រដ្ឋា​ភិបាល​​ហាម​​ឃាត់​​ការ​​ជួប​ជុំ​​មនុស្ស​​លើស​​ពី​​២០​​នាក់​​នៅ​ភ្នំពេញ​និង​ខេត្ត​សៀមរាប ដើម្បី​ទប់​ស្កាត់​កូវីដ​១៩​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី ៣០ ខែវិច្ឆិកា ២០២០។ (រូបភាពពីហ្វេសប៊ុក លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាបន្ទាន់មួយ​នៅថ្ងៃចន្ទនេះ ឱ្យបិទជាបណ្តោះអាសន្ន​កម្មវិធីជួបប្រជុំ មង្គលការ​ និងពិធីបុណ្យផ្សេងៗតាមបែបសាសនា ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ខណៈក្រសួងរកឃើញថា មនុស្ស ១៤​នាក់ហើយ បា​នឆ្លងកូវីដ១៩ត្រឹមរយៈពេលពីរថ្ងៃមកនេះ។

គិតត្រឹមថ្ងៃចន្ទនេះ មនុស្ស ១៤នាក់​ហើយ ត្រូវបាន​ក្រសួងសុខាភិបាលរកឃើញថា បានផ្ទុកកូវីដ១៩ ក្រោយពីរកឃើញករណី​ឆ្លង​ក្នុង​សហគមន៍​លើក​ដំ​បូងលើ​ភរិយាយ​លោ​ក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ។

លោកនាយករដ្ឋមន្ត្រី តាមរយៈសារសំឡេង បានចេញបញ្ជាទៅមន្ត្រីពាក់ព័ន្ធ​ឱ្យផ្អាក​ជាបណ្តោះអាសន្ន​នូវ​ពិធីមង្គលការ ពិធីបុណ្យទាន កម្មវិធីសិក្សាឯកជ​ន​និងរដ្ឋ សម្រាប់ទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដែលមាននុស្សជួបជុំ​ចាប់ពី ២០​នាក់​ឡើងទៅ។

លោកថា ការបិទនេះមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ឬ១៦ខែធ្នូ ជា​អ្វី​ដែលលោកថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

លោក ហ៊ុន សែន បញ្ជាថា៖ «សុំស្នើការយោគយល់ពីសំណាក់ប្រជាពលរដ្ឋក្នុងាការជួបជុំណាក៏ដោយ គឺសុំផ្អាកជាបណ្តោះអាសន្នរយៈពេល ១៥ថ្ងៃ ទាំងអាពាហ៍ពិពាហ៍ ទាំងការជួបជុំដែលអាចថា​មនុស្សលើសពី២០នាក់ទៅ គឺមិនត្រូវមានការជួបជុំទេ»

កាលពីថ្ងៃអាទិត្យ​កន្លង​មក​នេះ ក្រសួងរកឃើញអ្នកផ្ទុកកូវីដ១៩មុនគេ គឺភរិយាលោក ឆែម សាវុធ ដែលថា គាត់មានអការៈ១០ថ្ងៃគិតត្រឹមថ្ងៃរ​ក​ឃើញ។ ក្រសួ​ងថា អំឡុងពេលនោះ គាត់បានធ្វើដំណើរទៅផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ និងទៅសម្រាកនៅខេត្តសៀ​មរា​បចំនួន៥ថ្ងៃ។

ក្នុ​ងពិធីបើកការដ្ឋានធ្វើផ្លូវនៅខេត្ត​សៀមរាប​ព្រឹកមិញនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធចូលរួមធ្វើតេស្ត​យកសំណាកមកពិនិត្យ ដើម្បីតាមដានសុខភាព និងទប់ស្កាតក់ការឆ្លងរីករាលដាលទ្រង់ទ្រាយធំចូលក្នុងសហគមន៍។

មេដឹកនាំរូបនេះ ថ្លែងទៀតថា មហន្តរាយរបស់កម្ពុជា វានឹងកើតមាន បើត្រឹម ១៥ថ្ងៃទៀត វិធានការទប់ស្កាត់មិនមានប្រសិទ្ធភាពទេនោះ។

លោក ហ៊ុន សែន ថ្លែងថា៖ «ឥឡូវ យើងអត់ទាន់ដឹងថា ក្រុមគ្រួសាររបស់ឯកឧត្តម ឆែម សាវុធ ឆ្លងពីអ្នកណាទេ រកអត់ទាន់ឃើញក្បាលកន្ទុយទេ នៅ​កន្លែងហ្នឹង។ នោះហើយជាចំណុចដែលលំបាកដែលយើងចាត់ទុកថា វាជាមហន្តរាយមួយសម្រាប់ប្រទេសរបស់យើងទប់ស្កាត់មិ​ន​ទាន់ពេលវេលា។ ឥឡូវនេះ យើងអាចនិយាយបានថា យើងគ្រប់គ្រងបាន ឬមិនបានស្ថិតក្នុងរយៈពេល ១៥ថ្ងៃខាងមុខ»

នាយករដ្ឋមន្ត្រី​ក៏បានចេញបញ្ជាផងដែរ ឱ្យក្រសួងសុខាភិបាល ដែលជាអ្នកគ្រប់គ្រងថវិកាបានពីការចូលរួមវិភាគទានឱ្យ​ទម្លាក់លុ​យទៅតាមបណ្តាខេត្តជាគោលដៅ​ក្នុងមួយខេត្ត ៥០លានរៀល ដើម្បីឧបត្ថម្ភ​គ្រួសារក្រីករ ដែលមកធ្វើចត្តាឡីស័ក​នូវ​ថិវកាមួយគ្រួសារ ២​ម៉ឺនរៀល ក្នុងបំណងជួយសម្រួលដល់បន្ទុកគ្រួសាររបស់ពួកគេ។

លោក ហ៊ុន សែន ថ្លែង​បន្តថា៖ «អ៊ីចឹង ខ្ញុំកំណត់ជាគោលការណ៍​តែម្តង ក្នុង ១គ្រួសារទទួលបាន ២ម៉ឺនរៀលក្នុង១ថ្ងៃ ប៉ុន្តែ យើងរាប់លំដាប់តែអ្នកក្រីក្របានហើយ ដែលយើងមានប័ណ្ណក្រីក្រហើយស្រេច»

នាយករដ្ឋមន្ត្រីថ្លែងដែរថា ថវិកាជាង ៤២ពាន់លានរៀលដែលបានពីវិភាគទាន​សម្រាប់ត្រៀមចំណាយ ក្នុងនោះជាង ៣៧ពាន់លា​ន​រៀល បានដាក់ក្នុងធនាគារហើយ និងត្រៀមថវិកាជាតិមួយចំនួនទៀតបើមិនគ្រប់។

អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន មិនអាចសុំការបញ្ជាក់បាន។ ប៉ុន្តែ តាមហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី​នៅថ្ងៃនេះ រដ្ឋាភិបាល​បានសម្រេចបញ្ចេញសាច់ប្រាក់ជាង ១០០០លានរៀលជូនទៅរាជធានីខេត្តនៅទូទាំងប្រទេស សម្រាប់ជួយដល់គ្រួសារក្រីក្រដែលត្រូវធ្វើចត្តាឡីស័ក។

ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ មានប្រសាសន៍ វិធានការទប់ស្កាត់របស់រដ្ឋាភិបាល​ជា​រឿងល្អមួយ ប៉ុន្តែលោកថា ការផ្ទុះកូវីដពីរលើកមកនេះ បង្ករ​ឡើងពីមន្ត្រីរដ្ឋាភិបាល ដែលមិនបានគោរពតាមការណែនាំរបស់ក្រ​សួងសុខាភិបាល បង្ករផលប៉ះពាល់អ្នកក្រីក្រច្រើនម៉ឺននាក់ដែលមិន​ជាប់ពាក់ព័ន្ធសោះ។

លោក វន់ ពៅ ប្រាប់ថា៖ «ដើម្បីឱ្យប្រសើរជាងនេះ រដ្ឋាភិបាលគួរចាត់វិធានការយ៉ាងតឹងរឹងចំពោះមន្ត្រីរដ្ឋាភិបាលទំាងអស់ដែលតែងតែនាំមកនូវបញ្ហាកូវីដ១៩ ដែលធ្វើឱ្យមានកង្វល់ទៅដល់ប្រជាពលរដ្ឋខ្មែរ ហើយការផ្អាកពិធីផ្សេងៗ វាជារឿងមួយដែលខ្ញុំគិតថា អ្នកខ្លះពិបាកក្នុងការបត់បែន»

លោក ហ៊ុន សែន ក៏​បាន​ថ្លែង​ផង​ដែរថា ការគ្រប់គ្រងសភាពការណ៍​ទប់ស្កាត់កូវីដ១៩លើកនេះ លោកនឹងមិនធ្វើដំណើរទៅវិមានសន្តិភាពដូចពេលមុនទេ ដោយប្រើប្រាស់គេហដ្ឋានផ្ទាល់របស់លោក​សម្រាប់ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ