ក្រសួង​រក​ឃើញ​​​មនុស្ស​​៤​នាក់​​ទៀតឆ្លង​ជំងឺ​​​កូវីដ​​១៩​ ​​ក្នុង​​ព្រឹត្តិ​​ការណ៍​សហ​គមន៍​​២៨​​វិច្ឆិកា​

មន្ត្រីជំនាញក្រសួងសុខាភិបាលរៀបចំបញ្ជូនអ្នកសង្ស័យឆ្លងកូវីដ១៩ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ (ហ្វេសប៊ុក៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

ក្រសួងសុខាភិបាល រក​ឃើញ​មនុស្ស៤នាក់​ទៀតបាន​ឆ្លង​ជំងឺ​កូ​វីដ១៩ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍ ២៨វិច្ឆិកា ក្នុង​នោះ​មាន២នាក់ជា​បុគ្គលិក​ហាង ឌី​មកុំព្យូទ័រ និង​ហាង Pedro នៅ​ផ្លូវ​ព្រះសីហនុ រាជធានី​ភ្នំពេញ។

សេចក្តី​ជូន​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល នៅ​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ឱ្យ​ដឹង​ថា អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ១៩ ទាំង៤រូប​នោះ រួមមាន បុរស​អាយុ៣៩ឆ្នាំ ជា​បុគ្គលិក​ហាង ឌី​មកុំព្យូទ័រ ស្ត្រី​អាយុ៣២ឆ្នាំ និង​កុមារា​អាយុ៣ឆ្នាំ ដែល​ត្រូវជា​ប្តី​-ប្រពន្ធ និង​កូន រស់នៅ​បុរី​ លឹមឈាងហាក់ សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ និង​បុរស​អាយុ២២ឆ្នាំ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ រាជធានី​ភ្នំពេញ។

ក្រសួង​បញ្ជាក់​ដែរ​ថា បុរស​អាយុ៣៩ឆ្នាំ និង​ភរិយា​អាយុ៣២ឆ្នាំ រួម​ទាំង​កុមារា​អាយុ៣ឆ្នាំ ដែល​ឆ្លង​ជំងឺ​កូ​វីដ១៩នោះ ត្រូវជា​បងប្អូន​ជីដូនមួយនិង​ក្មួយ​របស់​អ្នកជំងឺ​កូ​វីដ១៩ ដែល​បាន​រក​ឃើញ​កាលពី​ថ្ងៃទី០២ ខែធ្នូ។

ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា​នេះ ក្រសួង​បញ្ជាក់​ថា គិត​ចាប់ពី​ថ្ងៃទី២៩ ខែវិច្ឆិកា មកដល់​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួង​បាន​ធ្វើតេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់ ចំនួន៩ ៧៩៣នាក់ ក្នុង​នោះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ១៩ សរុប​ចំនួន២៣នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត។

ដោយសារ​មានការ​កើនឡើង​នូវ​ចំនួន​អ្នកជំងឺ​កូ​វីដ១៩ ដែល​មានការ​ចម្លង​បន្តគ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​នោះ ក្រសួងសុខាភិបាលបាន​ក្រើនរំឭក​ជាថ្មីដល់​ប្រជាពលរដ្ឋ​ទាំងអស់ដែល​ជាប់ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​សហគមន៍២៨វិច្ឆិកា ជាពិសេស​អ្នក​ដែល​ប៉ះពាល់​អ្នកជំងឺ​ដែល​ធ្វើការ​នៅ​ធនាគារ​ កា​ថេ (ផ្លូវ​សម្តេច​ប៉ាន​) និង​ធនាគារ​ចិន ​(អគារ​កា​ណា​ឌី​យ៉ា ផ្លូវ​ព្រះមុនីវង្ស​) ត្រូវ​ធ្វើ​ចត្តាឡីស័​កឱ្យ​បាន​គ្រប់​ចំនួន១៤ថ្ងៃ និង​អនុវត្ត​វិធានការ​ការពារ​ខ្លួនកុំឱ្យ​ចម្លង​ទៅ​អ្នកដទៃ។

ក្រសួង​ក៏​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទូទៅ បន្ត​ការរស់នៅ​ធម្មតា​តាម​បែប​គន្លង​ថ្មី ដោយ​ពាក់​ម៉ាស់ ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ​ឬអាល់កុល​ឱ្យ​បាន​ញឹកញាប់ រក្សា​គម្លាត​សុវត្ថិភាព ជាពិសេស​ក្នុង​កាលៈទេសៈ​នេះ បើ​មិន​ចាំបាច់ កុំ​ដើរចេញ​ក្រៅ​ផ្ទះ។

បើ​តាម​ក្រសួងសុខាភិបាល គិត​មកដល់​ម៉ោង៧ព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន៣៣៥នាក់ ក្នុង​នោះ​ព្យាបាល​សះស្បើយ ​ចំនួន៣០៤នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ចំនួន៣១នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ