រដ្ឋា​ភិបាល​​បាន​​ទទួល​​ថវិកា​​ជាង​៣០​លាន​​ដុល្លារ ​ពី​​សប្បុ​រស​ជន​​សម្រាប់​​ទិញ​​វ៉ាក់​សាំង​​ប្រឆាំង​​កូ​វីដ​១៩​​

ពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ក្នុង​ព្រឹត្តិ​ការណ៍២៨វិច្ឆិកា នាំគ្នា​ទៅ​ផ្ដល់​សំណាក​យក​ទៅ​ធ្វើតេស្ត នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ដឹង​ថា គិត​មកដល់​ម៉ោង​ជិត៦ល្ងាច​នេះ ថវិ​កាដែ​លបាន​មក​ពី​សប្បុរសជន​ចូលរួម​សម្រាប់​ទិញ​វ៉ាក់​សាំង​កូ​វីដ១៩ បាន​កើន​ដល់​ជាង៣០លាន​ដុល្លារ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅក្នុង​ទំព័រហ្វេសប៊ុក​របស់​លោក​ថា មកដល់ពេលនេះ (ម៉ោង​ជិត៦ល្ងាច ​ថ្ងៃទី០៨ ខែធ្នូ​) ថវិ​កាដែ​លសប្បុរសជន​ចូល​តាម​សទ្ធា​ជ្រះថ្លា ដើម្បី​ត្រៀម​ទិញ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វីដ១៩ មាន​ប្រមាណ​ជាង៣០លាន​ដុល្លារ។

លោក​ថា៖ «ស្មារតី​សាមគ្គីភាព វប្ប​ធម៌​នៃ​ការចែក​រំលែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​កូ​វីដ១៩ ក្នុងចំណោម​ប្រជាជន​កម្ពុជា​យើង មាន​ធំធេង​មហាសាល​ដែល​បាន​ក្លាយជា​ខឿន​ការពារ​សុខភាព​របស់​ប្រជា​ជនដ៏​រឹងមាំ»។

លោកនាយក​រដ្ឋមន្ត្រី បន្ត​ទៀត​ថា ដោយមាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ លោក​បានសម្រេច​បន្ថែម​គណនី​ធនាគារ​ចំនួន២បន្ថែម​ទៀត តាមរយៈ​ធនាគារ​អេ​ស៊ី​លីដា និង​ភ្នាក់​ងារ​វីង ដើម្បី​ទទួល​ថវិកា​ទាំង​ប្រាក់​រៀលនិង​ប្រាក់​ដុល្លារពី​សប្បុរសជន។

លោក​បាន​គូសបញ្ជាក់​ថា៖ «សម្រាប់​វីង​ ចំពោះ​ប្រាក់​រៀល​គឺ 9992​, ប្រាក់​ដុល្លារ​គឺ 9991។ ចំពោះ​អេ​ស៊ី​លីដា ​ប្រាក់​រៀល​គឺ 00010556999989​, ចំពោះ​ប្រាក់​ដុល្លារ​គឺ 00010556999999»។ 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​ទៀត​ថា ថវិ​កាដែ​លបាន​មក​ពី​សប្បុរសជន​នេះ នឹង​យក​ទៅ​ទិញ​វ៉ាក់​សាំង​ប្រឆាំង​កូ​វីដ១៩ ដែល​រដ្ឋាភិបាលមានបំណង​ចាក់​ជូន​ប្រជាជនឱ្យ​បាន១០លាន​នាក់ ដែល​ត្រូវការ​វ៉ាក់សាំង​រហូត២០លា​នដូស។

លោក​បន្ថែម​ថា៖ «តម្រូវការ​ចំពោះមុខ នា​ដំណាក់កាល​ទីមួយ​ ចំនួន១លា​នដូស សម្រាប់​ចាក់​ជូន៥០មុឺ​ននា​ក់ ដែល​កំពុង​បំពេញការងារ​នៅកន្លែងដែល​មាន​ហានិភ័យ និង​កំពុង​មាន​ហានិភ័យ ដែល​អាទិភាព​ផ្តល់​ជូន​គ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ នគរបាល​យុត្តិធម៌​គ្រប់​ប្រភេទ រហូតដល់​កម្មករ​បោស​សំរាម​សម្អាត​ទីក្រុង​ទីប្រជុំជន។ល។ ដែល​ត្រូវ​ទទួល​បាននៅ​ដំណាក់កាល​ទីមួយ​នេះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ