សហគមន៍មួយក្នុងខេត្តកំពង់ឆ្នាំងបារម្ភពីការបាត់បង់បឹង

ប្រជាសហគមន៍ដកប្រលឹតនៅបឹងពោធិ៍នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៥ខែធ្នូឆ្នាំ២០២០។ រូបពីប្រជាសហគមន៍

សហគមន៍អភិរក្សធនធានធម្មជាតិក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងព្រួយបារម្ភពីការបាត់បង់បឹងពោធិ៍ ជាបឹងធម្មជាតិ​មានទំហំជិត៥០ហិកតាដោយថា អាជ្ញាធរប្រគល់ឱ្យក្រុមហ៊ុនគ្រប់គ្រង។​

អ្នកស្រីអ៊ុំ សុភី ប្រធានសហគមន៍អភិរក្សធនធានធម្មជាតិ បានឱ្យដឹងថាកាលពីឆ្នាំ២០១៦ បឹងធម្មជាតិនេះត្រូវបានអាជ្ញាធរប្រគល់ឱ្យក្រុមហ៊ុនឯកជនមួយដើម្បីស្តារបាតបឹង ប៉ុន្តែក្រុមហ៊ុនបានបូមខ្សាច់​ បង្ករផលប៉ះពាល់ដល់ផ្ទៃបឹងទើបសហគមន៍ និងពលរដ្ឋបានតវ៉ាបណ្តេញក្រុមហ៊ុននោះចេញ។​ អ្នកស្រីបន្តរថា បច្ចុប្បន្នអាជ្ញាធរមានគម្រោងឱ្យក្រុមហ៊ុនថ្មីមួយមកគ្រប់គ្រងបឹងនេះ ដោយមិនបានស្នើសុំយោបល់ពីខាងសហគនម៍ឡើយ។

អ្នកស្រីបន្ថែមថា អ្នកស្រីនឹងស្នើសុំការអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី និងក្រសួងពាក់ព័ន្ធដើម្បីឱ្យប្រគល់បឹងនេះមកសហគមន៍គ្រប់គ្រងដើម្បីអភិរក្ស។

អ្នកស្រី អ៊ុំ សុភី៖«សហគមន៍ពួកខ្ញុំនឹងធ្វើលិខិតសុំអន្តរាគមន៍បន្តរទៅសម្តេចនាយករដ្ឋមន្រ្តីបន្តរទៀតដើម្បី​ឱ្យគាត់អន្តរាគមន៍កុំឱ្យលុបបឹង និងប្រគល់ឱ្យសហគមន៍ការពារកុំឱ្យទៅឯកជន។ យើងនឹងទៅក្រសួងណាដែលពាក់ព័ន្ធទាំងអស់ គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលអាចជួយពួកយើងបាន»

ប្រធានសហគមន៍អភិរក្សធនធានធម្មជាតិរូបនេះបន្តរថាបឹងបានរូមតូចបន្ទាប់ពីមានការទន្រ្ទានយកពីបុគ្គលមួយចំនួនដែលរស់នៅក្បែរបឹង។

 អ្នកស្រីបង្ហាញការព្រួយបារម្ភពីការបាត់បង់បឹងដែលអាចបង្ករជា​ទឹកជំនន់  បាត់បងជីវៈចម្រុះក្នុងទឹក និងរបរធ្វើកសិកម្មរបស់សហគមន៍​ជាដើម។

អ្នកស្រី អ៊ុំ សុភី៖«បើបឹងហ្នឹងលុបបាត់ទៅ គ្មានផ្លូវទឹកហូរគ្មានអាងស្តុកទឺក ធ្វើឱ្យភូមិនៅជុំវិញ នឹងប្រឈមការលិចលង់។ ដំណាំដែលយើងដាំក៏ដាំអត់បាន ហើយយើងពីបាកក្នុងការចិញ្ជឹមជីវិតដូចជា បឹងយើងធ្លាប់រកត្រី រកអី អញ្ជឹងបើបាត់បឹងជីវភាពរបស់ពួកខ្ញុំកាន់តែធ្លាក់ចុះ ពូជត្រីធម្មជាតិត្រូវបាត់បង់ ជីវៈចម្រុះ  ស្អីៗដែលនៅក្នុងបឹងគឺបាត់បង់ទាំងអស់  វាធ្វើឱ្យខាតប្រយោជន៍ច្រើន។»

លោករាជ សីមា​ ប្រជាសហគមន៍ រស់នៅក្នុងភូមិសូវង្ស​ និយាយថា លោកព្រួយបារម្ភពីការប្រគល់បឹងនេះទៅឱ្យក្រុមហ៊ុន និងស្នើឱ្យប្រគល់ឱ្យសហគមន៍អភិរក្សវិញ។

លោក រាជ​ សីមា​ ‌៖« ក្រុមសហគមន៍គាត់ធ្វើអភិរក្ស ដើម្បីឱ្យវាមានមេពូជ(ត្រី)គង់វង្ស ដល់ក្រុមហ៊ុនគេចេញមុខថា ស្តារហ្នឹងប៉ុន្តែមិនដឹង ស្តាររបៀបមិច វាមាននៅក្នុងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋខ្លាចតែវាបាត់បង់បឹងដែលពួកខ្ញុំខំការពារ » ។​

ឆ្លើយតបករណីនេះ អ្នកស្រីស្វាយ ​ស៊ីម ជំទប់ទី១​ឃុំតាជេស មានប្រសាសន៍ថា អាជ្ញាធរបានលើកគម្រោងដាក់ដេញថ្លៃឱ្យក្រុមហ៊ុនស្តារបឹងប៉ុណ្ណោះ ដោយមិនបានលុបបឹងនោះទេ ហើយថាមិនទាន់មានក្រុមហ៊ុនណា ដេញថ្លៃយកនៅឡើយទេ។

អ្នកស្រី ស្វាយ ​ស៊ីម៖«ពួកខ្ញុំនៅក្នុងឃុំហ្នឹងលើកគម្រោងសុំស្តារបឹងឱ្យបានជ្រៅដើម្បីយកទឹកហ្នឹងឱ្យប្រជាពលរដ្ឋសម្រាប់ធ្វើស្រែសម្រាប់ឱ្យគោ នៅរដូវប្រាំងបានផឹក មិនមែនលុបទេ។ ព្រោះគ្មានក្រុមហ៊ុនណាគេដាក់ពាក្យមកសា្តរ យើងបានដាក់ដេញថ្លៃស្តារទៅ […] ព្រោះកន្លងមកមានក្រុមហ៊ុនមួយស្តារវាអត់ទាន់បានជោគជ័យទេ យើងចង់ស្តារឱ្យបានធំ។»

ជំទប់ទី១​ឃុំតាជេស រូបនេះបន្ថែមថា អ្នកស្រីនឹងប្រគល់បឹងនេះឱ្យសហគនម៍គ្រប់គ្រងបើសិនជាមានលិខិតពីថ្នាក់លើមក។

អ្នកស្រី ស្វាយ ​ស៊ីមើ៖«ខ្ញុំអត់មានថាអីទេ ការគ្រប់គ្រងរបស់គាត់ប៉ុន្តែឱ្យគាត់មានឯកសារពីថ្នាក់លើមក ពួកខ្ញុំនៅឃុំអត់មានថា អីទេ​​បើសិនជាអត់មានឯកសារពីថ្នាក់លើថា​ឱ្យពួកគាត់គ្រប់គ្រងទេ ខ្ញុំក៍អត់ហ៊ានសម្រេចទៅតាមហ្នឹងដែរ ទាល់មានឯកសារពីថ្នាក់ស្រុកថ្នាក់ខេត្ត បានឃុំហ៊ានទទួលដែរ»។​

បើតាមប្រធានសហគមន៍អភិរក្សធនធានធម្មជាតិ ឱ្យដឹងថាបឹងពោធិ៍ជាបឹងធម្មជាតិ កើតមានតាំងពីច្រើនជំនាន់មកហើយ បឹងនេះមានទំហំ ៤៧,២២ហិកតា ដែលនៅជាប់ភូមិចំនួន៣ គឺ ភូមិសូវង្ស ភូមិឡពាង និងភូមិសំរោង ហើយមានពលរដ្ឋរាប់រយគ្រួសារបានអាស្រ័យផលពីបឹងនេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ