នាយក​​រដ្ឋ​មន្ត្រី​​បញ្ជាក់​​ឡើង​វិញ​​ថា​ មិន​​ដាក់​​ប្រទេស​​ក្នុង​​គ្រា​អាសន្ន​​នា​​ពេល​នេះ​​ទេ​​

នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ (ជន ចាន់រ៉ែន)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ឡើងវិញ​ថា រដ្ឋាភិបាល​នឹង​មិន​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ទេ ដោយ​លោក​ថា វិធានការ​នេះ​ប៉ះពាល់​ធំ​ពេក​ដល់​វិស័យ​សេដ្ឋកិច្ចនិង​ជីវភាព​រស់​នៅ​របស់​ប្រជាជន។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បែបនេះ​នៅក្នុង​សារ​របស់​លោក ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាលពី​រសៀល​ម្សិលមិញ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ព្រឹកមិញ ខ្ញុំ​បាន​និយាយ​ដល់​ការ​ត្រៀម​បម្រុងទុក​នូវ​លិខិត​នានា ដើម្បីនឹង​សុំ​ព្រះរាជ​ក្រឹត្យ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន។ ក្នុង​ពេល​ជាមួយគ្នា ខ្ញុំ​ក៏បាន​បញ្ជាក់​ថា ខ្ញុំ​មិន​ចង់ទៅ​ដល់​ចំណុច​នេះ​ទេ ព្រោះ​វា​ប៉ះពាល់​ធំ​ពេក​ដល់​សេដ្ឋកិច្ចនិង​ជីវភាព​ប្រជាជន ដែល​ខ្ញុំ​ស្នើសុំ​ឱ្យ​មានការ​ចូលរួម​ពី​ប្រជាជន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​កូ​វីដ១៩ជំនួស​វិញ»។

មេដឹកនាំ​រូប​នេះរំឭក​ថា ពេញមួយថ្ងៃ​ម្សិលមិញ កា​របំ​ផ្លើសនា​នា​បាន​កើតឡើង​ថា រដ្ឋាភិបាល​នឹង​បិទ​ប្រទេសឬបិទ​រាជធានី​ភ្នំពេញ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃខាងមុខ​នេះ និង​ខ្លះទៀត​បំផុស​ឱ្យ​មនុស្ស​ទិញទំនិញ​ត្រៀម​ទុក។

លោក​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​នឹង​មិន​មានការ​ស្នើសុំ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ទាំងមូលឬមួយ​ផ្នែក​ណា​នោះ​ឡើយ ហើយក៏​នឹង​មិន​មានការ​ចេញ​បទ​បញ្ជា​ឱ្យ​បិទ​រាជធានី​ភ្នំពេញ ដូច​ការឃោសនា​ភូត​កុហក​របស់​ជន​អាក្រក់​នោះ​ដែរ។

ក្រៅពី​នេះ លោក ហ៊ុន សែន ក៏បាន​អំពាវនាវ​ផង​ដែរ​ទៅដល់​ប្រជាពលរដ្ឋ​ឱ្យ​ស្ងប់ស្ងាត់ កុំ​ភ័យ​ស្លន់ស្លោ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាលក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​កូ​វីដ១៩ តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​បណ្ឌិត យ៉ង សំាង​កុមារ មានប្រសាសន៍​ថា ការ​បញ្ជាក់​ជំហរ​របស់រដ្ឋាភិបាល វា​ដូចគ្នា​ទៅ​នឹង​អ្វី​ដែល​លោក​ធ្លាប់​បាន​បញ្ចេញ​យោបល់​លើ​បណ្តាញ​សង្គម​ថា ពេលនេះ​មិនទាន់​ចាំបាច់​មានការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ទេ ខណៈ​ក្រសួងសុខាភិបាល​នៅ​មានលទ្ធភាព​សង្គ្រោះ រី​ឯពលរដ្ឋ​បាន​ចូលរួម​អនុវត្ត​វិធាន​បង្ការ​របស់​រដ្ឋាភិបាល ​ដូចជា​ពាក់​ម៉ាស់​ជាដើម​នោះ។

លោក យ៉ង សាំង​កុមារ រៀបរាប់​ថា៖ «អ៊ីចឹង​ហើយ ខ្ញុំ​ចង់​បញ្ជាក់​ថា មុននឹង​រដ្ឋាភិបាល​សម្រេច​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន គឺ​គេ​មាន​មូលដ្ឋាន​គ្រឹះ​ក្នុង​ការសម្រេច​ចិត្ត​កុំឱ្យ​យើង​ផ្អើល​ចលាចល​អី​ផ្សេង​ៗ និង​មួយទៀត ក៏​ខ្ញុំ​ចង់​បញ្ជាក់​ពី​ជំហរ​របស់ខ្ញុំ​ដែរ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន បើសិនជា​អ៊ីចឹង​មែន ដូច​របាយការណ៍​របស់ក្រ​សួង​សុខាភិបាល វា​មិនទាន់​ចាំបាច់​ដាក់​ប្រទេស​ក្នុង​គ្រា​អាស​ន្ន​ទេ»។

លោក យ៉ង សាំង​កុមារ បាន​សរសេរ​សារ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក​ថា តាម​របាយការណ៍និង​វិធានការ​របស់ក្រ​សួង​សុខាភិបាល​កន្លងមក កម្ពុជា​អាច​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​កូ​វីដ១៩បាន សំខាន់​ពេលនេះ គឺ​ក្រសួង​ត្រូវ​បន្ត​បង្កើន​ការ​ធ្វើតេស្ត​អ្នក​សង្ស័យ​ ហើយ​គ្រប់គ្រង​ការនាំចូល​ឱ្យ​បាន​ល្អ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ និយាយ​ថា បើ​ដូច​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​មែន វា​បាន​បញ្ចៀស​ហានិភ័យ​អ្នកមាន​មុខរបរ​តូចតាច។

លោក​ថា ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ចំ​ពេល​ដែល​រដ្ឋាភិបាល​មិនទាន់​មានលទ្ធភាព​ផ្គត់ផ្គង់​ជីវភាព​ពលរដ្ឋ​នៅឡើយ​នោះ លោក​គូសបញ្ជាក់​ថា អ្នក​ដែល​ដាច់​បាយ​ស្លាប់​មុនគេ គឺ​អ្នក​ក្រីក្រ​ដែល​រកចំណូល​បាន​តិចតួច​ ជាង៨០ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​សរុប​ដែល​ប្រកប​មុខរ​បរសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ។

លោក វន់ ពៅ ប្រាប់​ថា៖ «ដូច​ពួក​យើង​ក្រៅ​ប្រព័ន្ធ​នេះ [រដ្ឋាភិបាល​] មិនទាន់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ផង យើង​ដាច់​បាយ​បណ្តើរ​ៗហើយ។ ចុះ​ទម្រាំ​ដាក់​ក្នុង​ភាព​អាសន្ន​ទៀត យើង​រឹតតែ​ធ្ងន់។ អាហ្នឹង​ធ្វើ​ឱ្យ​ពួក​យើង​ដែល​រដ្ឋ​មិនទាន់​ផ្តល់​ប្រយោជន៍​នៃ​កិច្ច​គាំពារ​សង្គម​ក្នុង​ស្ថានភាព​ហានិភ័យ​ហ្នឹង មិនបាន​ហើយ បើ​ដាក់​ទៀត វា​រឹតតែ​ធ្ងន់​ទៀត វា​ធ្វើ​ឱ្យ​យើង​ដាច់​បាយ​ស្លាប់​តែម្តង»។

មួយវិញទៀត​ លោក​ថា ព្រឹត្តិ​ការណ៍២៨វិច្ឆិកា ហាក់​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ភ្នំពេញខ្វល់ខ្វាយ​ជាង​មុន ដែល​ថា មាន​អ្នក​ពាក់​ម៉ាស់​ស្ទើរតែ៩០ភាគរយ​នៅ​តាម​ដងផ្លូវ ហើយ​ថា អ្នក​រត់​កង់​បី​ខ្លះ ទោះ​រកចំណូល​បាន​តិច​ជាង​មុន ក៏​ទិញ​ម៉ាស់និង​អាល់កុល​សម្រាប់​ការពារ​ដែរ។

អ្នក​រត់​កង់៣ម្នាក់​នៅ​ខេត្តសៀមរាប លោក វឿន ភី​រ៉េ​ត និយាយ​ដែរ​ថា ទាំង​ភ្ញៀវ​ជាតិនិង​អន្តរជាតិ រួម​ទាំង​អាជីវករ​នៅ​ខេត្ត​ទេសចរណ៍​មួយ​នេះ ហាក់​មានការ​ប្រុងប្រយ័ត្ន​ព្រមគ្នា ក្រោយពី​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ១៩ជាថ្មី​ទៀត​នេះ។

លោក វឿន ភី​រ៉េ​ត ប្រាប់​ថា៖ «នៅ​ខាង​សៀមរាប យើង​ចូលរួម​ច្រើន។ នៅ​ព្រឹកមិញ​អី យើង​ពាក់​ម៉ាស់​ច្រើន។ ណាមួយ​អ្នកលក់​ដូរ​ក៏​មានការ​ប្រុងប្រយ័ត្ន​ច្រើន​ដែរ​តាម​ក្រសួងសុខាភិបាល។ នៅ​ផ្សារ​ក៏​អ៊ីចឹង​ដែរ ​ខ្លាច​ដូចគ្នា នៅពេល​យើង​ឱ្យ​លុយ​ទៅ ​គេ​បាញ់​អាល់កុល បាញ់​លើ​លុយ​ហ្នឹង»។

គិត​ត្រឹម​ម៉ោង៨ព្រឹក​ថ្ងៃនេះ មាន​មនុស្ស២នាក់​ថ្មីទៀតត្រូវ​បាន​ក្រសួងសុខាភិបាល​រក​ឃើញថា ឆ្លង​កូ​វីដ១៩ ដែល​ធ្វើ​ឱ្យ​អ្នក​ឆ្លង​ឡើង​ដល់៣២នាក់ ពាក់ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​សហគមន៍ ២៨វិច្ឆិកា។

ព្រឹត្តិ​ការណ៍ ២៨វិច្ឆិកា ក្រសួង​បាន​រក​ឃើញ​អ្នក​ផ្ទុក​កូ​វីដ១៩មុនគេ គឺ​ភរិយា​លោក ឆែម សា​វុធ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ ដែល​មកដល់​ថ្ងៃនេះ ​ក្រសួង​បាន​ធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ជាង១ម៉ឺន​សំណាក​ (១១ ៣០៥​)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ