នាយក​​រដ្ឋ​មន្ត្រី​ ណែនាំ​​មន្ត្រី​​បន្ត​​យក​ចិត្ត​​ទុក​ដាក់​​និង​​សម្រួល​​ផ្លូវ​​ធ្វើ​ដំណើរ​​ដល់​​ជន​​មាន​​ពិការ​ភាព​​

បុរស​ដែល​មាន​ពិការភាព​ពីរ​នាក់​លើក​ទង់ជាតិ​កម្ពុជា អំឡុង​ពេល​ចូលរួម​ក្នុង​កិច្ចប្រជុំ​ឆ្លុះបញ្ចាំង​ថ្នាក់​ជាតិ ស្តី​ពី «ប្រសិទ្ធភាព​នៃ​ការអនុវត្តISAF ការ​ប្រឈម​ក្នុង​ការ​ឆ្លើយតប JAAP និង​ពិភាក្សា​ពី​យន្តការ​ដោះស្រាយ​ប្រកបដោយ​ចីរភាព និង​សមធម៌» ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ក្រសួង​ ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ បន្ត​ជួយ​សម្រួលនិង​បង្ក​ភាព​ងាយស្រួល​ដល់​ជន​មាន​ពិការភាព ក្នុង​ការ​ធ្វើដំណើរ​ចេញចូល​ទីកន្លែង​សាធារណៈ ជាពិសេស​ទប់ស្កាត់​ការរើសអើងនិង​ការប្រមាថ​ជន​មាន​ពិការភាព។

សារលិខិត​របស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសនៃ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី២២ និង​ទិវា​មាន​ពិការភាព​អន្តរជាតិ​លើក​ទី៣៨ នៅ​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ លើកឡើង​ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលនិង​គ្រប់​មជ្ឈដ្ឋានបាន​យកចិត្ត​ទុកដាក់​ចំពោះ​ជន​មា​នពិ​ការ​ភាព ទាំង​ការ​លើកកម្ពស់​សិទ្ធិ ការ​លើកស្ទួយ​សុខុមាលភាព ការ​ផ្តល់​ឱកាស​ការងារ និង​ការ​ផ្តល់​ឧត្តម​ប្រយោជន៍​ផ្សេងទៀត​ក្នុង​វិស័យ​ពិការភាព។

តែ​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន និង​អ្នក​ពាក់ព័ន្ធ បន្ត​យកចិត្ត​ទុកដាក់​ជួយ​សម្រួលនិង​ដោះស្រាយ​បញ្ហា​ដល់​ជន​មាន​ពិការភាព ក្នុង​នោះ ត្រូវ​បន្ត​រៀបចំ​បង្ក​លក្ខណៈ​ងាយស្រួល​ចេញចូល​ទីកន្លែង​សាធារណៈ។

សារ​លោកនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា៖ «ត្រូវ​បន្ត​លក្ខណៈ​ងាយស្រួល​ចេញចូល​ទីកន្លែង​សាធារណៈ សម្រាប់​ជន​មាន​ពិការភាព​គ្រប់​ប្រភេទ ដូចជា ការរៀបចំ​ចំណត​យានយន្ត​ពិសេស​សម្រាប់​ជន​មាន​ពិការភាព ការ​ធ្វើ​ជម្រាល ការ​បំពាក់​ឧប​ករណ៍ ធ្នាក់​ដៃ ទ្វារ បន្ទាប់​ទឹក​ជន​មាន​ពិការភាព ការ​ដាក់​ស្លាក​សញ្ញា​នានា​នៅ​តាម​ក្រសួង ស្ថាប័ន ​មន្ទីរ ផ្លូវថ្នល់ ទីកន្លែង​លំហែកាយ មជ្ឈមណ្ឌល​វប្ប​ធម៌ កន្លែង​លេង​កីឡា កន្លែង​កម្សាន្ត គ្រឹះ​ស្ថាន​អប់រំ សណ្ឋាគារ មន្ទីរ​ពេទ្យ មណ្ឌលសុខភាព និង​មធ្យោបាយ​ដឹកជញ្ជូន។ល។»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋានពង្រឹង​យន្តការ​សម្របសម្រួល ទប់ស្កាត់​ការរើសអើង ការប្រមាថ និង​មាក់​ងាយ​ជន​មាន​ពិការភាព និង​គិតគូរ​វិភាគ​ប្រភេទ​អាជីវកម្មនិង​មុខរបរ​ដែល​សមស្រប​សម្រាប់​ពួក​គេដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ ការបង្កើត​សាជីវកម្ម និង​ការ​ចាប់ផ្តើម​ធុរកិច្ច​ដោយខ្លួនឯង។

កញ្ញា យិន សួត អាយុ២១ឆ្នាំ ដែល​ពិការ​ភ្នែក​ទាំង​សងខាង ធ្វើការ​នៅ​អង្គការ​ជន​ពិការ​កម្ពុជា​និយាយ​ថា បច្ចុប្បន្ន រូប​គាត់​ជួប​ការ​លំបាក​នៅពេល​ធ្វើដំណើរ ដោយ​មិន​អាច​ទៅណាមកណា​ដោយខ្លួនឯង​បាន។

កញ្ញា​ស្នើ​ដល់​រាជរដ្ឋាភិបាល ជួយ​ដោះស្រាយ​រៀបចំ​ចិញ្ចើម​ផ្លូវ រៀប​ការ៉ូឡា និង​ដាក់​អក្ស​រប្រេល ដើម្បី​ឱ្យ​ដឹង​ថា​នៅ​ទីនោះ​ជា​កន្លែងណា និង​កុំឱ្យ​មាន​របាំងឬរនាំង​រាំងស្ទះ​ដល់​ការ​ធ្វើដំណើរ។

កញ្ញា​និយាយ​ថា៖ «សូម​ដាក់​ឱ្យ​មាន​អក្ស​រប្រេល សម្រាប់​ឱ្យ​ពួកគាត់​ស្ទាប​ដឹង​ថា​កន្លែង​ហ្នឹង​គេដាក់​ថា​ម៉េច គេ​សរសេរ​ម៉េច អ៊ីចឹង​ទៅ! ​ឬក៏​មានសំឡេង​អី​មួយ​សម្រាប់​ឱ្យជា​សញ្ញា​មួយ​ឱ្យ​គាត់​បានដឹង​អ៊ីចឹង»។

លោក ទិត ឈុន អាយុ២៧ឆ្នាំ ដែល​ពិការ​ជើង​ទាំង​សងខាង ក៏​ស្នើ​ឱ្យ​មាន​ជម្រាល​នៅ​តាម​ទី​សា​ធា​រណៈ​ផ្សេង​ៗផង​ដែរ ដើម្បី​ឱ្យ​ជន​ពិការ​ជិះរទេះ​អាច​ធ្វើដំណើរ​បាន​ងាយស្រួល។ 

លោក​ថា៖ «ជាពិសេស​បន្ទប់ទឹក​នៅ​តាម​សាធារណៈ គាត់​អត់មាន​ជម្រាល​ជន​ពិការ​នៅឡើយ ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​និង​មន្ត្រី​ជាប់ពាក់ព័ន្ធ ជួយ​ធ្វើ​ជម្រាល​បន្ទប់ទឹក ដើម្បី​ឱ្យ​ជន​ពិការ​បាន​បត់​ដៃ​បត់ជើង»។

រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ លោក ឯម ច័ន្ទ​មករា មានប្រសាសន៍​ថា ក្រសួង​សង្គមកិច្ច និង​ក្រសួង​រៀបចំ​ដែនដី បាន​និង​កំពុង​ដោះស្រាយ​បញ្ហា​ទាំងនេះ​ហើយ ក្នុង​នោះ ក្រសួង​ទាំងពីរ​កំពុង​រៀបចំ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីប្រជុំ​ជន​ធំៗនិង​អគារ​មួយចំនួនដែល​មិនបាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជន​ពិការ​ក្នុង​ការ​ធ្វើដំណើរ។

លោក​បញ្ជាក់​ថា៖ «ឥលូវនេះ ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់​គោល​ដៅ​ធំៗ​នៅ​រាជធានី​ភ្នំពេញ ក្រុង​ព្រះសីហនុ ខេត្តសៀមរាប ដែល​ជា​តំបន់​គោល​ដៅ​ធំៗ ក៏​រាជរដ្ឋាភិបាល​ចាប់ផ្ដើម​កែសម្រួល​ឱ្យ​មាន​អក្ស​រប្រេល ជាពិសេស តាម​បណ្ដោយ​ផ្លូ​វធំៗ ហើយ​ឥលូវនេះ រាល់​ផ្សារ​ទំនើប សណ្ឋាគារ នៅពេល​ដែលគេ​កសាង [គឺ​ត្រូវតែ​មាន​លក្ខណៈ​ងាយស្រួល​ដល់​ជន​ពិការ​]»។

កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា UNDP បាន​លើកឡើង​ក្នុង​ទំព័រ​ហ្វេ​សប៊ុករបស់​ខ្លួន​ក្នុង​«ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ»ដែរ​ថា នៅ​កម្ពុជា ប្រជាជន​ប្រមាណ១,៦លាន​នាក់ រស់នៅ​ក្នុង​ពិការភាព ក្នុង​នោះ កង្វះ​មធ្យោបាយ​ធ្វើដំណើរ​សម្រាប់​ជន​មាន​ពិការភាព គឺជា​ឧបសគ្គ​ចម្បង​ដែល​រារាំង​ពួក​គេពី​ការចូលរួម​ក្នុង​សង្គមនិង​សេដ្ឋកិច្ច​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ