រដ្ឋាភិបាលត្រៀមទិញវ៉ាក់សាំងកូវីដ១៩ចំនួន១លានដូសចាក់ឱ្យពលរដ្ឋដោយឥតគិតថ្លៃ

បុគ្គលិក​បម្រើការ​ងារ​ក្រុមហ៊ុន​ដែល​មាន​ការិយាល័យ​នៅក្នុង​អគា​កា​ណា​ឌី​យ៉ា ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​ការិយាល័យ ក្រោយ​រក​មាន​អ្នក​ឆ្លង​កូ​វីដ១៩ជា​បុគ្គលិក​បម្រើការ​ងារ​នៅក្នុង​អគារ​នេះ នា​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។ (Michael Dickison​)

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសថា​រដ្ឋាភិបាល​ត្រៀមថវិការ​ដើម្បីទិញ​វ៉ាក់សាំងកូវីដ​១៩ចំនួន១លានដូស​ជាជំហានដំបូងសម្រាប់ចាក់ជូនពលរដ្ឋដែល​មានហានិភ័យខ្ពស់​ក្នុង​ការឆ្លង វីរុសនេះ​។

ការប្រកាសរបស់​លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានធ្វើឡើង ខណៈដែល​ក្រសួងសុខាភិបាល​បាន​ប្រកាស​រកឃើញ​ករណី​ឆ្លងកូវីដ១៩ក្នុងសហគមន៍កើនដល់​៣២នាក់ត្រឹម​រយៈពេល១០ថ្ងៃមកនេះ។

 នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហោះនៅលើទំព័រហ្វេសប៊ុក​របស់លោក​នាល្ងាចថ្ងៃនេះថា​លោកបាន​ប្រាប់ទៅរដ្ឋមន្រ្តីក្រសួងសុខាភិបាល និង​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​​ឱ្យ​ត្រៀមថវិការសម្រាប់​ទិញវ៉ាក់​សាំង​នេះចាក់ឱ្យ​ប្រជាពលរដ្ឋដោយមិន​យកប្រាក់។ ប៉ុន្តែបើតាម​លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន វ៉ាក់​សាំង​១លាន​ដូសដែល​ទិញ​ក្នុងជំហានដំបូងនោះនឹងត្រូវយក​ទៅចាក់ឱ្យតែមនុស្ស​ចំនួន​៥០​ម៉ឺននាក់ដែល​ធ្វើការ​នៅកន្លែងដែលមានហានិភ័យខ្ពស់​ និងអ្នកដែលមានហានិភ័យ​ក្នុងការឆ្លង​កូវីដ១៩តែប៉ុណ្ណោះ ដោយ​លោក​ថាម្នាក់ត្រូវចាក់២ដង។

ទោះយ៉ាងណាក្តីលោកនាយករដ្ឋមន្ត្រីថា​លោកបានណែនាំ​ដល់រដ្ឋមន្រ្តីទាំងពីរូប​ឱ្យ​ពិភាក្សា​ជាមួយ​ដៃគូរអភិវឌ្ឍន៍​ដើម្បីទទួលបាន​ជំនួយបន្ថែម​ដើម្បីទិញវ៉ាក់សាំងនេះ។

លោកបានសរសេរបន្តថា៖«យើងសង្ឃឹមថាដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ប្រជាជនយើងឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យឱ្យយើង។ ខ្ញុំក៏បានណែនាំ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ២ទៅ៣លានដូសថែមទៀតផងដែរសម្រាប់ដំណាក់កាលបន្ទាប់»។

លោក​នាយករដ្ឋមន្រ្តី​មិនទាន់​បញ្ជាក់ថា​វ៉ាក់សាំងនោះនឹងត្រូវទិញពីក្រុមហ៊ុនណានោះទេ ដោយ​លោក​ថា​រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​នឹង​ជជែកជាមួយ​ដៃគូអភិវឌ្ឍន៍ពិសេស​អង្គការសុខភាព​ពិភពលោក ដើម្បីកំណត់ថាតើគួរទិញវ៉ាក់សាំងពីប្រទេសណា។

ក្នុងរយៈពេល​ប៉ុន្មានសប្តាហ៍ចុងក្រោយនេះក្រុមហ៊ុនមួយចំនួន​ដែលមានមូលដ្ឋាននៅអាមេរិក អង់គ្លេស និង​​រុស្ស៊ីជាដើម​​បាន​បញ្ជាក់ពី​ប្រសិទ្ធិភាព​នៃវ៉ាក់សាំងកូវីដ​១៩រៀងៗខ្លួន​ ហើយ​ប្រទេស​មួយ​ចំនួន​ក៏បានបញ្ជាទិញ​រួចរាល់​ហើយដែរ។ ក្រុមហ៊ុន​Pfizer របស់អាមេរិកថាវ៉ាក់សាំង​របស់​ខ្លួន​មានប្រសិទ្ធិភាពរហូតដល់៩៥% ខណៈAstraZeneca ដែល​ជាក្រុមហ៊ុន​ឱសថ​អង់គ្លេស​-ស៊ុយអែតមានប្រសិទ្ធិភាព​៧០%។ ចំណែក​វ៉ាក់សាំងរបស់​ក្រុមហ៊ុន​អាមេរិកមួយទៀតឈ្មោះ​Moderna ក៏បានប្រកាសថាប្រសិទ្ធិភាពវ៉ាក់សាំងខ្លួន​មាន​៩៤,៥% ចំណែក​ឯSputnik V របស់រុស្ស៊ី​ថាវ៉ាក់សាំង​របស់គេមានប្រសិទ្ធិរហូតដល់៩២%ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ