នាយករដ្ឋមន្ត្រី​ឱ្យសិទ្ធិរដ្ឋមន្ត្រីនិងអាជ្ញាធរ​ អាចបិទក្រសួង សាលារៀន និងទីតាំងខ្លះដែល​មាន​​​ករណី​ឆ្លង​កូវីដ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី ៣០ ខែវិច្ឆិកា ២០២០។ (រូបភាពពីហ្វេសប៊ុក លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំដល់រដ្ឋមន្ត្រី និងអភិបាលរាជធានី-ខេត្ត អាចមានសិទ្ធិបិទ​ផ្នែកខ្លះនៃក្រសួង សាលារៀន រួមទាំង​អាហារដ្ឋាន ភោជនីយដ្ឋាន ឬទីតាំងមួយចំនួនបើសិនជាប់ពាក់ព័ន្ធនឹង«ភរិយាអគ្គនាយកពន្ធនាគារ»ដែលឆ្លងកូវីដ១៩។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​តាមរយៈសារជា​សំឡេង​កាលពីមិ្សលមិញ​ថា ការឆ្លង​កូវីដ១៩​របស់ភរិយាអគ្គនាយកពន្ធនាគារ ជាបញ្ហាធ្ងន់ធ្ងរសម្រាប់កម្ពុជា ក្នុងរយៈពេល១១ខែ ដែល​បានឆ្លងកាត់តាំងពីដើមឆ្នាំមកនោះ។

លោកបន្តថា ករណីនេះ លោក​​បានសម្រេចឱ្យ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង ពិនិត្យ និងសម្រេចក្នុងការបិទផ្នែកណាខ្លះ ឬក្រសួងតែម្តង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​នៃ​​ជំងឺកូវីដ​១៩ ហើយ​ជំនួសឱ្យមន្ត្រីធ្វើការពីផ្ទះមកវិញ។

ក្រៅពីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានណែនាំដល់​រដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងនានា ក៏ដូចជាអភិបាលរាជធានី-ខេត្តមួយចំនួនទៀត ដែលមានជាប់ពាក់ព័ន្ធព្រឹត្តិការណ៍នេះ មានសិទ្ធិចាត់ចែងក្នុងការបិទក្រសួង ឬផ្នែកខ្លះ ក៏ដូចជា បិទសាលា អាហារដ្ឋាន ភោជនីយដ្ឋាន និងទីតាំងដទៃទៀតផងដែរ។

ភ្លាមៗក្រោយ​​ពីមានផ្ដល់សិទ្ធិបែបនេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាឯកជនជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងសេចក្តីជូនដំណឹងរបស់​ក្រសួងអប់រំ ចុះថ្ងៃទី២៩ ខែវិច្ឆិកា បានបញ្ជាក់ថា ការ​​​​​​ផ្អាកដំណើរការសិក្សា​នេះ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលសាលារៀន និងការរីករាលដាលក្នុងសហគមន៍។

ក្រសួងបញ្ជាក់ថា  ទោះបីការសិក្សាផ្អាក ប៉ុន្តែគ្រឹះស្ថានទាំងអស់ អាចបន្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក លើកលែងតែថ្នាក់ទី១២ ដែលត្រូវបន្តការសិក្សាត្រៀម ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២១ ធ្នូ ឆ្នាំ២០២០។

បើទោះជាគ្រឹះស្ថានសិក្សាឯកជនត្រូវផ្អាកក្ដី ក្រសួងអប់រំ បញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ថ្នាក់ទី៩)​ទូទាំង២៥រាជធានី-ខេត្ត នៅតែដំណើរការដដែលនៅថ្ងៃនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ