តុលាការ​នឹង​ប្រកាស​សាល​ក្រម​សំណុំ​រឿង​​យុវជន​ច្រៀង​​រ៉េប​រិះគន់​សង្គម​​នៅ​ចុង​ខែ​ធ្នូ​

យុវជន គា សុគុណ។ (ហ្វេសប៊ុក៖ Sokun Club)

តុលាការ​ខេត្តសៀមរាប នឹង​ប្រកាសសាលក្រម​លើសំណុំរឿងយុវជនពីរនាក់ដែលច្រៀង​ចម្រៀង​រ៉េប (Rap) រិះគន់សង្គម នៅចុងខែធ្នូខាងមុខ បន្ទាប់ពីបានបើកសវនាការជំនុំជម្រះលើសំណុំរឿងពាក់ព័ន្ធនឹង​បទចោទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» នេះ កាលពីថ្ងៃម្សិលមិញ។

យុវជនទាំងពីរនាក់ ដែលមានឈ្មោះ គា សុគុណ និ​ង ឡុង ពុទ្ធារ៉ា ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០២០ ​​ក្រោយ​​​ពី​ពួកគេ​ច្រៀង​ចម្រៀង​រ៉េប (Rap) បង្ហោះ​តាម​បណ្ដាញ​សង្គម​ រៀបរាប់​ពី​ការឈឺចាប់​​រឿង​អយុត្តិធម៌​​សង្គម សេដ្ឋកិច្ច​ធ្លាក់​ចុះ ​ពលរដ្ឋ​ចំណាក​ស្រុក​ បញ្ហា​ព្រំដែន និង​សង្គមជាតិ​​ទន់ខ្សោយ​ ជាដើម។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប លោក យិន ស្រាង មាន​ប្រសាសន៍នៅថ្ងៃទី២៦ ខែវិច្ឆិកា ថាក្រោយ​ពីបាន​សួរ​ដេញដោលក្នុង​សវនាការកាលពីថ្ងៃម្សិលមិញ ចៅ​ក្រម​ជំនុំជម្រះ​​គ្រោង​នឹង​ប្រកាស​សាល​ក្រមលើសំណុំរឿងយុវជនទាំងពីរនាក់​ ពាក់ព័ន្ធ​បទ ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ខាង​មុខ។

លោកបានបន្តថា៖ «ភស្តុតាងគឺអត្ថន័យនៅក្នុងបទចម្រៀងហ្នឹង ដែលនិយាយពាក់ព័ន្ធទៅនឹងការប្រើពាក្យពេចន៍ដែលធ្វើឱ្យ​មានការរើបម្រះ​ ការញុះញង់ ធ្វើឱ្យ​ប៉ះពាល់ដល់ប្រជាពលរដ្ឋ ងើប​បះបោរ គេ[ប៉ូលិស]ចោទបញ្ហាហ្នឹង»។

លោក សំ ទិត្យសីហា មេធាវីនៃសមាគមការពារសិទ្ធិមនុស្សអាដ​ហុក ដែល​ការពារក្តីឱ្យ​យុវជន គា សុគុណ បានថ្លែងថា ក្នុងសវនាការ លោកចៅក្រមនិងព្រះអាជ្ញាបានពិនិត្យអត្ថន័យ​​បទចម្រៀងមួយចំនួន​របស់​យុវជនទាំងពីររូប និងបានសួរដេញដោលទៅលើខ្លឹមសារនិងអត្ថន័យបទចម្រៀង​ទាំងនោះ ក្នុងនោះមានពាក្យថា​ «ក្រោកឡើង» ដែលតុលាការ​ចាត់ទុកថា ជា​ពាក្យ​​អុច​អាល​ឱ្យ​ប្រជាពលរដ្ឋងើបឡើងប្រឆាំងនឹងអាជ្ញាធរឬរាជរដ្ឋាភិបាល។

លោកបានបញ្ជាក់ថា៖ «គាត់ [កូនក្តីរបស់​លោក​] អត់មានចេតនាឬគោលបំណង​ណា​​មួយ ធ្វើឱ្យ​មានការញុះញង់ [ធ្វើឱ្យ​ប៉ះពាល់​ដល់សង្គម​] ទេ ដោយសារ​ពួកគាត់នៅក្មេង និងចំណេះដឹងគាត់ [នៅមានកម្រិត​]។ ពួកគាត់ក៏បានសំណូមពរដែរ ដោយសារមានភាពខ្វះខាតចំណេះដឹងនិងកត្តាផ្សេងៗ សូមឱ្យ​តុលាការ​បន្ធូរ​បន្ថយ [ទោស​] ​ដល់​ពួកគាត់»។

លោកមេធាវី បន្ថែម​ថា ក្នុងសវនាការ យុវជន គា សុគុណ នៅតែអះអាង​ថា គាត់មិនបានប្រព្រឹត្តខុស​ដូចការចោទប្រកាន់ឡើយ ខណៈ​យុវជន ឡុង ពុទ្ធារ៉ា បានសុំទោសនិងទទួលស្គាល់នូវកំហុស​របស់ខ្លួន។

បើតាមលោកមេធាវី សំ ទិត្យសីហា បទចម្រៀងរ៉េបមួយចំនួនដែលយុវជនទាំងពីរនាក់បាន​ច្រៀង និងនាំឱ្យឈានទៅរងការចោទប្រកាន់តាមប្រព័ន្ធតុលាការ​​នោះ រួមមាន ចំណងជើង «សាសន៍កំសត់» និង «ដីខ្មែរ» ដែលមានអ្នកចូល​មើលជាង២លានដងនៅលើបណ្តាញសង្គម​យូធូប (YouTube)។

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយ​ជុំវិញសំណុំរឿងនេះពីលោកមេធាវី ​ញាន សុមុន្និន្ទ តំណាងឱ្យ​​ក្រសួងវប្បធម៌ ដែលជាដើមបណ្តឹងបានទេ។

ចំណែកលោក ផល គា ដែលជាឪពុករបស់យុវជន គា សុគុណ អាយុ២២ឆ្នាំ ម្ចាស់បទចម្រៀង​​រ៉េប «ដីខ្មែរ» បានឱ្យដឹង​​ថា លោក​ចង់​​ចូលរួម​ស្ដាប់សវនាការ​លើសំណុំរឿងកូនប្រុសរបស់គាត់​ដែរ ប៉ុន្តែតុលាការមិនអនុញ្ញាតឱ្យមានមនុស្ស​ច្រើនចូលក្នុងបន្ទប់សវនាការ​​ ក្រោមហេតុផលថា ទប់ស្កាត់​ជំងឺកូវីដ១៩។

លោកថា៖ «ខ្ញុំចង់ចូលស្ដាប់គេចោទម៉េចខ្លះ ហើយដាក់ស្ថានទម្ងន់ទោសអីខ្លះ ខ្ញុំចង់ដឹងអ៊ីចឹង ប៉ុន្តែ​គេមិនឱ្យ​ចូល​​ស្ដាប់ មិនដឹងធ្វើម៉េច។ ខ្ញុំសោកស្ដាយមែនទែន ព្រោះមិនគួរឱ្យមានទោសទេ គ្រាន់តែច្រៀង ការបញ្ចេញមតិបែបសិល្បៈ មានអីគួរញុះញង់ដូចពាក្យគេចោទផង»។

តែយ៉ាងណា លោក​ ផល គា បាន​​អំពាវនាវដល់​​តុលាការទម្លាក់បទចោទប្រកាន់និងដោះលែងកូនគាត់ឱ្យមានសេរីភាពវិញ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ