វិភាគ​៖ អ្វី​ជា​មូល​ហេតុ​នាំ​ឱ្យ​​ឆាប់​ភ័យ​តែ​មិន​សូវ​ប្រយ័ត្ន​?​

ក្រុម​មនុស្ស​ពាក់ព័ន្ធ​ឈរ​មុខ​ហាង​លក់​សម្លៀកបំពាក់ រង់ចាំ​ការ​ត្រួតពិនិត្យ​ពី​ក្រុម​អ្នកជំនាញ​និង​មន្ត្រី​សុខាភិបាល ក្រោយ​មាន​ករណី​រាតត្បាត​កូ​វីដ១៩នៅ​ទីតាំង​ហាង ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

បញ្ហាកូវីដ១៩ ជាករណីមួយក្នុងចំណោមករណីផ្សេងទៀតដែលឆ្លុះបញ្ចាំងថា ក្នុងសង្គមបច្ចុប្បន្ន មហាជនឆាប់មានការភ័យខ្លាចឬឆោឡោពេលមានបញ្ហាកើតឡើង ប៉ុន្តែមិនសូវយកចិត្តទុកដាក់ស្វែងយល់ពីបញ្ហាទេ។​

ចាប់តាំងពីកម្ពុជារកឃើញមេរោគកូវីដ១៩ លើបុរសជនជាតិខ្មែរលើកដំបូងគេ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ចុងឆ្នាំនេះ ការប្រុងប្រយ័ត្នហាក់ប្រែប្រួល ជួនប្រុងប្រយ័ត្នខ្លាំង ជួនក៏មិនប្រុងប្រយ័ត្ន។

ក្រសួងសុខាភិបាលបានប្រើមធ្យោបាយផ្សេងៗដើម្បីផ្សព្វផ្សាយឱ្យមានការប្រុងប្រយ័ត្ន ទាំងទូរទស្សន៍ ប្រព័ន្ធអ៊ីនធឺណិត បដាតាមដងផ្លូវ និងអាជ្ញាធរប្រើឧបករណ៍បំពងសំឡេងផ្សព្វផ្សាយជាដើម។​ មួយរយៈចុងក្រោយ នៅលើផេកហ្វេសប៊ុករបស់ថ្នាក់ដឹកនាំ រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំជាប្រចាំឱ្យប្រុងប្រយ័ត្នចំពោះការឆ្លងរាលដាលមេរោគកូវីដ១៩ដែរ។​

បើទោះជាមានការផ្សព្វផ្សាយទាំងនេះក៏ដោយ ក៏ការប្រុងប្រយ័ត្នហាក់កើតឡើង១ឆាវៗដែរ។ ក្នុងអំឡុងពេលដែលក្រសួងណែនាំឱ្យមានការប្រុងប្រយ័ត្ននេះ នៅកន្លែងជួបជុំដែលមានមនុស្សច្រើន ដូចជា តាមហាងអាហារ កន្លែងលក់គ្រឿងស្រវឹង ឬកន្លែងហាត់ប្រាណជាច្រើន គឺនៅតែមានមនុស្សច្រើន។​

ចំពោះក្លឹបកម្សាន្តដែលមានលក់គ្រឿងស្រវឹង និងកន្លែងរាំកម្សាន្ត ដែលលួចបើកល្មើសនឹងបម្រាមរបស់ក្រសួងសុខាភិបាលនោះ គឺនៅតែមានអ្នកទៅលេងច្រើន ពិសេសក្រុមយុវជន។ ពេលសមត្ថកិច្ចបង្រ្កាបបានម្តងៗ ឃាត់ខ្លួនយុវជនបានរាប់រយនាក់។​

គេមិនដឹងថា យុវជនទាំងនោះបានដឹងពីការផ្សព្វផ្សាយរបស់ក្រសួងខាភិបាល ឬដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩នេះឬអត់ទេ ប៉ុន្តែមើលទៅ ពួកគេហាក់មិនភ័យខ្លាចឆ្លងមេរោគនេះឡើយ។​

កាលពីខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលក៏បានហាមការធ្វើចរាចរណ៍ទ្រង់ទ្រាយធំក្នុងអំឡុងពេលចូលឆ្នាំ ប៉ុន្តែដោយការណែនាំនោះមិនមានប្រសិទ្ធភាព ទើបរដ្ឋាភិបាលសម្រេចដាក់កម្លាំងបិទផ្លូវមិនឱ្យមានការឆ្លងកាត់រាជធានីនិងខេត្តមួយរយៈ។​

ទាំងនេះជាការលើកឡើងពីការមិនសូវប្រុងប្រយ័ត្ន ប៉ុន្តែបើនិយាយពីការភ័យឆោឡោវិញក៏កើតឡើងបន្តបន្ទាប់ដែរ។ ក្រោយពេលរកឃើញកូវីដលើកដំបូងនៅកម្ពុជាកាលពីខែមីនានោះ មានករណីនាំគ្នាសម្រុកទិញស្បៀងអាហារ ហើយម៉ាស់និងអាល់កុលក៏ឡើងថ្លៃខ្លាំងដែរ។​

ក្រោយព្រឹត្តិការណ៍២៨វិច្ឆិកា ជាការឆ្លងរាលដាលមេរោគកូវីដ១៩នៅក្នុងសហគមន៍លើកដំបូងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវជាថ្មីឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ននិងកុំភ័យឆោឡោ។​

លោក ហ៊ុន សែន៖ «នេះជាបញ្ហាមួយដែលខ្ញុំនៅតែបន្តការអំពាវនាវ​ឱ្យយកចិត្តទុកដាក់ទៅលើម្ខាង កុំភ័យ កុំស្លន់ស្លោ ត្រូវយកចិត្តទុកដាក់លើសភាពការណ៍ដោយភាពម្ចាស់ការ តែម្ខាងទៀតត្រូវតែមានការប្រុងប្រយ័ត្ន អ្នកដែលមិនទាន់មានការពាក់ព័ន្ធកុំចូលទៅរកការពាក់ព័ន្ធ»។​

ចំពោះការភ័យស្លន់ស្លោ ក្រៅពីនាំគ្នាសម្រុកទៅទិញស្បៀងអាហារទុកនោះ ក៏មានការជឿលើការឃោសនាមិនសមហេតុផលមួយចំនួនកើតឡើងដែរ។​ ក្នុងអំឡុងខែមីនា នៅពេលដែលពលរដ្ឋកំពុងតែមានការព្រួយបារម្ភខ្លាំងនោះ មានស្ត្រីម្នាក់ផ្សព្វផ្សាយថា មានទារកទើបកើតនិយាយថា ការទទួលទានពងមាន់ស្ងោរអាចការពារមេរោគកូវីដ។

តើហេតុអ្វីទារកកើតមកប៉ុន្មានថ្ងៃ ចេះនិយាយ? តើហេតុអ្វីទទួលទានពងពាន់ ការពារកូវីដ? ហេតុអ្វីត្រូវរកទិញពងមាន់មកស្ងោរហូបបន្ទាន់ ទើបការពារកូវីដបាន?

សំនួរទាំងនេះមិនសូវមានការចោទសួរច្រើនទេ ហើយក៏មិនមានអ្នកឆ្លើយដែរ ប៉ុន្តែពលរដ្ឋនាំគ្នាសម្រុកទិញពងមាន់ស្ងោរទទួលទាន រហូតដល់កន្លែងលក់ជាច្រើនលក់ពងមាន់អស់។ ក្រោយមក សមត្ថកិច្ចក៏ឃាត់ខ្លួនអ្នកផ្សព្វផ្សាយនោះ។​

ការជឿព្រោះតែភ័យខ្លាច ជឿដោយមិនមានការពិចារណាបែបនេះ មិនមែនទើបតែលើកទី១ ករណីទទួលទានពងមាន់នេះទេ គឺកាលពីឆ្នាំ២០០៣ កាលដែលផ្ទុះឆ្លងរាលដាលជំងឺសា ក៏មានការជ្រួលច្របល់ដោយនាំគ្នាហូបបបរសណ្តែកខៀវឱ្យបានមុនម៉ោង១២យប់ ដើម្បីការពារជំងឺសា ពេលនោះក៏មានការនាំគ្នាសម្រុកទិញសណ្តែកខៀវបបរជាមួយស្ករត្នោត។​

ព្រឹត្តិការណ៍ជាន់គ្នាស្លាប់នៅកោះពេជ្រ កាលពីខែវិច្ឆិកា ឆ្នាំ២០១០ ក្នុងពិធីបុណ្យអុំទូកនោះ ក៏មានជំនឿទិញផ្លែចេកសែន ដើម្បីកុំឱ្យមានគ្រោះចង្រៃឬព្រលឹងអ្នកស្លាប់នៅកោះពេជ្រតាមលង។ ពេលនោះ ចេកមួយស្និត តម្លៃ១៥០០ ទៅ៣០០០រៀល បានឡើងថ្លៃដល់៤០ ០០០ ទៅ៦០ ០០០រៀល។ ជំនឿទាំងនេះគ្មានប្រភពនិងមូលហេតុច្បាស់លាស់ទេ គឺកើតពីការភ័យខ្លាច។​

អ្នកជំនាញផ្នែកទស្សនវិជ្ជា លោក ប៉ា ចន្ទរឿន លើកឡើងថា ការឆាប់ជឿនិងភ័យខ្លាចនេះ ជាការបង្ហាញថា ពលរដ្ឋមានបញ្ហាផ្នែកសុខភាពផ្លូវចិត្ត។ លោកបន្តថា មូលហេតុដោយសារពលរដ្ឋខ្វះព័ត៌មាន ខ្វះការយល់ដឹងជាមូលដ្ឋានសម្រាប់ការពិចារណា។​

លោក ប៉ា ចន្ទរឿង៖ «វាអាចឆ្លុះបញ្ចាំងតាមបាតុភូតសង្គមមួយចំនួនដែលយើងតែងតែឃើញ ប្រជាពលរដ្ឋយើងផ្អើលឈូឆរតាមគ្នា ក៏វាអាច ទី១ គាត់ខ្វះព័ត៌មានគ្រប់គ្រាន់ គឺនៅពេលដែលគាត់ឮព័ត៌មានអ៊ីចឹងទៅ គាត់ភ័យ គាត់ជឿតាមគេ និងទី២ វាក៏អាចមកពីគាត់ខ្វះការគិតបែបត្រិះរិះពិចារណា ឬយើងហៅថា Critical Thinking»។​

លោក ប៉ា ចន្ទរឿន លើកឡើងថា នៅក្នុងសង្គមដែលសម្បូរដោយមនុស្សមានបញ្ហាផ្លូវចិត្តច្រើននោះដំណើរការអភិវឌ្ឍសង្គមមានភាពយឺតយ៉ាវនិងជួបបញ្ហាច្រើន។

លោក ប៉ា ចន្ទរឿន៖ «ហើយបន្ថែមពីលើហ្នឹង មិនត្រឹមតែកង្វះសុខភាពផ្លូវចិត្ត និងស្មារតីចំណេះ ជំនាញ ការគិតហ្នឹងខ្សោយ វាមិនត្រឹមតែធ្វើឱ្យការងារយើងខ្សោយ វាមិនសូវមានផលទេ ប៉ុន្តែវាបង្កបញ្ហាបន្ថែមទៀតសម្រាប់សង្គមទាំងមូល។»

ការបណ្តុះបណ្តាលផ្នែកទស្សនវិជ្ជា នឹងរៀបចំឱ្យមានការផ្តល់ព័ត៌មានពិតនិងទូលំទូលាយដល់សាធារណជន។​

លោក ប៉ា ចន្ទរឿន៖ «ផ្ដល់ឱកាសនិងបង្កើតឱ្យមានបរិយាកាសដែលមានសារព័ត៌មានដែលអាចផ្ដល់ព័ត៌មានដល់ប្រជាជនយើង ឱ្យបានគ្រប់គ្រាន់ មានសុក្រឹតភាព មានឯករាជ្យ ដែលធ្វើឱ្យពួកគាត់មានទំនុកចិត្ត និងមានសុខសុវត្ថិភាពផ្លូវចិត្ត និងអាចប្រើប្រាស់ព័ត៌មានទាំងអស់ហ្នឹងទៅសម្រេចចិត្តឱ្យបានត្រឹមត្រូវ»៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ