រដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធនេះ បានដឹកជញ្ជូនជំនួយនូវម៉ាស់ចំនួន១លាន៥ម៉ឺន និងសម្ភារបរិក្ខារមួយចំនួនទៀត ទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដនៅក្នុងប្រទេសនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នេះថា ម៉ាស់របស់កម្ពុជាចំនួន១លាន៥ម៉ឺន និងសម្ភារបរិក្ខារមួយចំនួនទៀត ត្រូវបានដឹកតាមយន្តហោះពិសេស ចាកចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង៥ព្រឹកនេះ ដើម្បីយកទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត) ដឹកនាំដោយលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា។
លោកបន្តថា ជំនួយរបស់កម្ពុជាផ្តល់ជូនប្រទេសទីម័រឡេស្តនេះ រួមមាន ម៉ាស, វ៉ែនតាសុវត្ថិភាព, សម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាល, ឧបករណ៍វាស់កម្ដៅ, របាំងមុខ, ម៉ាស៊ីនជំនួយដល់ការដកដង្ហើមសម្រាប់ប្រយោធនកម្ម, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំ, ម្សៅថ្នាំបាញ់សម្លាប់មេរោគ, ស្បែកជើងកវែងសុវត្ថិភាព និងសាប៊ូលាងដៃ។
កាលពីអំឡុងខែមុន រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ម៉ាស់ជាង២លាននិងសម្ភារពេទ្យមួយចំនួន ដល់ប្រទេសឡាវ និងម៉ាស់ចំនួនជាង២លាននិងសម្ភារពេទ្យមួយចំនួនទៀតដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងនោះ៕