ក្រសួង​អំពាវ​នាវ​ដល់​ពលរដ្ឋ​កុំ​ជឿ​ពាក្យ​​ចចាម​អារ៉ាម​ពី​ការ​ព្យាបាល​ជំងឺ​​កូវីដ​១៩​​ដោយ​ខ្លួន​ឯង​

ក្រុម​មនុស្ស​ពាក់ព័ន្ធ​ឈរ​មុខ​ហាង​លក់​សម្លៀកបំពាក់ រង់ចាំ​ការ​ត្រួតពិនិត្យ​ពី​ក្រុម​អ្នកជំនាញ​និង​មន្ត្រី​សុខាភិបាល ក្រោយ​មាន​ករណី​រាតត្បាត​កូ​វីដ១៩នៅ​ទីតាំង​ហាង ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល អំពាវនាវដល់​​ប្រជា​​ពលរដ្ឋបន្ត​​​អនុវត្តវិធានសុខាភិបាលឱ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បីការពារ​ការឆ្លងជំងឺកូវីដ១៩ និង​​ត្រូវ​ចៀសវាងការ​ប្រើ​ប្រាស់វិធីព្យាបាល​ជំងឺកូវីដ១៩ដោយខ្លួន​ឯង តាមពាក្យ​ចរាមអារ៉ាមមួយចំនួនដែលបានចែករំលែកក្នុង​​បណ្តាញ​សង្គម​។​

អ្នកពាក្យនាំក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មាន​ប្រសាសន៍នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ​ថា  ក្រសួងបាននិងកំពុងស្វែងរកអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងរាលដាលបន្តទៀត។

លោកស្រីក៏បាន​​អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្តវិធានការការពារខ្លួនតាមការណែនាំ​​របស់​​ក្រសួង​សុខាភិបាល​​ឱ្យបានហ្មត់ចត់ ហើយ​​ត្រូវ​ទៅមន្ទីរពេទ្យដើម្បីធ្វើតេស្ត​​ក្នុងករណីសង្ស័យ ជាពិសេស ​មិន​ត្រូវ​​ជឿតាម​ពាក្យចចាមអារ៉ាមមួយចំនួននៅលើបណ្តាញសង្គមឡើយ។

លោកស្រី​ថា៖ «វិធីព្យាបាលកូវីដនៅផ្ទះ ផ្សំម្រេច ទឹកឃ្មុំ តែផ្ដេសតែផ្ដាស។ ​មួយទៀត រឿងពាក់ម៉ាស់ មីងប្រាប់ហើយ ​កុំឱ្យចែកចាយបន្ត វិធានការមិនមែនពាក់ម៉ាស់ហើយគ្មានមេរោគទេ។ សួរថា អ្នកពាក់ម៉ាស់រាល់គ្នាសួរថា ពាក់ត្រូវបច្ចេកទេសអត់ គឺអត់ត្រូវតាមបច្ចេសទេសទេ។ បើយកតែរឿងម៉ាស់មកផ្សាយ ​អ្នកនោះពាក់ម៉ាស់អត់មានមេរោគ អត់ត្រូវទេ! មិនឆ្លង ទាល់តែអនុវត្ត​៣វិធានការរួមគ្នា»។​

លោកស្រីបាន​គូសបញ្ជាក់ពីវិធានការ​រួមគ្នាទាំង៣នោះ​ថា ត្រូវ​រក្សា​គម្លាតសុវត្ថិភាពបុគ្គលឱ្យ​បាន​ជាង​១ម៉ែត្រកន្លះ ឧស្សាហ៍លាងដៃនឹងសាប៊ូឬជែលឱ្យ​បាន​ញឹកញាប់​បំផុត​ និង​ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ នោះទើបអាចកាត់​បន្ថយជាអតិបរមានៃការឆ្លងវីរុស​កូវីដ​១៩​។

អ្នកគ្រប់គ្រងកម្មវិធីនៅមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក ហេង គីម​ហុង បាន​​ជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ អនុវត្តទៅតា​ម​វិធានការ​ការពារខ្លួន​ពីការឆ្លងជំងឺកូវីដ១៩ ដែលផ្សព្វផ្សាយដោយក្រសួងសុខាភិបាល ជាជាង​ជឿតាមពាក្យចចាមអារ៉ាមក្នុងបណ្តាញសង្គម​។

លោកថា៖ «ខ្ញុំយល់ថា ព័ត៌មានដែលចេញដោយក្រសួងសុខាភិបាល យើងអាចចាត់ទុកថាជាព័ត៌មានផ្លូវការឬច្បាស់ការណ៍បំផុត ដោយសារ​ព័ត៌មានចេញដោយស្ថាប័នសាធារណៈ ដែលទទួល​លើមុខងារសុខាភិបាលខ្ពស់បំផុតនៅកម្ពុជា»។

ដោយឡែក ចំពោះទីតាំងដែលអ្នកជំងឺកូវីដ១៩ទៅ អ្នកនាំពាក្យ​​ក្រសួងសុខាភិបាល នៅពុំទាន់អាចបញ្ជាក់ពីតួលេខ​បាននៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា ទីតាំងដែលអ្នកជំងឺកូវីដ១៩ទៅ នឹងត្រូវបិទមួយរយៈ ដើម្បី​ស្វែងរកអ្នកពាក់ព័ន្ធ និងបាញ់ថ្នាំសម្លាប់មេរោគ។

ក្រោយពីបាន​រកឃើញមានការ​ឆ្លង​ជំងឺកូវីដ​១៩ ចូលសហគមន៍ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា រាជរដ្ឋា​ភិបាល បាន​ណែនាំ​ឱ្យ​បិទទីតាំងមួយចំនួនជាបណ្តោះអាសន្ន​ ដូចជា ផ្សារទំនើបអ៊ីអនម៉ល, សណ្ឋាគារភ្នំពេញ, អគារកាណាឌីយ៉ា, ធនាគារ កាថេ​ យូណៃធីត, ហាងលក់សម្លៀកបំពាក់ Pedro, ហាងលក់សម្លៀកបំពាក់ Zendo, ហាង Carl’s Jr Burger និង​ទីតាំង​មួយចំនួន​ទៀត។

តែយ៉ាងណា ទីតាំង​​ផ្សារទំនើបអ៊ីអនម៉ល សណ្ឋាគារភ្នំពេញ និងទីតាំងមួយចំនួន​ទៀត ត្រូវ​បាន​រដ្ឋាភិបាល​អនុញ្ញាតឱ្យ​បើកឡើងវិញ ខណៈទីតាំងផ្សេងទៀតនៅមិនទាន់​អនុញ្ញាតឱ្យ​បើកឡើងវិញនៅឡើយ។

នៅថ្ងៃនេះដែរ ក្រសួងសុខាភិបាលបានជូនដំណឹងទៅម្ចាស់អគារកាណាឌីយ៉ា ថាអគារមួយនេះ នឹង​ត្រូវ​បិទ​រហូត​ដល់ថ្ងៃទី១៧ ខែធ្នូ ដោយសារ​បុគ្គលិកធនាគារ​​ចិន​ម្នាក់ដែល​វិជ្ជមាន​វីរុស​កូវីដ​១៩ បាន​ប្រើប្រាស់​ជណ្តើរយន្ត​រួមគ្នានៅក្នុងអគារនេះ។

ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃនេះ ក៏​បាន​សម្រេច​​​ឱ្យផ្អាកការចេញ-ចូលបំពេញការងារជា​បណ្តោះអាសន្នរបស់​មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនា​គារ នៅតាមអគ្គនាយកដ្ឋាននិងអង្គភាពនានាដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួង​​មហាផ្ទៃ ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ រហូតដល់មានការជូនដំណឹងជាថ្មី។

ការបញ្ជាឱ្យផ្អាកនេះ ធ្វើឡើងក្រោយពីលោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលមានជំងឺ​​កូវីដ១៩ បានចូលរួមប្រជុំជាមួយរដ្ឋមន្ត្រី និងមន្ត្រីក្រសួងផ្សេងទៀត​​ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ខណៈបច្ចុប្បន្នក៏មានមន្ត្រីធ្វើការនៅក្នុងក្រសួងមហាផ្ទៃមួយចំនួនបាន​ឆ្លងជំងឺ​កូវីដ១៩នេះដែរ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍ថា គិតចាប់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា មកដល់ថ្ងៃទី៧ ខែធ្នូ​ ឆ្នាំ២០២០ អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដែលទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា មានចំនួន ៤៤ នាក់។

​លោក ឃួង ស្រេង បាន​អំពាវនាវឱ្យអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះទាំងអស់ បើខ្វះលទ្ធភាពក្នុង​ការធ្វើ​ចត្តា​ឡីស័ក អាចទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា​ ខណៈបច្ចុប្បន្នអាជ្ញាធរ​និងក្រសួងសុខាភិបាល បាននិងកំពុងរៀបចំទីតាំង​ផ្សេងទៀតដើម្បីត្រៀមទុកផងដែរ។

លោកថា៖ «​ដូចថា គាត់គ្មានលទ្ធភាពក្នុងការធ្វើចត្តាឡីស័ក​ ហើយគាត់ជាជំហរអ្នករកស៊ី​សម្រាប់គ្រួសារប្រចាំថ្ងៃ ​អ៊ីចឹងបានឧបត្ថម្ភដល់គ្រួសារទៀត​ក្នុងរយៈពេលធ្វើចត្តាឡីស័ក [១៤ថ្ងៃ] ​៣០ម៉ឺន​រៀល ហើយអាជ្ញាធរយើងពិនិត្យថែមពីលើទៀតថា ៣០ម៉ឺនរៀល គ្រាន់ឬមិនគ្រាន់ ​យើងចែកជាអង្ករឬ​ម្ហូបអាហារបន្ថែមទៀត ដើម្បីជួយដល់គាត់និងគ្រួសារគាត់ បើគាត់ជា​អ្នកទ្រទ្រង់គ្រួសារ»។

ក្រសួងសុខាភិបាល នៅថ្ងៃនេះ ក៏បាន​យកសំណាករបស់​​​មន្រ្តីក្រសួងមហាផ្ទៃ ចំនួន១ ៥៤៤​នាក់ ទៅ​ពិនិត្យរកវីរុសកូវីដ១៩ ជាលើកទី២ផងដែរ ប៉ុន្តែលទ្ធផលយ៉ាងណានោះនៅមិនទាន់បញ្ជាក់នៅឡើយ។

សម្រាប់នៅថ្ងៃស្អែកវិញ ក្រសួងក៏បានបញ្ជាក់ពីទីតាំងមួយចំនួនដែលត្រូវ​​យកសំណាក​លើកទី២ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោល​ ដូចជា នៅផ្ទះលោក​ ហេង សំរិន ប្រធានរដ្ឋសភា, ផ្ទះលោក​ ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, រដ្ឋសភា, ទីតាំងអង្គភាពភីឡតបន្ទាយទួលក្រសាំងសម្រាប់ក្រុមភីឡត និងក្រុមអង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ពហុកីឡដ្ឋានជាតិអូឡាំពិក (សម្រាប់ពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់និងប្រយោល)។

បើតាមក្រសួងសុខាភិបាល គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបាន​យកសំណាកអ្នកប៉ះពាល់​ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទៅធ្វើតេស្ត​ ចំនួន ១១ ៣០៥​ សំណាក ក្នុងនោះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣២នាក់ ដែលបច្ចុប្បន្នកំពុងសម្រាក​ព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត និងមណ្ឌលសុខភាពចាក់អង្រែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ