លោក​ ស​ ខេង​៖​ គ្រឿង​ញៀន​​នៅ​តែ​​ជា​​បញ្ហា​​ដ៏​​ក្តៅ​​គគុក​​បង្ក​​ផល​​ប៉ះពាល់​​ដល់​​សន្តិ​សុខ​​សង្គម​

លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ស្ដីពី​ការ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន AMMTC តាម​ប្រព័ន្ធ​វីដេអូ ពីទី​ស្ដីការ​ក្រសួងមហាផ្ទៃ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ស ខេង​)

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែង​ថា គ្រឿងញៀន​នៅតែ​ជា​បញ្ហា​ដ៏​ក្កៅ​គគុក បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គមនិង​ជីវភាព​ប្រជាពលរដ្ឋ ខណៈ​រក​ឃើញថា ចំនួន​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន​ដែល​សមត្ថកិច្ច​ចាប់​ឃុំខ្លួន បាន​កើនឡើង​ប្រមាណ​ជា២០ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​ក្នុងរយៈពេល​ដូចគ្នា។

លោក ស ខេង បាន​លើកឡើង​បែបនេះ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ស្តី​ពី​ការងារ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​លើក​ទី១៤ តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ម្សិលមិញ។

មេដឹកនាំ​កម្ពុជា​រូប​នេះ​ថ្លែង​ថា៖ «បច្ចុប្បន្ន ការ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​នៅតែ​ជា​បញ្ហា​ក្តៅ​គគុក កំពុង​បង្ក​ផល​ប៉ះពាល់​ប្រទាក់ក្រឡា​គ្នា​ស្មុគស្មាញ​ដល់​សន្តិសុខ សុខុមាលភាព​សង្គម និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទាំង​នៅ​ទីក្រុងនិង​នៅ​ជនបទ»។

លោក​គូសបញ្ជាក់​ថា ក្នុងរយៈពេល៩ខែ​ដើមឆ្នាំ២០២០នេះ អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង១ម៉ឺន​៣ពាន់​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្នុង​នោះ​ករណី​មួយចំនួន​ធំ​នាំចូល​តាម​ព្រំដែន​គោក។

អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក មាស វីរិ​ទ្ធ ប្រាប់​ថា មកដល់ពេលនេះ អ្នក​ជាប់ពាក់ព័ន្ធ​គ្រឿងញៀន​ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន កើនឡើង​ដល់​ជិត២ម៉ឺ​នាក់​(១៩ ៣៩៤​) កើនឡើង​ប្រហែល២០ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​ក្នុងរយៈពេល​ដូចគ្នា។ លោក​ថា ការ​កើនឡើង​នេះមក​ពី​តម្រូវការ​ប្រើប្រាស់​របស់​យុវជន​មានការ​កើនឡើង។

លោក​បញ្ជាក់​ថា មកដល់ពេលនេះ ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន អាជ្ញាធរ​ទប់ស្កាត់​បាន​តា​មក្លឹបក​ម្សាន្តនិង​កន្លែង​ដែល​មានការ​គ្រប់គ្រង​មួយចំនួន​ទៀត។

ប៉ុន្តែលោក​ថា ការប្រើ​ប្រាស់​គ្រឿងញៀន​បាន​លេច​ឡើង​នៅកន្លែង​ដែល​សមត្ថកិច្ច​គ្រប់គ្រង​មិនបាន ដូចជា​ការ​លួច​ប្រើប្រាស់និង​ជួញដូរ​នៅពេល​យប់ ​អំឡុង​ពេល​សមត្ថកិច្ច​ចប់​ម៉ោង​ការងារ។

លោក មាស វីរិ​ទ្ធ មានប្រសាសន៍​ថា៖ «ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន វា​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគីនិង​តួអង្គ​ដែល​មានការ​ពាក់ព័ន្ធ ពិសេស​ត្រូវ​ផ្តើម​ចេញពី​អ្នកប្រើ​ប្រាស់ និង​មុខសញ្ញា​ដែល​ងាយ​រងគ្រោះហើយ​ងាយ​ធ្លាក់ខ្លួន​ទៅ​ក្នុង​ការ​អូសទាញ​របស់​ក្រុម​ជួញដូរ​គ្រឿងញៀន»។

កសិករ​ម្នាក់​នៅ​ភូមិ​កំពង់ស្វាយ ឃុំ​ព្រែកថ្មី ស្រុក​កោះធំ ខេត្តកណ្តាល លោក សុខ រិទ្ធិ និយាយ​ថា បញ្ហា​គ្រឿងញៀន​នៅ​តំបន់​ដែល​គាត់​រស់​នៅ​មិន​មានការ​ថយ​ចុះ​ទេ រយៈពេល២ឆ្នាំ​ជាប់គ្នា​មកនេះ។

លោក​ថា អ្នកប្រើ​ប្រាស់​គ្រឿងញៀនបាន​ប្រើ​រូបភាព​ចាក់​បាស​រាំ​ក្នុង​ចម្កា​រល្មុត​នៅពេល​យប់ ពេលខ្លះ​រហូត​ភ្លឺ​ក៏​មាន ដែល​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​មួយចំនួនរង​អំពើ​ហិង្សា​ពី​បុរស​ខ្លះ​ដែល​បែក​ថ្នាំ។

លោក សុខ រិទ្ធិ ប្រាប់​ថា៖ «ភាគច្រើន​នៅ​តាម​ចម្ការ​ល្មុត​ ពេល​យប់​ព្រលប់​ៗ ទៅ​ឃើញ​ហើយ។ អា​ផ្លូវ​ទៅ​ចម្ការ​ហ្នឹង ទៅ​ឃើញ​ហើយ ​ទាំង​ហ្វូង​ៗ»។

កសិករ​រស់នៅ​ភូមិ​ឡាំ​ម៉េះ ឃុំ​ប៊ូស្រា ខេត្តមណ្ឌលគិរី លោក ហាម សាន់ និយាយ​ដែរ​ថា យុវជន​មួយចំនួន​នៅ​តំបន់​នេះ កំពុង​ធ្លាក់ខ្លួន​ប្រើប្រាស់​គ្រឿងញៀន​តាម​ការ​អូសទាញ​ពីមិត្ត​ភក្តិ​របស់​ពួក​គេ។

លោក​ថា ប្អូនបង្កើត​របស់​គាត់​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​ជិត១ឆ្នាំ​មក​ហើយ ចោទ​ថា ជាប់ពាក់ព័ន្ធ​គ្រឿងញៀន ដែល​លោក​ថា មកដល់ពេលនេះ លោក​មិនបាន​ទៅ​សួរសុខទុក្ខ​ទេ ដោយសារ​បញ្ហា​ជីវភាព។

លោក ហាម សាន់ ប្រាប់​ថា៖ «ធ្វើ​ម៉េច​ទេ​បង ខ្ញុំ​មិន​ចង់ឱ្យ​វា​ជក់​ទេ តែ​វា​តាម​គ្នា ឬវា​ចង់​ក៏​មិនដឹង ហើយ​ពួក​ខ្ញុំ​ឯណា​មាន​លុយ​ទៅ​មើល​វា ប៉ូលិ​សគេ​ប្រាប់​ដែរ តែ​អត់មាន​លុយ​ទៅ​មើល​វា​តាមដំណើរ​វា​ទៅ»។

លោក ស ខេង មានប្រសាសន៍​ដែរ​ថា តាម​ការស្រាវជ្រាវ បញ្ហា​លំហូរ​ចូល​គ្រឿងញៀន ដោយសារតែ​ឧក្រិដ្ឋជន​គ្រឿងញៀននៅតែ​បន្ត​យក​តំបន់ត្រីកោណ​មាស ធ្វើជា​ទីតាំង​ផលិតនិង​ចរាចរ ដែល​ចាំបាច់​ត្រូវ​មាន​វិធានការ​បន្ទាន់ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ដ៏​គ្រោះថ្នាក់​នេះ។

លោក​ថា កម្ពុជា​ជា​ប្រទេស​រងគ្រោះ​ដោយ​សារ​គ្រឿ​ងញៀន និង​ជាទី​តាំង​ឆ្លងកាត់​របស់​ជនល្មើស មិនមែន​ជា​ប្រទេស​ផលិត​គ្រឿងញៀន​នោះ​ទេ។

លោក ស ខេង ថ្លែង​ថា ក្នុងស្មារតី​នេះ កម្ពុជា​ស្នើ​ដល់​ប្រទេស​ក្នុង​តំបន់ ជាពិសេស​រដ្ឋ​សមាជិក​នៅក្នុង​អនុ​តំបន់​ទន្លេមេគង្គ បន្ត​កិច្ច​សហប្រតិបត្តិ​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក ​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ភាព​សុខដុមរមនា​សម្រាប់​តំបន់​ទាំងមូល។

ទោះជាយ៉ាងណា លោក ស ខេង ថ្លែង​គូសបញ្ជាក់​ទៀត​ថា ដោយ​មើលឃើញ​នូវ​គ្រោះថ្នាក់និង​មហន្តរាយ​សង្គម​ធ្ងន់ធ្ងរ​ដែល​បង្កឡើង​ដោយ​បញ្ហា​គ្រឿងញៀន​នេះ​ហើយ ទើប​រាជរដ្ឋាភិបាល​កម្ពុជាបាន​ដាក់ចេញ​នូវ​យន្តការ​ដាក់​ស្តែង​ទាំង​ថ្នាក់​ជាតិនិង​ថ្នាក់ក្រោម​ជាតិ​ តាមរយៈ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ចាប់តាំងពី​ឆ្នាំ២០១៧មក។

បុគ្គលិក​គ្រប់គ្រង​កម្មវិធី​នៅ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក ហេង គី​មហុង មានប្រសាសន៍​ថា ការ​កើនឡើង​បទល្មើស​គ្រឿងញៀន មិន​គួរ​បន្ទោស​ទៅលើ​តម្រូវការ​របស់​អ្នកប្រើ​ប្រាស់​ទេ តែ​គេ​ត្រូវ​ផ្តោត​ទៅលើ​ប្រសិទ្ធភាព​នៃ​វិធានការ​ច្បាប់​របស់​ស្ថាប័ន​ពាក់ព័ន្ធ មាន​កងកម្លាំង​ប្រដាប់​អាវុធ កម្លាំង​នគរបាល​ជាតិ និង​តុលាការ​ផង​ដែរ។

លោក ហេង គី​មហុង ប្រាប់​ថា៖ «យុទ្ធនាការ ​[បង្ក្រាប​គ្រឿងញៀន​] ប៉ុន្មាន​ឆ្នាំ​មកនេះ ការ​ឃាត់ខ្លួន​អ្នកប្រើ​ប្រាស់​គ្រឿងញៀន​មាន​ចំនួន​ច្រើន ប៉ុន្តែសំណួរ​សួរ​ថា នៅ​ពីក្រោយ​នៃ​អ្នកប្រើ​ប្រាស់​គ្រឿងញៀន ហើយ​អ្នក​ជួញដូរ​ត្រឹម​មួយ​កញ្ចប់​ពីរ​កញ្ចប់​ហ្នឹង អ្នកណា​ជា​អ្នកនាំ​ចូល​? ហើយ​អ្នកណា​ដែល​ជា​អ្នក​បើកផ្លូវ​ឱ្យ​មានការ​នាំចូល​ដោយ​ខុសច្បាប់​នូវ​គ្រឿងញៀន​ជាច្រើន​មកនេះ​? នេះ​ជា​សំណួរ​?»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ