អាជ្ញាធរ​​ស្នើ​​ម្ចាស់​​សេវា​​រៀប​ចំ​​កម្ម​វិ​ធី​​ផ្សេង​​ៗ​កុំ​​កាត់​​លុយ​​ពី​​ម្ចាស់​​កម្មវិធី​​ដែលព​ន្យារ​​ពេល​​ដោយ​សារ​​កូ​វីដ​

រោងការដែលសង់នៅលើបណ្ដោយផ្លូវមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ។ រូបភាព៖ Urban Voice Cambodia

​អាជ្ញាធរ​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​ម្ចាស់​ទីតាំង​ជួល​រៀបចំ​កម្មវិធីនិង​ផ្ដល់​សេ​វា​ផ្សេង​ៗ កុំ​កាត់​លុយឬយកលេស​ទាមទារ​សំណង​នៃ​ការខាតបង់​ពី​ម្ចាស់​កម្មវិធីដែល​បាន​កក់​ប្រាក់ ខណៈ​ដែល​ម្ចាស់​កម្មវិធី​ទាំងនោះពន្យារ​ពេលឬរំសាយ​កម្មវិធី​ពួក​គេ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ១៩។

សេចក្តី​អំពាវនាវ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បាន​លើកឡើង​ថា ក្រោយពី​មានការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ​មួយចំនួនដែល​គ្រោង​រៀបចំ​កម្មវិធី​អាពាហ៍​ពិពាហ៍ ពិធីបុណ្យ និង​កម្មវិធី​ជួប​ជុំ​ផ្សេង​ៗ បានសម្រេច​លើកពេលឬរំសាយ​កម្មវិធី ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩។

ករណីនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​ម្ចាស់​មជ្ឈមណ្ឌល​អគារ ភោជនីយដ្ឋាន ទីតាំង​សម្រាប់​ជួល​រៀបចំ​កម្មវិធី​ទាំងអស់ ម្ចាស់​សម្អាងការ ម្ចាស់​អាជីវកម្ម​ចុងភៅ ម្ចាស់​អាជីវកម្ម​លក់​ភេសជ្ជៈ និង​សេវា​កម្មសម្រាប់​កម្ម​វិ​ធី​ផ្សេង​ៗទៀត មេត្តា​យោគយល់ និង​កុំ​កាត់​លុយ ឬយកលេស​ទារសំណង​នៃ​ការខាតបង់​ពី​ម្ចាស់​កម្មវិធី​ដែល​បាន​កក់​ទុក។

រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ថា៖ «ព្រមទាំង​ត្រូវ​ចៀស​វាង​ការ​យក​ឱកាស​នេះ ដើម្បី​កេង​ចំណេញ​ពី​ប្រជាពលរដ្ឋ ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ការ​បង្ការនិង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ១៩ ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ»។

រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹមថា ម្ចាស់​អាជីវកម្ម​ដែល​ផ្តល់​សេវា​រៀបចំ​កម្មវិធី​ទាំងនោះ នឹង​ចូលរួម​អនុវត្ត​តាម​ការ​អំពាវនាវ​នេះ ដោយ​ស្មារតី​យោគយល់ អធ្យាស្រ័យ និង​ឈរ​លើ​ស្មារតី​សាមគ្គី​ជាតិ​ជា​ធ្លុងមួយ ក្នុង​ការទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​វីដ​-១៩ក្នុង​សហគមន៍។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​បន្ទាន់​មួយឱ្យ​បិទ​ជា​បណ្តោះអាសន្ន​នូវ​កម្មវិធី​ជួប​ប្រជុំ​ផ្សេង​ៗ រួម​ទាំងមង្គលការ និង​ពិធី​បុ​ណ្យ​ផ្សេង​ៗតាម​បែប​សាសនា ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ១៩ ខណៈ​ក្រសួងសុខាភិបាល​រក​ឃើញថា មនុស្ស១៧នាក់​ហើយបាន​ឆ្លង​ជំងឺ​កូ​វីដ១៩ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ