រដ្ឋា​ភិបាល​ប្រកាស​​បិទ​បវេសន​កាល​ឆ្នាំ​នេះ​នៅ​ថ្ងៃ​នេះ​ ខណៈ​ការ​ប្រឡង​​ឌីប្លូម​និង​​បាក់ឌុប​នៅ​​ធ្វើ​​ដដែល​

សកម្មភាព​ដំណើរ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ សម័យប្រឡង ៖ ៣០ វិច្ឆិកា ២០២០ (រូបភាពពីហ្វេសប៊ុក ក្រសួងអប់រំ យុវជន និង កីឡា)

រដ្ឋាភិបាល សម្រេចបិទបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ ក្នុងថ្ងៃនេះ ខណៈដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅថ្ងៃនេះ ប្រព្រឹត្តទៅដោយ​រលូន ហើយ​​​ការប្រឡង​បាក់ឌុបនៅខែធ្នូខាង​មុខ ក៏នៅតែប្រព្រឹត្តទៅតាមការគ្រោងទុក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុងពិធីបើកការដ្ឋាន​សាង​សង់ និង​កែលំអរ​ផ្លូវ ៣៨ខ្សែ នៅ​ក្រុង​សៀមរាប នៅថ្ងៃចន្ទនេះថា ការសម្រេចបិទឆ្នាំ​សិក្សា​២០១៩-២០២០​ ធ្វើ​ឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកានេះតែម្តង ដោយ​​ធ្វើឡើងទៅតាមការស្នើ​របស់ក្រសួងអប់រំ។​

លោកថា៖ «ប្រឡងមធ្យមសិក្សាបឋមភូមិ នៅថ្ងៃនេះតែម្តង ហើយ​​​ប្រឡងនៅតាមសាលារៀងៗ​ខ្លួន​ ប៉ុន្តែអ្នកដែល​ត្រូវរៀន​បន្ត គឺនៅមាន​សិក្សាថ្នាក់ទី១២  ​មិនជាច្រើនប៉ុន្មានទេ​ ហើយសិស្សថ្នាក់ទី១២ សុទ្ធតែជាអ្នកចេះការពារខ្លួន[ពីជំងឺកូវីដ​១៩] មិនដូ​ចក្មេងៗទេ ​ព្រោះពួកគេត្រូវប្រឡង​នៅពេល​ខាងមុខ​។ ដូច្នេះ នៅសល់​សិស្សថ្នាក់ទី១២ គេអាចរៀនបំប៉ន ដើម្បីឈានទៅរកការប្រឡង​មធ្យមសិក្សាទុតិយភូមិ[បាក់ឌុប]»។

លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា ចំពោះការ​បើកបវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០២០-២០២១​ គ្រោងនឹង​ធ្វើនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ដោយមើលទៅតាមទិដ្ឋភាពជាក់ស្ដែង។

លោកថ្លែង​​​ថា៖​ «យើងនឹងពិនិត្យជាក់ស្ដែងតាមសភាពការណ៍វាអនុគ្រោះ​ឱ្យយើងធ្វើឬទេ»។

ការប្រឡង​សញ្ញា​បត្រ​មធ្យមសិក្សា​បឋមភូមិ(ថ្នាក់ទី៩)ទូទាំង២៥រាជធានី-ខេត្ត នៅ​ថ្ងៃនេះ បាន​​ធ្វើ​តាមការ​គ្រោង​ទុក បើទោះជាមានករណីឆ្លងកូវីដ១៩ នៅក្នុងសហគមន៍ក៏ដោយ ខណៈគ្រឹះ​ស្ថានសិក្សា​ឯកជនវិញ ក្រសួងអប់រំ បានសម្រេចឱ្យផ្អាកដំណើរ​ការជាបណ្តោះអាសន្ន រយៈ​ពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកាតទៅ។

សេចក្តីជូនដំណឹងរបស់​ក្រសួងអប់រំ ចុះថ្ងៃទី២៩ ខែវិច្ឆិកានេះ បាន​លើកហេតុ​ផល​ថា ការផ្អាកដំណើរការសិក្សានេះ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ប៉ុន្តែគ្រឹះស្ថានទាំងអស់ អាចបន្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក លើកលែងតែថ្នាក់ទី១២ ដែលត្រូវបន្តការសិក្សាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២១ ធ្នូ ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងគីឡា លោក រស់ សុវាចា ប្រាប់វីអូឌីនៅថ្ងៃនេះថា ការប្រឡង​បាក់ឌុប នឹងធ្វើទៅតាមកាលបរិច្ឆេទ និងដំណើរការតាមការគ្រោងទុក ទោះបីបច្ចុប្បន្នមាន​ករណីឆ្លងកូវីដនៅក្នុងសហគមន៍ក៏ដោយ។

លោកបានថ្លែងថា៖«សិស្សថ្នាក់ទី១២ នៅតែបន្តរៀនសូត្រ ដើម្បី​ត្រៀមប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​ សម័យប្រឡងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០​ ខាងមុខនេះ»។

ចំពោះដំណើរការប្រឡងមធ្យម​សិក្សាបឋមភូមិ ឬការប្រឡងឌីប្លូម នៅថ្ងៃនេះ លោក រស់ សុវាចា បាន​ឱ្យដឹងថា បានប្រព្រឹត្តទៅដោយ​រលូនតាមការគ្រោងទុក ខណៈគណៈគ្រប់គ្រងគ្រឹះស្ថាន​សិក្សា បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធ បានអនុវត្តវិធានការ​សុខាភិបាលបានខ្ជាប់ខ្ជួន។ 

កញ្ញា ថោង ស័កខាំម៉ានីតា ជាសិស្សថ្នាក់ទី៩ នៅវិទ្យាល័យជាស៊ីម បឹងកេងកង និយាយថា បញ្ហាកូវីដ១៩ បានបង្កប៉ះពាល់ដល់ការសិក្សារបស់ពួកគាត់ដែរ ដោយសារ​ការរៀនតាមអនឡាញមិនសូវយល់ ដូចការរៀនផ្ទាល់ក្នុងសាលានោះទេ។

កញ្ញាថា៖ «វាប៉ះពាល់តិចតួចដែរ ព្រោះយើងមិនបានរៀនដិតដល់អ៊ីចឹង យើងរៀន[នៅសាលា]បានបន្តិចឈប់ៗអ៊ីចឹងទៅ ដល់ពេលចេញប្រឡង សំណួរខ្លះយើងចេះធ្វើសំណួរខ្លះអត់ចេះ»។

ដើរពីសាលាជាមួយមិត្តភក្តិ បន្ទាប់ពីបញ្ចប់ការប្រឡងនៅវិទ្យាល័យបឹងត្របែក កញ្ញា គង់ លីហ្សា និយាយថា ដំបូងឡើយពួកគាត់មានការបារម្ភចំពោះការប្រឡង ដោយសារអំឡុងកូវីដ១៩ នេះ ពួកគាត់មិនបានមករៀននៅសាលាដិតដល់នោះទេ។

តែយ៉ាងណា កញ្ញាថា៖ «វិញ្ញាសារសមរម្យ ព្រោះអីគ្រូគាត់បន្ធូរ ការប្រឡងមិនសូវអីទេ ព្រោះសិស្សខ្លះ គាត់ក៏បានមើលមេរៀនពីផ្ទះខ្លៈដែរ»។

ចំណែក   យុវជន ម៉ៅ សារិទ្ធ សិស្សថ្នាក់ទី៩ថ ដែលប្រឡងនៅវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ និយាយថា វិញ្ញាសារប្រឡង​នៅថ្ងៃនេះ  មិនសូវលំបាកនោះទេ ព្រោះពួកគាត់អាចធ្វើបាន។ យុវជនរូបនេះថា ការប្រឡងឌីប្លូមថ្ងៃនេះ សាលាបានអនុវត្តទៅតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ដោយឱ្យសិស្សអង្គុយមានគម្លាតឆ្ងាយពីគ្នា ហើយបាញ់អាកុល ពាក់ម៉ាស់ការពារជាដើម។

អ្នកគ្រូ ម៉ី បូរ៉ា ដែលជាមេប្រយោគនៅវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ មានប្រសាសន៍ថា បើទោះបីជាការប្រឡងធ្វើ​ឡើង​ ​ស្របពេលដែលកម្ពុជាកំពុងឆ្លងរាលដានជំងឺកូវីដ១៩ ក្ដី  តែមណ្ឌលប្រឡង បានអនុវត្តត្រឹមត្រូវតាមការ​​ណែនាំរបស់ក្រសួងសុខាភិបាល។

អ្នកគ្រូនិយាយថា៖ «ឃើញថា គាត់គោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលបានល្អ  ហើយការប្រឡងរបស់សិស្សគាត់ពាក់ម៉ាស់ គាត់អង្គុយឃ្លាតពីគ្នា ហើយគាត់យកចិត្តទុកដាក់តាមការណែ​​នាំរបស់គ្រូបានល្អ»។

បើតាមរបាយការណ៍ពីក្រសួងអប់រំ បេក្ខជនដែលត្រូវប្រឡងទូទាំង ២៥​រាជធានី-ខេត្ត នៅថ្ងៃនេះ មាន​ចំនួន​សរុប ១៥៨ ៧១៧នាក់ (១៥ម៉ឺន៨ពាន់៧១៧នាក់) ដែលប្រព្រឹត្តទៅតាមមណ្ឌល​ប្រឡង​ចំនួន ១ ៧២៩ ហើយមានបន្ទប់ប្រឡងចំនួន ៧ ១៤៦​បន្ទប់។

កាលពីមិ្សលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់សិទ្ធិឱ្យ​​រដ្ឋមន្ត្រី និងអភិបាលរាជធានី-ខេត្ត អាចបិទផ្នែកខ្លះនៃក្រសួង សាលារៀន រួមទាំងអាហារដ្ឋាន ភោជនីយដ្ឋាន ឬទីតាំងមួយចំនួន បើសិនជាប់ពាក់ព័ន្ធនឹង«ភរិយាអគ្គនាយកពន្ធនាគារ»ដែលឆ្លងជំងឺកូវីដ១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ