ក្រសួង​រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ២​នាក់​ទៀត ដែលពាក់ព័ន្ធ​ព្រឹត្តការណ៍​២៨​វិច្ឆិកា

ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ធ្វើតេស្តលើសំណាកជនសង្ស័យឆ្លងកូវីដ១៩។ (មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត/ មេសា ២០២០)

ក្រសួងសុខាភិបាល រកឃើញស្ត្រី ២នាក់ បាន​​ឆ្លងជំងឺកូវីដ១៩ក្នុង​ព្រឹត្តិការណ៍សហគមន៍ ២៨​វិច្ឆិកា ក្នុងនោះមានម្នាក់ជាភរិយាប្រធាននាយកដ្ឋាន​ពន្ធនាគារនៃក្រសួងមហាផ្ទៃ និងម្នាក់ទៀតជាបុគ្គលិក​ធនាគារកាធេ​យូណាយធីត រាជធានីភ្នំពេញ។

សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ឱ្យ​ដឹងថា ស្ត្រី ២នាក់ ដែលរកឃើញវិជ្ជមានវីរុសកូវីដ១៩នោះ ជាបងប្អូនបង្កើតនឹងគ្នា រស់​នៅសង្កាត់​វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់​ឱ្យ​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ​មិត្ត​ភាពខ្មែរ-សូវៀត។

ក្រសួងបន្តថា ដោយសារអ្នកជំងឺម្នាក់ ជាបុគ្គលិកធនាគារកាធេ សាខាផ្លូវសម្តេចប៉ាន រាជ​ធានីភ្នំពេញ ហើយ​ធនាគារនេះ​ មានបុគ្គលិក​ច្រើន​កំពុងធ្វើ​ការនៅទីនោះ ទើបលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ឱ្យ​ធនាគារនេះផ្អាកដំណើរការជាបណ្តោះអាសន្ន​សិន ក្នុង​រយៈពេល​ ១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះទៅ ដើម្បីឱ្យ​ក្រុម​ការ​ងារ​​ក្រសួង​សុខាភិបាល ចុះយកវត្ថុសំណាក​បុគ្គលិកទាំងអស់ ទៅធ្វើតេស្ត និងតម្រូវឱ្យ​ធ្វើ​ចត្តាឡីស័ក​។

ក្រសួងសុខាភិបាល បាន​បន្តទៀតថា គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា មកដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់ បានចំនួន ៨ ៧៦៦នាក់ ក្នុងនោះមានអ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន ១៩នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​មិត្ត​ភាពខ្មែរ-សូវៀត។

ក្រសួងបានក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋ​ទាំងអស់ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃឱ្យបាន​ត្រឹមត្រូវ និងអនុវត្តវិធានការ​​ការពារ​ការចម្លងវីរុសនេះឱ្យបាន​ម៉ត់ចត់បំផុត និងកុំដើរចេញក្រៅផ្ទះ ឬចេញពីមណ្ឌល​ចត្តា​ឡីស័ក។

ក្រសួងក៏ណែនាំដល់ប្រជាពលរដ្ឋ​ទូទៅ បន្តការរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយពាក់​ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូឬអាល់កុលឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព ជាពិសេសក្នុង​កាលៈទេសៈនេះ បើ​មិន​ចាំបាច់ កុំដើរចេញក្រៅផ្ទះ។ បើតាមក្រសួងសុខាភិ​បាល គិតមកដល់ម៉ោង ៧ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺ​កូវីដ១៩ សរុបចំនួន ៣៣១នាក់ ក្នុងនោះព្យាបាលសះស្បើយចំនួន ៣០៤នាក់ និងកំពុងសម្រាក​ព្យាបាលនៅមន្ទីរពេទ្យចំនួន ២៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ