ដំរីអាស៊ីដ៏ឯកាមួយក្បាល​ បានបញ្ជូន​ពីប្រទេសប៉ាគីស្ថាន ​មក​ដល់កម្ពុជា​ហើយ

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា (រូបថត ក្រសួងបរិស្ថាន)

ដំរីឈ្មោល​មួយក្បាល ឈ្មោះខាវ៉ាន់ ដែលជាដំរីដ៏ឯកោបំផុតនៅលើពិភពលោក បានមកដល់ទឹកដីខេត្តសៀមរាប ប្រទេស​កម្ពុជា នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីបាន​ធ្វើដំណើរអស់រយៈពេល​ជា​ច្រើនម៉ោងតាម​យន្តហោះ ពីប្រទេសប៉ាគីស្ថាន។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក​នេត្រ ភក្ត្រា បានថ្លែង​ក្នុងពិធីទទួលសត្វដំរីខាវ៉ាន់ នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប មានប្រសាសន៍ថា ដំរីខាវ៉ាន់ មានអាយុ ៣៥​ឆ្នាំ ត្រូវបានក្រុមអភិរក្សសត្វព្រៃ ជួយសង្គ្រោះពីសួនសត្វមួយ​នៃប្រទេសប៉ាគីស្ថានតាមរយៈការតស៊ូ​ផ្នែកច្បាប់ ហើយចុងក្រោយតុលាការ​​កំពូល​ប៉ាគីស្ថាន បានសម្រេចឱ្យដំរីមួយនេះ មានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃរបស់ប្រទេស​កម្ពុជា។

លោក​បន្តថា៖ «កម្ពុជា បានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ»។

លោក នេត្រ ភក្ត្រា ឱ្យ​ដឹងទៀតថា ដំរីខាវ៉ាន់ នឹង​ត្រូវ​រស់នៅក្នុង​ព្រៃធម្មជាតិទំហំជាង ៤ហិកតា  ក្នុង​ដែនជម្រក​សត្វព្រៃគូលែនព្រហ្មទេព ក្នុង​ភូមិសាស្ត្រស្រុកអន្លង់វែង ​ខេត្តឧត្តរមានជ័យ ជាមួយ​​នឹង​​​សត្វ​ដំរីញីចំនួន ៣ក្បាល ដែលយកមកពីខេត្តមណ្ឌលគិរី ក្រោម​ការ​មើលថែ និងការពារ ដោយ​អង្គការ​អភិរក្សដែនជម្រក​សត្វព្រៃកម្ពុជា ដែលទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន។​

លោកថា៖ «សត្វដំរីអាស៊ី ឈ្មោះខាវ៉ាន់នេះ នឹងត្រូវយកទៅចិញ្ចឹមក្នុងដែន​ជម្រកសត្វព្រៃគូ​លែនព្រហ្មទេព​ ដើម្បីធ្វើការបង្កាត់ពូជ​ជាមួយដំរីក្នុងស្រុក ក្នុង​​គោលបំណងបង្កើតប្រសិទ្ធភាពក្នុង​ការបន្តពូជសត្វដំរីអាស៊ី ឱ្យកាន់តែប្រសើរឡើងថែមទៀត ជៀសវាងការបង្កាត់ជាន់ពូជ ​បង្កើន​នានាពន្ធុ (សេនេទិច) ការធន់នឹងអាកាសធាតុ និងជំងឺ និងសម្រាប់ជំរុញក្នុងវិស័យទេស​ចរណ៍​ធម្មជាតិ​នៅ​កម្ពុជា»។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បាន​បន្តទៀតថា ដំរីខាវ៉ាន់ គឺជាប្រភេទដំរីអាស៊ីដែលជាប្រភេទរងការគំរាមកំហែង ខណៈ​កម្ពុជាមានប្រភេទដំរីអាស៊ីនេះ ចន្លោះពី ៤០០ ទៅ ៦០០ក្បាល ដែលកំពុងតែរស់​នៅក្នុងព្រៃនៃតំបន់ការពារធម្មជាតិរបស់កម្ពុជា ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី និងនៅ​ក្នុងតំបន់​ជួរភ្នំក្រវ៉ាញ។​

ចំណែក ដំរីស្រុកវិញ លោកថា នៅកម្ពុជា មាន​ប្រមាណជាង ៧០​ក្បាល។

លោកនេត្រ ភក្ត្រា ​បន្តទៀត​ថា ជាមួយវិធានការអនុវត្តច្បាប់ដ៏តឹងរឹងរបស់សមត្ថកិច្ច និងការខិតខំប្រឹងប្រែងការពារនិងអភិរក្ស​របស់រាជរដ្ឋាភិបាល នៅក្នុងរយៈពេលជាង ១០​ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃ ដើម្បីយកភ្លុកនិងកន្ទុយ ដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមកនៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែគ្មាន។

លោកបានបន្ថែមថា យោងតាមការប៉ាន់ស្មាន​ផែនការសកម្មភាពរយៈពេល ១០​ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះ ត្រូវការថវិកា​ចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិក ដែលជាគម្រោង​ថវិការំពឹងថានឹងបានមកពីប្រភពរួម​បញ្ចូលគ្នា ទាំងកញ្ចប់ថវិកា​រាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ