន្ត្រី​ឧទ្យានុ​រក្ស​បង្ក្រាប​បទល្មើស​បាន​ចំនួន៦ ៥៩៧ករណី ក្នុង​នោះ បាន​រឹបអូស​រណារ​យន្ត​ ចំនួន៣ ៥១៨គ្រឿង​, រថយន្ត​ ចំនួន១៥០គ្រឿង​, ត្រាក់ទ័រ​ ចំនួន៨៦គ្រឿង​, គោយន្ត​កន្ត្រៃ​ ចំនួន៨៦៨គ្រឿង​, ដោះ​អន្ទាក់​បាន​ចំនួន២៩ ៤៨៣អន្ទាក់​, ដកហូត​កាំភ្លើង​កែច្នៃ​ ចំនួន៦៣៧គ្រឿង និង​ដកហូត​ម៉ូតូ​បាន​ចំនួន៥៣៣គ្រឿង។

ក្រៅពីនោះ លោក​ថា មន្ត្រី​រឹបអូស​ឈើ​បាន​ចំនួន២ ៦២០ម៉ែត្រគូប និង​បានឱ្យ​ធ្វើ​កិច្ចសន្យានិង​អប់រំ​ដល់​ជនល្មើស​កម្រិត​ស្រាល ​ចំនួន២ ០៦២ករណី ពិន័យ​អន្តរការណ៍​ ចំនួន៧៣៤ករណី និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ ចំនួន៤៥៤ករណី។ បើ​តាម​លោក នេត្រ ភក្ត្រា បច្ចុប្បន្ន កម្ពុជា​មាន​តំបន់ការពារធម្មជាតិ​ ចំនួន៦៨តំបន់ លើ​ផ្ទៃដី​ប្រមាណ៧,៣លាន​ហិ​កតា ឬស្មើនឹង៤១​%នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ