ស្រ្តីម្នាក់បានចាកចោលស្រុកកំណើតក្នុងវ័យ១៧ឆ្នាំ រួចបន្តធ្វើដំណើរទៅកាន់ប្រទេសចិន តាមការអូសទាញពីមេខ្យល់ដែលសន្យានាំរូបគាត់ទៅធ្វើការនៅទីនោះ។
២ឆ្នាំកន្លះក្រោយមក គឺនៅថ្ងៃសៅរ៍សប្តាហ៍មុន ស្ត្រីរូបនោះអាចមានឱកាសសរសេរសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ដង្ហោយរកការសង្គ្រោះ ក្រោយពីនាងរងនូវអំពើហិង្សាពីស្វាមីជាជនជាតិចិន។
ស្រី្តរងគ្រោះ រៀបរាប់ថា៖ «គេបង្ខំឱ្យខ្ញុំយកប្ដីនៅទីនេះ [គេថា] បើខ្ញុំមិនយកគេ [ធ្វើជា] ប្ដីទេ គេនឹងយកខ្ញុំទៅលក់ក្នុងហាងស្រីខូច»។
នាងបន្ថែមថា៖ «ទូរសព្ទ [របស់នាង] គ្មានស៊ីមប្រើទេ ហើយទូរសព្ទ [លើតុ] ក៏ត្រូវកាត់ផ្ដាច់ខ្សែសំឡេងទៀត និយាយអត់កើតទេ បានតែសសេរ ខ្ញុំចង់មានសេរីភាពនិងចង់ជួបគ្រួសារខ្ញុំវិញ។ ពេលនេះខ្ញុំ [រង] សម្ពាធខ្លាំងណាស់»។
ម្តាយរបស់នាងបានប្រាប់ VOD នៅថ្ងៃពុធម្សិលមិញថា គាត់បានអង្វរកូនមិនឱ្យទៅតាមគេដែរ ប៉ុន្តែនាងបដិសេធ។
ម្តាយស្ត្រីរងគ្រោះនិយាយថា៖ «ខ្ញុំឃាត់ដែរ ខ្ញុំថា កូនកុំទៅ នៅហ្នឹងហើយ»។
ប៉ុន្តែកូនរបស់អ្នកស្រីឆ្លើយតបមកវិញថា៖ «ម៉ាក់អើយ [បើ] ខ្ញុំអត់ទៅ យើងអត់មានផ្ទះនៅ អត់មានដី ហើយម៉ែឯងក៏ឈឺទៀត បើខ្ញុំនៅរកនេះ ខ្ញុំប្រហែលជារកអត់បានទេ»។
អ្នកស្រីប្រាប់ថា កូនរបស់គាត់បានចាកចេញនៅខែឧសភា ឆ្នាំ២០១៨ រួមជាមួយស្រ្តី៥នាក់ផ្សេងទៀត ដែលមានអាយុចន្លោះ ១៧ ទៅ ២០ឆ្នាំ ដោយមានការសន្យាពីមេខ្យល់ថា នឹងទទួលបានការងារប្រាក់ខែខ្ពស់នៅក្នុងប្រទេសចិន។
អ្នកស្រីបន្តថា មួយសប្តាហ៍ក្រោយពីកូនគាត់បានចាកចេញទៅ គាត់ក៏ទទួលបានដំណឹងពីកូនរបស់គាត់ថា នាងបានប្រើពេល៥ថ្ងៃដើរដោយថ្មើរជើងនិងតាមម៉ូតូ មុននឹងទៅដល់ព្រំដែនប្រទេសចិន ហើយថា នៅទីនោះមិនមានការងារសម្រាប់នាងធ្វើនោះទេ ប៉ុន្តែនាងត្រូវរៀបការជាមួយបុរសជនជាតិចិន ជាថ្នូរនឹងលុយផ្ញើមកគាត់។
អ្នកស្រីនិយាយថា ឆ្នាំដំបូង អ្នកស្រីទទួលបានលុយ២ពាន់ដុល្លារពីកូន ហើយអ្នកស្រីយកលុយនោះទៅទិញផ្ទះនិងដីមួយកន្លែងក្នុងស្រុកកំណើត។ ម្តាយស្ត្រីរងគ្រោះបន្តថា ក្រោយមក អ្នកស្រីមិនទទួលបានលុយពីកូនទៀតទេ ក្រៅពីដំណឹងពាក់ព័ន្ធនឹងស្ថានភាពរស់នៅរបស់កូនដែលផ្លាស់ប្តូរកាន់តែអាក្រក់ទៅៗ។
តាមប្រភពដដែលឱ្យដឹងថា ជនរងគ្រោះត្រូវបានផ្ទេរទៅផ្ទះមួយទៀត ដែលនៅទីនោះ សមាជិកក្នុងគ្រួសារបានចាក់សោរបង្ខាំងនាងទុកនិងផ្លាស់វេនគ្នាយាមកាមរូបនាងជាប់។
អ្នកស្រីនិយាយថា កូនរបស់អ្នកស្រីអាចលួចប្រើទូរសព្ទរបស់បុរសជនជាតិចិន ទាក់ទងមកអ្នកស្រីម្តងម្កាល ហើយបានប្រាប់អ្នកស្រីថា នាងត្រូវបានគ្រួសារជនជាតិចិនវាយធ្វើបាបលើរាងកាយនិងរំលោភផ្លូវភេទ។
ម្តាយជនរងគ្រោះបញ្ជាក់ថា៖ «កូនខ្ញុំតេមកប្រាប់ខ្ញុំថា ខ្ញុំរត់អត់រួចទេ ម៉ាក់! ខ្ញុំរត់បាន២ដងហើយ ឥលូវវាកាន់តែបង្ខាំងខ្ញុំ វាកាន់ [តែដាក់] សម្ពាធផ្លូវចិត្តខ្ញុំមែនទែន ហើយបង្ខាំងខ្ញុំចោល»។
អ្នកស្រីថា មានគ្រាមួយ មានស្រ្តីខ្មែរដែលរស់នៅទីនោះម្នាក់ បានជួយនាំនាងទៅប៉ុស្តិ៍ប៉ូលិសក្នុងតំបន់ តែត្រូវគ្រួសារបុរសជនជាតិចិននោះតាមយកនាងទៅវិញ។
អ្នកស្រីឱ្យដឹងទៀតថា ក្នុងខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីដឹងថា កូនស្រីរបស់ខ្លួនត្រូវបានគេធ្វើបាប អ្នកស្រីក៏បានប្តឹងអាជ្ញាធរកម្ពុជាឱ្យជួយអន្តរាគមន៍នាំយកនាងមកវិញ ដោយពេលនោះ អាជ្ញាធរស្នើឱ្យគាត់រង់ចាំ រហូតដល់ជំងឺកូវីដ១៩ចូលមកដល់ដែលធ្វើឱ្យអ្នកស្រីត្រូវបន្តរង់ចាំថែមទៀត។
ម្តាយជនរងគ្រោះ៖ «គេថា ចាំបន្តិចៗៗ ចាំរហូតដល់កូនខ្ញុំពិបាកខ្លាំងណាស់ណា! បានកូនខ្ញុំថតបង្ហោះមកហ្នឹង វាធ្វើបាបខ្លាំងណាស់ហើយ ហើយម្យ៉ាងកូនខ្ញុំវាឈឺចុកចាប់ក្នុងខ្លួន មិនអាចទ្រាំបាន បានវាថតបង្ហោះមកឱ្យជួយ»។
គាត់បន្ថែមថា កូនរបស់គាត់បានលួចប្រើទូរសព្ទបុរសចិនដែលបានបង្ខំនាងឱ្យរស់នៅជាមួយ ដើម្បីសរសេរសារបង្ហោះទៅទំព័រហ្វេសប៊ុកមួយ ខណៈនាងកំពុងអង្គុយទល់មុខជាមួយបុរសនោះដោយមិនឱ្យគេដឹង។
គាត់និយាយថា៖ «ខ្ញុំមានអារម្មណ៍ថា ពិបាកចិត្ត យំរាល់ថ្ងៃ មិនដឹងថាកូនខ្ញុំពិបាកប៉ុណ្ណា បានជាវាហ៊ានបង្ហោះមក បើកូនខ្ញុំអត់ពិបាក វាអត់ហ៊ានបង្ហោះមកទេ»។
ស្នងការរងនគរបាលខេត្តក្រចេះ អ្នកស្រី នៅ រតនា និយាយថា អាជ្ញាធរបានទទួលពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះកាលពីខែតុលាឆ្នាំមុន ប៉ុន្តែខាងអាជ្ញាធរមិនអាចជួយធ្វើអន្តរាគមន៍បាន ដោយសារមិនអាចរកទីតាំងជនរងគ្រោះនិងទាក់ទងជាមួយនាងមិនបាន។
ប៉ុន្តែអ្នកស្រីថា តាមរយៈសារបង្ហោះក្នុងហ្វេសប៊ុក ពួកគេអាចកំណត់ទីតាំងជាក់លាក់របស់នាងបាន។
តាមប្រភពពីមន្រ្តីដដែល ជនរងគ្រោះត្រូវបានជួយរំដោះខ្លួននិងនាំយកទៅកាន់ស្ថានីយប៉ូលិសក្នុងតំបន់មួយកន្លែងរួចហើយ ហើយកំពុងរង់ចាំមន្រ្តីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិន បំពេញសំណុំឯកសារផ្លូវច្បាប់ដើម្បីទៅទទួលនាងត្រឡប់មកកម្ពុជាវិញ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ថា ស្ថានទូតនិងស្ថានកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសចិន កំពុងសហការជាមួយអាជ្ញាធរចិន ដើម្បីចុះអន្តរាគមន៍នាំយកជនរងគ្រោះត្រឡប់មកកម្ពុជាវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ទោះយ៉ាងណា ស្រ្តីរងគ្រោះរូបនេះមិនមែនជាជនរងគ្រោះតែម្នាក់ដែលត្រូវបានមេខ្យល់បោកបញ្ជូនទៅលក់ឱ្យនៅប្រទេសចិននោះទេ។
ស្រ្តីម្នាក់ទៀតនៅខេត្តក្រចេះ បានប្រាប់ VOD នៅថ្ងៃពុធនេះ អំពីករណីស្រដៀងគ្នាកើតលើកូនស្រីអាយុ១៧ឆ្នាំរបស់គាត់ ដែលបានចាកចេញពីផ្ទះក្នុងខែកក្កដា ឆ្នាំ២០២០ តាមការអូសទាញពីមេខ្យល់ ជាមួយការសន្យាផ្តល់ការងារល្អមួយនៅប្រទេសចិន។
ម្តាយជនរងគ្រោះរូបនេះ ឱ្យដឹងថា មេខ្យល់នោះមានឈ្មោះថា «មិត» និងថា មិនដល់កន្លះឆ្នាំផងកូនរបស់អ្នកស្រីត្រូវបាននាំទៅឱ្យធ្វើជាប្រពន្ធបុរសចិនក្នុងគ្រួសារ៣ផ្សេងគ្នាដោយមិនបានរៀបការ។
អ្នកស្រីប្រាប់ថា កូនអ្នកស្រីបានលួចទូរសព្ទបុរសចិនដែលបានបង្ខំនាងឱ្យរស់នៅជាមួយ ដើម្បីទាក់ទងជាមួយគាត់ប្រាប់ពីទុក្ខលំបាករបស់នាង។ អ្នកស្រីបន្ថែមថា កូនអ្នកស្រីប្រាប់ថា នាងមិនបានរងការវាយដំនោះទេ ប៉ុន្តែនាងមិនអាចបន្តរស់នៅជាមួយបុរសជនជាតិចិនបាន។
អ្នកស្រីថា៖ «អត់អីទេម៉ែ! គេអត់វ៉ៃ អត់ធាក់ខ្ញុំទេ ប៉ុន្តែខ្ញុំអត់ចុះសម្រុងជាមួយវាទេ វាថាអ៊ីចឹង។ ម៉ែអើយ ខ្ញុំ [ចង់] មកផ្ទះវិញហើយ ជួយខ្ញុំផង»។
តាមប្រភពសាច់ញាតិស្ត្រីរងគ្រោះដដែល មុនពេលយល់ព្រមទៅជាមួយមេខ្យល់ ជនរងគ្រោះបម្រើការងារជាអ្នករត់តុនៅក្រុងបានលុង ខេត្តរតនគិរី ប៉ុន្តែដោយសារភោជនីយដ្ឋានដែលនាងធ្វើការ ត្រូវបានបិទទ្វារដោយសារបញ្ហាកូវីដ១៩ ទើបនាងត្រូវបង្ខំចិត្តស្វែងរកការងារនៅកន្លែងផ្សេង។
ម្តាយជនរងគ្រោះ និយាយថា៖ «វាយកយើងទៅលក់ទៅ ហើយវាដកពីហ្នឹងទៅ វាយកអាមួយទៀតទៅ។ អ៊ីចឹងបានខ្ញុំគិតថា មិនកើតទេ នៅទីនោះយូរ អ៊ីចឹងបានថា ឱបងប្អូនអើយជួយខ្ញុំផង ជួយកូនខ្ញុំផង កុំឱ្យវេទនាពេក»។
ស្នងការរងខេត្តក្រចេះ អ្នកស្រី នៅ រតនា បាននិយាយថា ករណីនេះ អាជ្ញាធរ រួមទាំងក្រសួងការបរទេសកម្ពុជា កំពុងធ្វើការស្រាវជ្រាវរកនាងនិងនាំត្រឡប់មកវិញ។ ប៉ុន្តែអ្នកស្រីបដិសេធមិនលាតត្រដាងព័ត៌មានពាក់ព័ន្ធទៅនឹងដំណើរការស៊ើបអង្កេតរកមេខ្យល់ ដោយថា នោះជាកិច្ចការសម្ងាត់របស់អាជ្ញាធរ។
អ្នកស្រី នៅ រតនា បានថ្លែងថា៖ «វាជានីតិវិធីនៃការស្រាវជ្រាវពាក់ព័ន្ធនឹងមេខ្យល់អីហ្នឹង វាជានីតិវិធីរបស់សមត្ថកិច្ច ព្រោះយើងធ្វើអត់ទាន់ហើយ អ៊ីចឹងយើងមិនអាចបើកបង្ហាញជាសាធារណៈបានទេ ថាបែបណា។ វាជាតម្រុយមួយដែលមិនល្អសម្រាប់ការងារស៊ើបអង្កេតរបស់យើង»។
លោកស្រីបន្ថែមថា ក្នុងតួនាទីជាស្នងការរងខេត្តពីឆ្នាំ២០១៦ មានមេខ្យល់ជាង១០នាក់ហើយ ដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ហើយមានជនរងគ្រោះជិត១០នាក់ដែលបានជួយសង្គ្រោះពីប្រទេសចិន។ យ៉ាងណា អ្នកស្រីមិនអាចដឹងពីចំនួនជនរងគ្រោះពីការជួញដូរផ្លូវភេទដែលមិនទាន់បានជួយសង្គ្រោះនោះទេ។
លោកស្រី នៅ រតនា បានបន្តថា៖ «នៅមានមួយចំនួនដែលកំពុងតែរងគ្រោះនៅទីនោះ ហើយយើងបាត់ដំណឹង ទាក់ទងអត់បាន។ ឥលូហ្នឹង យើងកំពុងតែស្រាវជ្រាវថា បន្ទាប់ពី២ករណីហ្នឹងហើយ យើងនឹងរកមើលករណីចាស់ៗណាដែលអត់ទាន់ជួយសង្គ្រោះបាន»។
តាមរយៈសារលើទំព័រ Facebook មួយបង្ហោះកាលពីថ្ងៃសៅរ៍ ឱ្យដឹងថា ដោយស្រ្តីរងគ្រោះដែលត្រូវមេខ្យល់បោកយកទៅលក់កាលពី២ឆ្នាំមុន បានអំពាវនាវឱ្យអ្នកដែលបានឃើញសាររបស់នាងជួយចែករំលែកសារនោះ ដើម្បីឱ្យបញ្ហារបស់នាងជ្រាបដល់ក្រុមសិទ្ធិមនុស្សនិងអាជ្ញាធរ។
នាងរៀបរាប់ក្នុងសារសរសេរថា៖ «ពេលនេះ ខ្ញុំរងសម្ពាធខ្លាំងណាស់ ត្រូវគេបិទសេរីភាព ហើយគេបង្ខំឱ្យមានកូនឱ្យគេឱ្យឆាប់ទៀត»។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍ថា ករណីជួញដូរផ្លូវភេទលើស្ត្រីខ្មែរទៅកាន់ប្រទេសចិន បានកើតឡើងតាំងពីមុនឆ្នាំ២០១០ ក្រោមរូបភាពអាពាហ៍ពិពាហ៍ឆ្លងដែន ប៉ុន្តែក្រោយមក មានការរឹតបន្តឹង ក្រុមមេខ្យល់បានប្តូរយុទ្ធសាស្ត្រឆបោក ដោយបញ្ជូនស្រ្តីរងគ្រោះតាមផ្លូវគោកឆ្លងកាត់ប្រទេសវៀតណាមវិញ។
បើតាមមន្ត្រីសិទ្ធិមនុស្សរូបនេះ មានស្ត្រីកម្ពុជារាប់ពាន់នាក់ កំពុងធ្លាក់ខ្លួនជាទាសករផ្លូវភេទបុរសចិន ដោយលោកថា កម្ពុជា ជាប្រទេសគោលដៅរបស់បណ្តាញជួញដូរមនុស្ស ដោយសារភាពក្រីក្រ តម្លៃពលកម្មទាប និងកង្វះការអប់រំផ្សព្វផ្សាយបញ្ជ្រាបដល់គោលដៅ។
លោក មឿន តុលា មានប្រសាសន៍ថា៖ «រដ្ឋាភិបាលកម្ពុជាមានទំនាក់ទំនងល្អ ស្និទ្ធស្នាលជាមួយខាងរដ្ឋាភិបាលចិន អ៊ីចឹងបើសិនជាយកបញ្ហាហ្នឹងមកនិយាយ ហើយយើងបន្ថែមបុគ្គលិកទៅដល់ស្ថានទូត ស្ថានកុងស៊ុល ដើម្បីឱ្យស្របទៅនឹងបញ្ហាអស់ហ្នឹង ហើយឱ្យមានកិច្ចសហប្រតិបត្តិការមួយ មានការបើកទូលាយទៅវិញទៅមក ស្មោះត្រង់ជាមួយគ្នា ដើម្បីជួយសង្គ្រោះស្ត្រីទាំងអស់ហ្នឹង ខ្ញុំគិតថា អាចបាន»៕