អាជ្ញាធរ​​ខេត្ត​​ព្រះ​សីហនុ​ ដក​ហូត​​ឱសថ​​បំប៉ន​​សុខភាព​​ហួស​​កា​ល​ប​រិច្ឆេ​ទ​ប្រើ​ប្រាស់​៤​កុង​​ទី​ន័រ​​

ផលិតផល​ជា​ឱសថ​បំប៉ន​សុខភាព​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​សរុប​ចំនួន៤ទូ​កុង​ន័រ ស្មើនឹង៣៣០កេស ត្រូវ​បាន​មន្ត្រី​សាខា ក.ប.ប​. ខេត្ត​ព្រះសីហនុ រក​ឃើញ​និង​ដកហូត នា​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ អគ្គ.ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF​)

សមត្ថកិច្ច​ចម្រុះនិង​មន្ត្រី​ជំនាញ​ខេត្ត​ព្រះសីហនុ រក​ឃើញ​ផលិតផល​ឱសថ​បំប៉ន​សុខភាពដែល​ហួស​កា​លប​រិច្ឆេ​ទប្រើប្រាស់​ចំនួន៤ទូ​កុង​ទី​ន័រ ស្មើនឹង៣៣០កេស ដែល​មាន​ប្រភព​មក​ពីក្រៅ​ប្រទេស។

អគ្គនាយក​ដ្ឋាន​ការពារ​អ្នកប្រើ​ប្រាស់ ​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ (ក.ប.ប​) នៃ​ក្រសួង​ពាណិជ្ជកម្ម បានឱ្យ​ដឹង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃនេះ​ថា បន្ទាប់ពី​ទទួល​បានការ​ស្នើសុំ​កិច្ចសហការ​ពីសា​ខា​គយនិង​រដ្ឋាករ​កម្ពុជា មន្ត្រី​សាខា ក.ប.ប​. ខេត្ត​ព្រះសីហនុ សហការ​គ្នា​ត្រួតពិនិត្យនិង​វាយតម្លៃ​គុណភាព​ផលិតផល​ឱសថ​បំប៉ន​សុខភាពមាន​ប្រភព​មក​ពី​ប្រទេសក្រៅ​ ចំនួន៤ទូ​កុង​ទី​ន័រ របស់​ក្រុមហ៊ុន JIN HAE INVESTMENT CO​.,LTD។ 

អគ្គនាយក​ដ្ឋាន ក.ប.ប បន្ត​ថា ជា​លទ្ធ​លផល ផលិតផល​ជា​ឱសថ​បំប៉ន​សុខភាពដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​សរុប​ចំនួន៣៣០កេស ក្នុង​នោះ​មានផលិតផល OCTA​-Z ចំនួន​១២៦កេស​, CHANGE ចំនួន៤៨កេស​, YA HWANG SAM ចំនួន៩៦កេស និង GAN BO HO ចំនួន៦០កេស ត្រូវ​បាន​មន្ត្រី​សាខា ក.ប.ប​. ខេត្ត​ព្រះសីហនុ រក​ឃើញនិង​ដកហូត។

អគ្គនាយក​ដ្ឋាន ក.ប.ប បញ្ជាក់​ថា ក្រោយ​ធ្វើការ​ពិនិត្យនិង​ដកហូត​រួច សមត្ថកិច្ច​ចម្រុះបាន​កិប​សៀ​លើ​ទូ​កុង​ទី​ន័រ​ រក្សាទុក​នៅ​ទីលាន​កំពង់ផែ និង​រង់ចាំ​ម្ចាស់​ទំនិញ​ចូល​មក​ដោះស្រាយ​តាម​នី​តិ​វិធី​ច្បាប់។

វី​អូ​ឌី មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បន្ថែម​ពី​មន្ត្រី ក.ប.ប ប្រចាំ​ខេត្ត​ព្រះសីហនុ និង​តំណាង​ក្រុមហ៊ុន JIN HAE INVESTMENT CO​.,LTD បានទេ នៅ​រសៀល​ថ្ងៃសុក្រ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ