នាយក​រដ្ឋ​មន្រ្តី​ថា ការឆ្លង​កូវីដ​១៩​ក្នុង​សហគមន៍​អាច​កើន​ដល់​១៥​ករណី

មន្ត្រីជំនាញក្រសួងសុខាភិបាលរៀបចំបញ្ជូនអ្នកសង្ស័យឆ្លងកូវីដ១៩ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ (ហ្វេសប៊ុក៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងនៅព្រឹកនេះថាករណីឆ្លងរីករាលជំងឺកូវីដ ១៩ ក្នុងសហគមន៍អាច​កើនឡើងដល់១៥ករណី បើ១ករណីនៅខេត្ត​សៀមរាបត្រូវ​បានវិទ្យាស្ថាន​ប៉ាស្ទ័រ​​បញ្ជាក់ថាវិជ្ជមានកូវីដ១៩​។

ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន បានដាក់ឈ្មោះការឆ្លងក្នុងសហគមន៍ជា​លើកដំបូង​ក្នុងប្រទេស​​កម្ពុជាដែល​ទាក់ទងជាមួយនឹងគ្រួសារលោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារថា​ជា«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»។

លោកនាយករដ្ឋមន្រ្តី បានលើកឡើងថា ប្រសិនបើកូនស្រី​លោកឆែម សាវុធ ដែល​រស់នៅ​ខេត្ត​សៀមរាបត្រូវបានបញ្ជាក់ដោយ​​វិទ្យាស្ថានប៉ាស្ទ័រថាមានវិជ្ជមានកូវីដ១៩ នោះការឆ្លងក្នុង​សហគមន៍នឹងកើនឡើងដល់១៥ករណីក្នុងរយៈពេល២ថ្ងៃនេះ។

លោកនាយករដ្ឋមន្រ្តីបានថ្លែងបន្ត​ថា៖«​ក្នុងករណីដែល​ទៅពីសៀមរាប​ ត្រូវបានបញ្ជាក់ថា​វិជ្ជមាន​​​ ការឆ្លងក្នុង​សហគមន៍បានកើនឡើងរហូតដល់១៥ករណី​ក្នុងរយៈពេល​តែ២ថ្ងៃ​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្វីដែល​គួរឱ្យចាប់អារម្មណ៍គឺស្ថិតនៅក្នុងចង្កោម​នៃអ្នកដែលធ្វើការនៅក្នុងក្រសួង​មហាផ្ទៃ និង​ក្រុម​គ្រួសាររបស់​ឯកឧត្តម ឆែម សាវុធ តែប៉ុណ្ណោះ។ ដូច្នេះ​ហើយបាន​ជាការស្រាវជ្រាវនេះ ត្រូវ​ធ្វើមិន​មែនគ្រាន់តែត្រឹមតែក្រុមគ្រួសារឯកឧត្តម ឆែម សាវុធប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងក្រប​ខណ្ឌក្រសួង​មហាផ្ទៃ និងបន្ថែម​ដល់ការពាក់ព័ន្ធនានាទៅតាម​ខេត្តនានាផងដែរ»។

តាមការបញ្ជាក់របស់​លោកនាយករដ្ឋមន្រ្តី គិតត្រឹមព្រឹកនេះ​ក្រុមគ្រូពេទ្យបាន​យកសំណាក​ចំនួន៣៣៣២ មកពីខេត្តចំនួន​​៧ដោយក្នុងនោះវិទ្យាស្ថានប៉ាស្ទ័ និងវិទ្យាស្ថាន​ជាតិសុខភាព​សាធារណៈបានធ្វើតេស្តបាន​២២៤៧សំណាក ដោយរកឃើញថាវិជ្ជមាន១៤ករណី ប៉ុន្តែ១ករណីនៅសៀមរាបដែលសង្ស័យថាវិជ្ជមានមិនទាន់ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័ថាពិតជាមានកូវីដ១៩នៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ